ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ននូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ព្រោះគ្រាប់ទាំងនោះ ត្រូវបានរកឃើញថា សុទ្ធសឹងតែនៅមានឥទ្ធិពលបង្កគ្រោះថ្នាក់។ ការអំពានាវរបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្របពេលដែលពលបានរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាបន្ដបន្ទាប់។
លោក លៀ ស៊ីណា រាយការណ៍ ៖
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានក្រុមអ្នកបូមខ្សាច់មួយក្រុម ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំងបានជួបប្រទះនូវគ្រាប់បែក ប្រភេទ MK82 និងនៅថ្ងៃទី០២ ខែសីហានេះ មានការរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយករណីទៀតនៅស្រុកបាធាយ ខេត្ដកំពង់ចាម។ ក្រោយពីការរកឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទាំងពីរករណីនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវផ្ដល់ព័ត៌មានដល់អង្គភាពស៊ីម៉ាក់ ឬសមត្ថកិច្ច ដើម្បីទៅយកគ្រាប់ទាំងនោះ។ ជាងនេះលោកបញ្ជាក់ថា ប្រជាពលរដ្ឋមិនត្រូវដឹកជញ្ជូនគ្រាប់ទាំងនោះ ដោយខ្លួនឯងនោះទេ ព្រោះគ្រាប់ទាំងអស់សុទ្ធសឹងតែមានឥទ្ធិពលបង្កគ្រោះថ្នាក់បាន។
តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី នៅថ្ងៃទី២ ខែសីហានេះ លោក ហេង រតនា មានប្រសាសន៍ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានទាំងកប់ក្នុងដី និងគ្រាប់ដែលទម្លាក់ពីលើយន្ដហោះ កាលពីសម័យកម្ពុជាជួបសង្គ្រាម។ លោកបញ្ជាក់ថា គ្រាប់ទាំងនោះភាគច្រើនគឺជារបស់អាមេរិក ហើយត្រូវបានទម្លាក់ច្រើននៅខេត្ដភាគកើត និងខាងត្បូងកម្ពុជា ៖«គ្រាប់ទម្លាក់ពីយន្ដហោះដែលយើងឃើញ ឥឡូវនេះដែលយើងប៉ះច្រើនជាងគេ នៅខេត្ដខាងកើត និងខាងត្បូង ដូចជាកំពង់ចាម ត្បូងឃ្មុំ អីហ្នឹង ស្វាយរៀង តាកែវ កណ្ដាល អីហ្នឹងក៏ឧស្សាហ៍ជួប»។
លោកបន្ដថា កន្លងមកមានប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់ទាំងនោះជាអន្លើ ក៏ប៉ុន្ដែគឺជាប្រភេទគ្រាប់តូចៗតែប៉ុណ្ណោះ ដោយឡែកពពួកគ្រាប់ប្រភេទធំៗ គឺកម្រឃើញមានពលរដ្ឋរងគ្រោះថ្នាក់ តែយ៉ាងណាលោកសង្កត់ធ្ងន់ថា
គ្រាប់ទាំងអស់នោះ គឺសុទ្ធសឹងតែជាគ្រាប់ដែលមានឥទ្ធិពលអាចបង្កគ្រោះថ្នាក់ បើសិនជាមានការប៉ះទង្គិច ឬប៉ះគន្លឹះរបស់គ្រាប់នោះ ៖«គ្រាប់ហ្នឹង បើនិយាយពីប្រសិទ្ធភាពគឺមិនទាន់មានការខូចខាតប្រសិទ្ធភាពអីទេ វានៅមានឥទ្ធិពលបង្កគ្រោះថ្នាក់បាន។ ប៉ុន្ដែកន្លងមកយើងមិនសូវឃើញមានការគ្រោះថ្នាក់ជាមួយគ្រាប់ធំៗហ្នឹងទេ ច្រើនតែគ្រាប់ (បាញ់តូចៗ) ព្រោះគ្រាប់ធំហ្នឹងប៉ះទៅគាត់ខ្លាចគាត់អី ឬក៏ជីកទៅវាអត់ប៉ះចំណុចដែលវាត្រូវផ្ទុះ»។
រយៈពេល ២៥ឆ្នាំកន្លងមក អង្គភាព ស៊ីម៉ាក់ ដែលជាស្ថាប័នជាតិក្នុងការដោះមីន បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះគ្រប់ប្រភេទចំនួន ២លាន ៧សែនគ្រាប់ ដែលស្មើប្រមាណ ៧២ភាគរយ នៃលទ្ធផលសរុបរួមនៅទូទាំងប្រទេស។ ផ្ទៃដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចាប់ផ្ដើមបង្កើតឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៩២ នៅក្នុងគោលបំណង ដើម្បីជួយឲ្យមានសុវត្ថិភាពដល់ការតាំងទីលំនៅថ្មី នៃគ្រួសារ ជនមាតុភូមិនិវត្ដន៍ទាំងអស់ ដែលបានវិលត្រឡប់ពីបណ្ដាជំរុំជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា-ថៃ។ ដោយសារតែបេសកកម្មការងារ ប្រកបដោយមនុស្សធម៌ និងចាំបាច់ ទើបព្រះបរមតនកោដ្ឋ ព្រះមហាវិរៈក្សត្រខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្ដលេខា លើព្រះរាជក្រឹត្យ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០១ ប្រែក្លាយមជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា ឲ្យទៅជាស្ថាប័នជាតិមួយរហូតមកដល់បច្ចុប្បន្ននេះ។
ក្រោយពីបំពេញការងារអស់រយៈពេល ២៥ឆ្នាំ ប្រកបដោយវិជ្ជាជីវៈ និងមនុស្សធម៌ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានសម្រេចផ្ដល់ក្របខ័ណ្ឌ ជូនដល់មន្ដ្រីរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទាំងអស់ឲ្យស្ថិតក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក្នុងគោលបំណង ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបសោធននិវត្ស ពីរាជរដ្ឋាភិបាល ក្រោយពេលដែលពួកគាត់ដល់អាយុចូលនិវត្ដន៍ ឬក៏ពិការខណៈដែលបំពេញការងារ។
បុគ្គលិករបស់មជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជាសរុបមានចំនួន ១៨០០នាក់ ។ បច្ចុប្បន្នបុគ្គលិកដែលកំពុងបម្រើការងារ មានចំនួនជាង ១៥០០នាក់ ហើយជាង ១០០នាក់ ជាស្ដ្រី។ បុគ្គលិកដែលចូលនិវត្ដន៍មានចំនួនជាង ២០០នាក់៕