ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភា នឹងប្រជុំគ្នា នៅម៉ោង៥ល្ងាច ថ្ងៃទី១ ខែតុលានេះ ដើម្បីកែទម្រង់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
យោងសេចក្ដីជូនដំណឹងរបស់រដ្ឋសភាចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សទាំងពីរ គឺ លោកស ខេង និងលោកសម រង្ស៊ី នឹងដឹកនាំការប្រជុំនោះ ដោយមានការចូលរួមពីក្រុងការងារចម្រុះគណបក្ស នៃគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
សូមជម្រាបថា ក្នុងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភានេះ គណបក្សសង្គ្រោះជាតិបានទាមទារមានអ្នកនាំពាក្យរដ្ឋសភា ដែលតំណាងឲ្យគណបក្សទាំងពីរ ជាជាងជាអ្នកនាំពាក្យដែលតំណាងឲ្យតែខាងគណបក្សប្រជាជនកម្ពុជា ដូចពេលបច្ចុប្បន្ន។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង ដែលជាសមាជិកម្នាក់ នៃកិច្ចប្រជុំដែរនោះ មិនអាចបញ្ជាក់បានទេថា តើក្នុងកិច្ចពិភាក្សានៅល្ងាចនេះ នឹងមានរបៀបវារៈ និយាយពីកំណែទម្រង់ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែរ ឬយ៉ាងណានោះទេ។
សូមរំឭកផងដែរថា ក្នុងការពិភាក្សាលើកំណែទម្រង់ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីសប្ដាហ៍មុន គណបក្សទាំងពីរនៅមានចំណុចខ្វែងគ្នាចំនួន៥ចំណុចទៀត ដូចជា ការហែក្បួនឃោសនាបោះឆ្នោត រយៈពេលឃោសនាបោះឆ្នោត ការលើកស្លាកគណបក្សនៅទីសាធារណៈ ទោសបញ្ញត្តិ និងការដាក់ពិន័យលើមន្ត្រីសាធារណៈ៕