en     km
en     km

ចិនបង្ហើរសារនយោបាយទៅបរទេសថា«មិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»ក្រោយបោះឆ្នោត

Share

Reuters​៖ មន្រ្តីការទូតចិនបានបង្ហើរសារនយោបាយទៅកាន់រដ្ឋបរទេសមួយចំនួនថា «មិនគួរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»។ សារនយោបាយរបស់មន្ត្រីទូតចិនថ្លែងទៅការរដ្ឋមន្រ្តីការបរទេសកម្ពុជានេះ ធ្វើឡើងបន្ទាប់កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ដែលរងការរិះគន់ពីប្រទេសមហាអំណាច និងសហភាពអឺរ៉ុបថាមិនមានសេរីភាព និងយុត្តិធម៌។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ សីហានេះ។

                                                                               ​លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។

 

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters​ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធទី០១ សីហា ថា សមាជិកក្រុមប្រឹក្សារដ្ឋចិនអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយភាពរលូននៅកម្ពុជា​។ ការលើកឡើងរបស់លោក វ៉ាង យី នេះធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្រៅវេទិកាក្នុងតំបន់នៅប្រទេសសិង្ហបុរី។

លោក វ៉ាង និយាយថា លទ្ធផលនៃការបោះឆ្នោតនេះបង្ហាញពីការជឿជាក់ និងការទុកចិត្តរបស់ប្រជាជនកម្ពុជានៅក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លោកបន្តថា៖«ប្រទេសចិនតែងតែគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពឯករាជ្យនិងស្ថេរភាពរបស់ខ្លួនហើយប្រឆាំងនឹងប្រទេសណាដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។ លោក វ៉ាង បន្តទៀតថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីរក្សាស្ថេរភាពនិងការអភិវឌ្ឍ។

បើតាម Reuters ​ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក ប្រាក់ សុខុន ដែលនិយាយថា ការបោះឆ្នោតនៅកម្ពុជាដែលទើបបញ្ចប់ថ្មីៗនេះ មានដំណើរការប្រកបដោយសណ្ដាប់ធ្នាប់ និងតម្លាភាព ហើយប្រជាជនកម្ពុជាបានចេញទៅបោះឆ្នោតដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

                        ពលរដ្ឋទៅបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ នៅក្នុងការិយាល័យចំរើនរដ្ឋ នៅក្នុងខ័ណ្ឌឬស្សីកែវ។

 

យោងតាមការថ្លែងរបស់លោក វ៉ាង ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា«ប្រទេសចិនគឺជាមិត្តជិតស្និទ្ធបំផុតនិងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា»។ ប្រទេសចិនត្រូវបានគេដឹងថា ជាអ្នកគាំទ្រផ្នែកការទូតនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេស កម្ពុជា។

ជាការកត់សម្គាល់ ការចេញសេចក្តីថ្លែងការណ៍របស់មន្រ្តីការទូតចិននេះ បន្ទាប់ពីបណ្តា​ប្រទេស​លោកសេរី​ជាច្រើន ​រួមមាន​សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ នូវែលសេឡង់ បារាំង អង់គ្លេសនិង​សហភាព​អឺរ៉ុប ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុក​ការបោះឆ្នោត​នៅកម្ពុជាកាលពី​ថ្ងៃ​អាទិត្យ​ថា ​មិន​មាន​ប្រជាធិបតេយ្យ គ្មាន​ការប្រកួត​ប្រជែង​ មាន​ការ​គំរាមកំហែង​ និង​ការដាក់​សម្ពាធ​ទៅ​លើ​សិទ្ធិ​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​។

ទាក់ទិនរឿងនេះដែរ ក្រសួង​ការបរទេស​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការវាយតម្លៃ​ដោយ​ «​មូលហេតុ​នយោបាយ​» របស់​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ​ដែល​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍ ប៉ុន្តែ​បែរ​ជា​ប្រកាស​ថា ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា​នេះ​មិន​សេរី និង​មិនយុុត្ថិធម៌​៕​

Share

ព័ត៌មានទាក់ទង

Image