ក្រោយពីសហគមន៍អន្តរជាតិ បានទម្លាក់ការរិះគន់ជាបន្តបន្ទាប់ដោយមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយ និង ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយនិងចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្មជាផ្លូវការ វាយបកវិញទៅលើប្រទេសទាំងនោះ ដោយហៅប្រទេសទាំងនោះថា ធ្វើសេចក្ដីសម្រេចមិន ឆ្លុះបញ្ចាំងស្ថានភាពជាក់ស្ដែង។
លោក លៀ ស៊ីណា រាយការណ៍៖
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងតំណាងអោយរាជរដ្ឋាភិបាល មាន កម្រាស់ជាងពីរទំព័រ ដែលតាក់តែងជាភាសាខ្មែរ តែបានបង្ហាញចំណុចសំខាន់ៗចំនួន៧ ដោយ ភាគច្រើនអះអាងថា ការប្រោះឆ្នោតនេះ ពិតជាមានភាពសេរី និងត្រឹមត្រូវជាខ្លាំង។
ខ្លឹមសារនៃចំណុចទាំង៧នៃសេចក្ដីថ្លែងការណ៍របស់ ក្រសួងក្រសួងការបរទេសមានជារួម៖
-ការបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត របស់គណបក្សនយោបាយ ទាំង២០ បានប្រព្រឹត្តទៅដោយ ភាពសេរីគ្មានការរាំងនិងហិង្សា អ្វីឡើយ។ បក្សនយោបាយខ្លះ បានប្រើប្រាសឧបរកណ៍បំពងសំឡេងមិនត្រឹមតែលើកឡើងអំពីគោលនយោបាយរបស់ខ្លួននោះទេ ថែមទាំង វាយប្រហារធ្ងន់ៗមកលើបក្សកាន់អំណាចទៀតផង។ នៅថ្ងៃបិទការឃោសនា បក្សនយោបាយទាំងអស់ បានបង្ហាញ មោទនភាព រៀងៗខ្លួនដែលបានបញ្ចេញសមត្ថភាព ដើម្បីទាក់ទាញអ្នកបោះឆ្នោត។
នៅថ្ងៃបោះឆ្នោត គឺទាំងព្រឹកពលរដ្ឋបានទៅរង់ចាំហើយស្រេចដើម្បីទំលាក់សន្លឹកឆ្នោត តាមស្មារតីនិងឆន្ទៈរបស់ពួកគេ ដោយគ្មានការគំរាមកំហែង បំភិតបំភ័យ ឬអូសទាញឡើយ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិវិញហាក់មានការភ្ញាក់ផ្អើលការណ៍ដែលពលរដ្ឋចាប់អារម្មណ៍ច្រើននឹងការបោះឆ្នោត។ ក្រោយពី បោះឆ្នោតចប់ អ្នកសង្កេតការណ៍មានការវាយតម្លៃខ្ពស់ ដោយការរាប់សន្លឹកឆ្នោត ប្រព្រឹត្តទៅរលូត ហើយអ្នកបំរើការងារបោះឆ្នោតព្យាយាម ធ្វើអោយមានភាពច្បាស់លាស់ជាខ្លាំងក្នុងរាប់សន្លឹកឆ្នោត។
-គណៈកម្មាធិការ រៀបចំការបោះឆ្នោត ទទួលបានការកោតសរសើរ ក្នុងការរៀបចំការបោះឆ្នោតនេះ ដែលប្រកបដោយវិជ្ជាជីវៈ របស់ខ្លួនធ្វើអោយការបោះឆ្នោត ប្រកបដោយភាពសេរីនិង ត្រឹមត្រូវ។
-អត្រាពលរដ្ឋចេញទៅបោះឆ្នោត អាណត្តិថ្មីនេះ គឺអ្នកបោះឆ្នោតមានរហូតដល់ទៅជាង៨២ភាគរយ គឺមានចំនួនច្រើនបើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣មានអ្នកចេញទៅបោះឆ្នោត ជិត ៧០ភាគរយ។ នេះជាការវាយតម្លៃបានពីពលរដ្ឋ បានប្រើសិទិ្ធរបស់ខ្លួនពេញលេញ។តាមរយៈលទ្ធផលនេះ មានន័យថាការបោះឆ្នោតអាណត្តិថ្មីនេះ មានភាពល្អនិងប្រកបដោយប្រជាធិបតេយ្យជាងបណ្ដាប្រទេសមួយចំនួន ដែលមិនរិះគន់ការបោះឆ្នោតនៅកម្ពុជា។
-ចំពោះសារនយោបាយ វិញ ឃើញថា បក្សនយោបាយទាំងអស់មិនបានបញ្ចេញ វោហាសាស្ត្រអសុរសប៉ះទំង្គិចជាតិសាសន៍ជ្រុងនិយម ពោលគឺភាគច្រើននិយាយតែគោលនយោបាយរបស់ខ្លួន ជាជាងបញ្ជេះ កំហឹងក្នុងអតីតកាល តែអំពីប្រទេសវៀតណាមនិងជនជាតិវៀតណាមឡើយ។
-អ្នកបោះឆ្នោតជិត៧លាននាក់ បានធ្វើការជ្រើសរើសរបស់ខ្លួន ហើយ ជាការជ្រើស រើសមួយរបស់ជាតិខ្មែរគឺជាអធិបតេយ្យភាពជាតិដែលត្រូវគោរព។
-អ្នកសង្កេតការណ៍អន្តរជាតិមាន ២២២នាក់មកពី៥២ប្រទេស ដោយមកពីក្រុមស្ថានប័ន ផ្សេងៗគ្នា។ បានធ្វើជាសាក្សីនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនិងប្រជាធិបតេយ្យពេញលេញនៃប្រទេសកម្ពុជា។
-ក្រសួងការបរទេសមានការសោកស្ដាយ ចំពោះការវាយតម្លៃដោយមូលហេតុនយោបាយ នៃរដ្ឋាភិបាលប្រទេសមួយចំនួន ដែលបានបដិសេធមិនបញ្ជួនអ្នកសងេ្កតការណ៍ ហើយបែរជាធ្វើការវាយតម្លៃថាការបោះឆ្នោតមិនបានប្រព្រឹត្តទៅដោយសេរីនិងត្រឹមត្រូវទៅវិញ។ទង្វើនេះ គឺជាមិនបានអោយតម្លៃចំពោះឆន្ទៈពលរដ្ឋកម្ពុជា ទៅវិញទេ។
សរុបសេចក្ដីទៅ គឺជាឥរិយាបថមួយធ្វើអោយប៉ះពាល់ ដល់ស្មារតីមិត្តភាពនិងសហប្រតិបត្តិការដែលត្រូវបានពង្រឹងជាយូរមកហើយ។
តែសូមជំរាបថា ប្រទេសដែលប្រតិកម្មនិងចាត់ទុកការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា ថាមិនប្រកបដោយភាពសេរីនិងត្រឹមត្រូវ ដោយសារបាត់សំឡេង បក្សប្រឆាំងដែលត្រូវបានរំលាយ មានដូចជា សហភាពអឺរ៉ុប ២៧ប្រទេស សហរដ្ឋអាមេរិក ប្រទេសបារាំង អូស្ត្រាលី ញូហ្សឺឡែន អាល្លឺម៉ង់ កាណាដា និង អង់គ្លេស៕