en     km
en     km

កម្ពុជាស្នើចិនវិនិយោគលើផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង

Share

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើប្រតិភូធុរជនខេត្តហ៊ូណានប្រទេសចិន ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង សម្រាប់បម្រើទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ប្រទេសចិន។

ការស្នើរបស់ភាគីកម្ពុជានេះធ្វើឡើងក្នុងជំនួបមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក យ៉ាង គ័រពីង (Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណានកាលពីថ្ងៃទី០២ សីហា ម្សិលមិញ។នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

បើតាមក្រសួងពាណិជ្ជកម្ម លោក  ប៉ាន សូរស័ក្តិ បានបង្ហាញពីដំណាំដែលមានសក្តានុពលក្នុងខេត្តបាត់ដំបង រួមមាន ស្វាយ មៀន ពោត និងដំឡូងមីជាដើម។ ក្រៅពីនោះលោករដ្ឋមន្រ្តី បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានចែករំលែកនូវព័ត៌មាន​ និងទស្សន:ល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពលផ្សេងៗរបស់កម្ពុជា។

លោក យ៉ាង គ័រពីង បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបជូនអភិបាលខេត្តហ៊ូណាន និងសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image