អង្គការណាសា NASA (The National Aeronautics and Space Administration) គឺជាស្ថាប័នអាកាសចរណ៍វិទ្យាសាស្ត្រ និងលំហ ដែលមានទីតាំងនៅសហរដ្ឋអាមេរិកធ្វើការស្រាវជ្រាវទៅលើភពនានា និងអាកាសវេហានៅលើសកលលោក។ យានអវកាសរបស់ណាសាដែលអាចថតរូបបានខ្លួនឯងបានបញ្ចូនរូបភាពហើយត្រូវបានគេអង្កេតឃើញថាយានអវកាសនោះស្ថិតនៅពីលើវត្ថុម្យ៉ាងមើលទៅដូចរោមសត្វទន់ៗ ធ្លាក់ចុះលើផ្ទាំងថ្ម ខណៈពេលដែលវាកំពុងខួងនិងប្រមូលការពិសោធជាលើកទី៧ពីដីព្រះអង្គារឈ្មោះថា «Martian»។
តាមរយៈការស្រាវជ្រាវ និងការអង្កេតចុងក្រោយទៅលើរូបភាពក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការឆ្លើយតបរបស់ NASA បានឱ្យដឹងថាវត្ថុដែលគេមើលឃើញនៅភពព្រះអង្គារ គឺទឹករាវដែលអាចជួយទ្រទ្រង់ដល់ជីវិតបាន។ ទឹករាវហូរកាត់ផ្ទៃបុរាណដ៏យូរកាលនៅលើភពព្រះអង្គារពីមួយពេលទៅមួយពេល។ អ្នកវិទ្យាសាស្ត្រនិយាយថា ការរកឃើញដ៏សំខាន់នេះអាចឱ្យមនុស្សជាតិរស់នៅលើភពព្រះអង្គារ និងសង្ឃឹមអាចបានទៅដល់ទីនោះជាក់ជាមិនខាន។
រហូតមកដល់ពេលនេះរបកគំហើញមិនបានអះអាងថា មានជីវិតរស់នៅលើភពមួយនេះនៅឡើយទេ។ តែទោះជាយ៉ាងនេះក្ដី ពីពេលមុនមកទល់នឹងបច្ចុប្បន្នទេសភាពអាក្រក់ និងចម្លែកៗតាមរយៈការបញ្ចូនរូបភាពមកនៅតែអាចប៉ាន់ស្មានថា វាអាចផ្តល់ជម្រករស់នៅដល់ជីវិតដែលយើងមើលមិនឃើញនឹងភ្នែកផ្ទាល់។ ទឹករាវដែលមាននៅទីនោះ គឺជាប្រភេទទឹកប្រៃខ្លាំងដែលអាចឱ្យគេស្មានដឹងពីរបៀបរស់នៅរបស់ពពួកមានជីវិតដែលរស់នៅទីនោះ។
អ្នកស្រាវជ្រាវរបស់អង្គការ NASA បានបង្ហាញពីខ្សែបន្ទាត់ទឹកហូរដែលហូរចេញពីរលកពន្លឺបា្លតមកលើផ្ទៃងងឹតដែលគេសង្ស័យថាវាមានភាពតភ្ជាប់គ្នាទៅនឹងទឹករាវ។ រលកពន្លឺនោះគឺផ្សាភ្ជាប់គ្នាពីសារធាតុគីមីដើម្បីទាញយកទឹកពីបរិយាកាសភពព្រះអង្គារ Martian ដែលគេស្គាល់ថាជា «ប្រតិកម្មគីមីរលាយ»(Deliquescence)។ អ្នកវិទ្យាសាស្ត្របានបន្ថែមទៀតថា សារធាតុគីមីនោះអាចរក្សាទឹកមិនឱ្យកកបាន ទោះសិ្ថតនៅក្នុងសីតុណ្ហភាពទាប ប៉ុន្ថែវាក៏អាចជូយឱ្យទឹកមិនពុះហូរចេញពីបរិយាកាសស្តើងនៃភពព្រះអង្គារផងដែរ។
ទិដ្ឋភាពនៃរូបភាពដែល NASA បង្ហាញមើលទៅរាងងងឹតរួមជាមួយស្នាមពន្លឺផ្លេកៗដូចបន្ទាត់វារចុះវារឡើង។ នោះជាជម្រាលខ្សែទឹកហូរកាត់ទៅកាត់មកលើស្រទាប់ភពព្រះអង្គារ។អ្នកវិទ្យាសាស្ត្របញ្ជាក់ទៀតថា នោះគឺជា «ទម្រង់ទឹកដែលកំពុងហូរ»។
គេនៅមិនទាន់ច្បាស់ថាតើទឹកទាំងនោះមានប្រភពមកពីណាទេ។ គេគិតទៅដល់រូបមន្ត «ប្រតិកម្មគីមីរលាយ» អាចមកពីការរលាយពីខាងក្នុងទឹកកក ឬក៏អាចមកពីដង្ហើមទឹកមាននៅខាងក្រោម។ការរកឃើញឱ្យប្រាកដជាក់ច្បាស់នោះជាជំហានបន្ទាប់នៃបាតុភូតដ៏អស្ចារ្យដើម្បីបំបែកអាថ៍កំបាំងនេះ។ ចំនែកឯក្រុមអ្នកស្រាវជ្រាវក៏កំពុងសិក្សាលើឯកសារថ្មីៗទៀតនៅឯសមាជប្រជុំនៃទ្វីបអឺរ៉ុបលើភពព្រះគ្រោះ និងវិទ្យាសាស្ត្រនៅឯប្រទេសបារាំង។
គួរបញ្ជាក់ទៀតថា នេះមិនមែនជាលើកទីមួយនៃការសិក្សាស្រាវជ្រាវអំពីភពព្រះអង្គារនោះទេ។ គេក៏បានដឹងជាយូរមកហើយថាវាមានទឹកកកនៅតំបន់ប៉ូលខាងជើងរបស់ភពមួយនេះ ដែលស្ថិតនៅក្នុងបរិយាកាសស្តើង ហើយថ្មីៗនេះនៅពេលយប់គេឃើញមានទឹកដក់លេចចេញមក (ទម្រង់ទឹកហូរ)លើផ្ទៃរាប។ ហើយនោះក៏មិនមែនជាលើកទីមួយដែរ ដែលភពព្រះអង្គារបង្ហាញសញ្ញាណថាមានជីវិតរស់នៅលើនោះ។
អ្នកស្រាវជ្រាវលោកស្រី Mary Beth Weihelm ម៉ារី ប៉េត វេហេលម៍ និយាយថា៖ «លក្ខខណ្ឌដែលអាចរស់នៅបានលើភពព្រះអង្គារកាន់តែខិតជិត និងល្អប្រសើរជាងការគិតពីមុនមកទៀត»។ ការអាចរស់នៅបាន វាអាស្រ័យនឹងលក្ខខណ្ឌនៃកម្រិតជាតិប្រៃនិងជាតិត្រជាក់នោះយ៉ាងណា។ រីឯអ្នកជំនាញដែលសិក្សាពីរូបភាព ហើយក៏ជាអ្នកបំពាក់កាមេរ៉ារបស់យានអវកាសរបស់ NASA លោក អាល់ហ្វ្រេដម៉កអ៊ីវេន (Alfred McEwen) វិញ បាននិយាយយ៉ាងជឿជាក់ថាថ្ងៃណាមួយជីវិតរស់នៅភពព្រះអង្គារនឹងត្រូវបានរកឃើញជាក់ជាមិនខាន។ លោកបញ្ជាក់ថា៖ «វាហាក់បីដូចជាមានពពួកមានជីវិតរស់នៅកន្លែងណាមួយក្នុងស្រទាប់ព្រះអង្គារ ជីវិតដែលមិនអាចមើលឃើញនឹងភ្នែកផ្ទាល់»។
ប្រធានផ្នែកវិទ្យាសាស្ត្រផ្កាយព្រះគ្រោះប្រចាំអង្គការ NASA លោក ចីម ហ្គ្រីន (Jim Green) ដែលបានប្រកាសកាលថ្ងៃចន្ទកន្លងទៅនេះថា អង្គការ NASA ស្ថិតក្នុងគោលជំហរស្វែងរកជីវិតនៅលើភពព្រះអង្គារ។ គាត់បន្ថែមថា៖ «NASA មិនអាចឆ្លើយនឹងសំណួរដែលថាតើអាចនៅមានជីវិតរស់នៅលើភពផ្សេងទៀតដែរទេក្រៅពីភពផែនដី» ប៉ុន្តែបន្ទាប់ពីការរកឃើញថាមានទឹកដែលជាធាតុសំខាន់សម្រាប់រស់នៅទីនោះ វាជាឱកាសដែលអាចឱ្យយើងរកចំកន្លែងនៅភពព្រះអង្គារ និងបន្តតាមដានយ៉ាងម៉ត់ចត់ជាទីបំផុត៕
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ CNN