ប្រទេសចិន បានប្រកាសថា ការបោះឆ្នោត នៅប្រទេសហ្សិមបាវ៉េដែលបានបិទបញ្ចប់ កាលពីថ្ងៃចន្ទ ទី៣០ កក្កដា បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយសន្តិភាព ដែលលទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានក្រុងប៉េកាំង ចាត់ទុកថា ត្រឹមត្រូវនឹងអាចទទួលយកបាន។
តាមសារព័ត៌មាន The Herald បានចុះផ្សាយថា គណបក្សកាន់អំណាច Zanu-PF បានកាន់កាប់អាសនៈសភា ១៤៤ ហើយ បក្សប្រឆាំង បាន ៦១អាសនៈ នៃអាសនៈសរុប ២១០ ដែលនាំអោយ បក្សZanu-PF មានលទ្ធភាព បង្កើតគណៈរដ្ឋមន្ត្រី ដោយខ្លួនគេផ្ទាល់។
នៅក្នុងការបោះឆ្នោត ប្រធានាធិបតី និងការបោះឆ្នោតសភា ប្រទេសចិនក៏បាន បញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមឃ្លាំមើលការបោះឆ្នោតនេះដែរ។ ការបោះឆ្នោតដែលចិនថាប្រព្រឹត្តទៅដោយរលូតនេះ គឺពេលនេះ កំពុងប្រឈមនឹងភាពតឹង ដោយក្រុមបក្សប្រឆាំង ដឹកនាំដោយ គណបក្ស ចលនា ប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ MDC បានដើរតវ៉ាហើយបង្កហិង្សានៅកណ្ដាលរដ្ឋធានី ហារ៉ារេ ដែលពួកគេ ចាត់ទុកលទ្ធផលបោះឆ្នោតមិនត្រូវដោយសារគណៈកម្មការបោះឆ្នោតបានពន្យារពេលការប្រកាស។ ក្រុមតវ៉ា បានចាត់ទុកថាជាល្បិចដើម្បីជួយបក្សកាន់អំណាច។ ដោយបារម្ភអំពីភាពតានតឹងនេះ ប្រទេសចិន បានទាមទារឱ្យភាគីពាក់ព័ន្ធអត់ធ្មត់ហើយ រកដំណោះស្រាយរួមមួយ។ អ្វីដែលក្រុងប៉េកាំងពីព្រួយបារម្ភនោះ គឺអាចធ្វើអោយប៉ះពាល់ មុខជំនួយរបស់ចិន ។
ប្រធានក្រុមសង្កេតការណ៍នៃប្រទេសចិន លោក Liu Guijinបានប្រាប់អ្នកសារព័ត៌មានថា ចង់ឃើញពលរដ្ឋហ្សិមបាវេ ទទួលបានផលប្រយោជន៍ ពីក្រុមហ៊ុនរបស់ចិន ដែល កំពុងមានវត្តមាននៅហ្សិមបាវេ។ លោកបារម្ភថា បើស្ថានការណ៍តានតឹង ហើយធ្លាក់ដល់ហិង្សា គឺ អាចប៉ះពាល់វិស័យសហគ្រាសរបស់ចិន ៕