(ហូជីមិញ)៖ លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សៀនភុក បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិស័យកសិកម្ម ថា ប្រទេសវៀតណាមគួរតែជាប់ជាប្រទេសដែលមានវិស័យកសិកម្មឈានមុខគេ។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ នេះ លោកនាយករដ្ឋមន្រ្តីបានបន្តថា វិស័យកសិកម្មរបស់ប្រទេសវៀតណាមគឺជាវិស័យអាទិភាពដែលជួយប្រទេសខ្លួនមួយផ្នែកធំនៅក្នុងវិស័យសេដ្ឋកិច្ច។
លោកបន្តថា ពលរដ្ឋវៀតណាម ៧០ភាគរយ គឺកំពុងធ្វើការនៅក្នុងវិស័យកសិកម្ម ដែលវិស័យនេះ មានភាពជឿនលឿនជាងបណ្តាប្រទេសជិតខាង។
យ៉ាងណា លោកបានបន្តនឹងជម្រុញឲ្យមានការចូលរួមសហការពីក្រសួង និង ស្ថាប័នដែលពាក់ព័ន្ធ ដោយធ្វើយ៉ាងណាផ្សារភ្ជាប់វិស័យមួយនេះ ជាមួយនឹងបចេ្ចកវិទ្យា ដើម្បីបង្កើនល្បឿនក្លាយជាប្រទេសដែលមានសក្តានុពលលើវិស័យកសិកម្មនៅក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ថា បើយោងទៅតួរលេខរបាយការណ៍របស់ក្រសួងផែនការ និង វិនិយោគរបស់ប្រទេសវៀតណាម ក្រុមហ៊ុនប្រមាណ ៤៩ម៉ឺន ៦ពាន់ កំពុងវិនិយោគលើវិស័យកសិកម្មនៅវៀតណាម។ ផលិតផលកសិកម្មរបស់វៀតណាមនាំចេញមានតម្លៃរហូតដល់ទៅ ១ពាន់លានដុល្លារ បូករួមជាមួយនឹងវិស័យជលផល ៨ ពាន់លាន និងការនាំចេញដំណាំកសិកម្មផ្សេងទៀតមានតម្លៃប្រមាណ ១៤ ពាន់លានដុល្លារផងដែរ៕