ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានច្រានចោលចំពោះការចុះផ្សាយផ្សាយថា នាយកដ្ឋានពន្ធដាបានដាក់ពាក្យប្តឹងប្រធានអង្គការអាដហុកករណីគេចវេសបង់ពន្ធផ្ទះទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ករណីនេះ ACU បានទម្លាក់ចោលការស៊ើបអង្កេត ព្រោះមិនមែនជាការសួកប៉ាន់។
យោងតាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារចុះផ្សាយនៅថ្ងៃទី ២ សីហា បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ មិនបានប្តឹងប្រធានអង្គការអាដហុក ករណីគេចវេសការបង់ពន្ធផ្ទះទៅអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ អគ្គនាយកដ្ឋានពន្ធដារចាត់ទុកការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនោះជាការបង្កូចកេរ្តិ៍ឈ្មោះដល់ស្ថាប័នរដ្ឋ។
នៅលើទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយចុះផ្សាយកាលពីម្សិលមិញ ឱ្យដឹងថា សមត្ថកិច្ចនៃអង្គភាពនេះមិនស៊ើបអង្កេតករណីលោក ធន់ សារ៉ាយ ប្រធានអង្គការសមាគមអាដហុក នោះទេ ព្រោះលោកមិនបានសូកប៉ាន់ជនណា ហើយមន្ត្រីពន្ធដារមិនបានទារសំណូក ឬទារប្រាក់អ្វីបន្ថែមនោះដែរ។
អង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមថា ប្រសិនបើលោក ធន់ សារ៉ាយ ប្រធានអង្គការសមាគមអាដហុក និងភរិយា គេចវេសបង់ពន្ធមែន វាជាបទល្មើសស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ ពោលគឺមិនមែនសមត្ថកិច្ចរបស់ ACU ទេ។
អង្គភាពនេះអះអាងថា លោក ធន់ សារ៉ាយ ពិតជាបានជួលផ្ទះរបស់ខ្លួនឲ្យទៅសមាគមអាដហុក (Adhoc) មែន ហើយបានបង់ពន្ធគ្រប់ចំនួន ដោយផ្អែកតាមប្រព័ន្ធកុំព្យូទ័រ កាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៦។
នៅលើទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ACU បានទទួលពាក្យបណ្តឹងពីបុគ្គលិក NGO កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨។
លោកស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យរបស់អាដហុក បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធថា លោកមានការសោកស្តាយ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលមិនបានជជែកដោះស្រាយផ្ទាល់ជាមួយសមាគមអាដហុក ប៉ុន្តែបែរជាប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យចាត់ការទៅលើករណីបញ្ហាជួលផ្ទះ ដែលវាមិនមែនជាករណីពុករលួយនោះ៕