en     km
en     km

ភូមិ​កោះ​ចិន​ ជា​ទឹកដី​សម្បូរ​ដោយ​ស្នាដៃ​ចម្លាក់​ជាងទង​របស់​ស្ត្រី​ខ្មែរ​

Share

woman-scluture-kohchen-cover
អ្នកនាង ស្រីអូន កំពុងឆ្លាក់ក្បាច់ដកស្រង់ពីក្បាច់តាមថែវប្រាសាទអង្គរក្នុងរឿង «រាមកេរ្តិ៍ » ឆ្លាក់លើផ្តិលទង់ដែង

​កណ្ដាល​៖​ នៅ​ពេល​ដែល​និយាយ​ពី​ស្នាដៃ​ចម្លាក់​ជាងទង​របស់​អ្នក​ភូមិ​កោះ​ចិន​ ស្ថិត​នៅ​ឃុំ​កោះ​ចិន​ ស្រុក​ញ​ញា​ឮ​ ខេត្តកណ្តាល​ អ្នក​ដែល​ធ្លាប់​ទៅ​ដល់​ភូមិ​ជាងទង​មួយ​នេះ​ ប្រាកដជា​ប្លែក​អារម្មណ៍​ស្ញើ​ច​សរសើរ​ពី​ទឹកដៃ​ចម្លាក់​ក្បួ​រ​ក្បាច់​ រចនា​លើ​ផ្តិល​ ថាស​ រូប​សត្វ​ សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ និង​វត្ថុ​អនុស្សាវរីយ​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត​ ដែល​ធ្វើ​ពី​លោហៈ​មាន​ស្ពាន​ ប្រាក់​ សំរិទ្ធ​ ព្រមទាំង​ទង់ដែង​ មិន​ដាច់​ពី​មាត់​ឡើយ​។​ បើ​គ្រាន់តែ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​លើ​ផលិតផល​សម្រេច​ដែល​ដាក់​តាំង​ក្នុង​ទូកញ្ចក់​ ឬ​តាំង​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​យក​មក​ពី​ភូមិ​កោះ​ចិន​ ភាគច្រើន​មនុស្ស​ពុំ​សូវ​ចាប់អារម្មណ៍​ថា​ ក្បាច់ចម្លាក់​លើ​វត្ថុ​ទាំងនោះ​ ស្ត្រី​ឬ​បុរស​ជា​អ្នក​ឆ្លាក់​នោះ​ទេ​។​ ប៉ុន្តែ​ការ​ពិត​ ក្បាច់ចម្លាក់​ជាងទង​លើ​វត្ថុ​ប្រើប្រាស់​ទាំងនោះ​ គឺ​សុទ្ធ​សឹង​ឆ្លាក់​ចេញ​ទឹកដៃ​របស់​ស្ត្រី​អ្នក​ភូមិ​កោះ​ចិន​ ស្ទើ​រទាំងអស់​។​

​ស្នូរ​សំឡេង​ដំ​ គោះ​ ដាប់​ ឆ្លាក់​ ហាក់​មិន​ដាច់​សូរ​លាន់ឮ​ខ្ទរខ្ទារ​បន្ត​ដេញ​បណ្តាក់​គ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ បាន​កំដរ​ភូមិ​កោះ​ចិន​ មិន​ឱ្យ​មាន​សភាព​ស្ងប់ស្ងាត់​ឡើយ​ រហូត​ដល់​អ្នក​ភូមិ​នេះ​ហៅ​ឈ្មោះ​ភូមិ​ខ្លួនឯង​ថា​ «​ភូមិ​ជាងទង​»​។​ គ្រាន់តែ​ចោល​ក្រសែភ្នែក​សម្លឹង​ទៅ​កាន់​ផ្ទះ​អ្នក​ភូមិ​នីមួយៗ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នៅ​ក្នុងភូមិ​កោះ​ចិន​ ឃើញ​មាន​អ្នក​ភូមិ​ស្រី​ប្រុស​កំពុង​មមាញឹក​ញាប់ដៃ​ញាប់​ជើង​នៅ​ក្នុង​កិច្ចការ​ចម្លាក់​ជាងទង​របស់​ពួក​គាត់​។​ តាម​ការ​សម្គាល់​ឃើញ​មាន​ស្ត្រី​ភាគច្រើន​នៅ​ក្នុងភូមិ​នេះ​ ចេះ​ដាប់​ ឆ្លាក់​ចម្លាក់​ជាងទង​ស្ទើរ​គ្រប់​ផ្ទះ​ទាំងអស់​។​

ក្បាច់ចម្លាក់នៅលើផ្តិលទង់ដែងក្រហម បង្ហាញពីចម្លាក់ក្នុងខ្សែរឿងរាមកេរ្តិ៍ របស់ស្ត្រីនៅភូមិកោះចិន។
ក្បាច់ចម្លាក់នៅលើផ្តិលទង់ដែងក្រហម បង្ហាញពីចម្លាក់ក្នុងខ្សែរឿងរាមកេរ្តិ៍ របស់ស្ត្រីនៅភូមិកោះចិន។

​តើ​អ្នក​ឆ្លាក់​ក្បាច់​លើ​លោហៈ​នៅ​ភូមិ​នេះ​ សុទ្ធតែ​នារី​មែន​ទេ​?​ ឆ្លើយ​នឹង​សំណួរ​ខ្លី​មួយ​នេះ​ ស្ត្រី​ជាងទង​វ័យ​ ៤៨​ ឆ្នាំ​ អ្នកស្រី​ បាំង​ ចាន់ធូ​ កំពុង​ញាប់ដៃ​ឆ្លាក់​ក្បាច់​លើ​ផ្តិល​ទង់ដែង​ក្រហម​ដាក់​នៅ​ពីមុខ​គាត់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ «​អ្នក​ឆ្លាក់​ក្បាច់​នៅ​ក្នុងភូមិ​កោះ​ចិន​តាំងពី​ដើម​មក​ភាគច្រើន​ជា​ស្ត្រី​ទាំងអស់​ ចំណែក​បុរស​មាន​តិច​ណាស់​ស្ទើរតែ​គ្មាន​ផង​។​ ប្រុសៗ​ គាត់​ពុំ​សូវ​ចូល​ចិត្ត​មក​អង្គុយ​ឆ្លាក់​ដូច​នារី​នោះ​ទេ​…​ ប្រុសៗ​បើ​ឆ្លាក់​វិញ​ អ្នកខ្លះ​ធ្វើ​បាន​ល្អ​ជាង​ស្ត្រី​ទៀត​នោះ​ តែ​បុរស​ភាគច្រើន​ជា​អ្នក​គាត់​ជំនាញ​ខាង​តម្លើង​គ្រោង​ ដំ​ ស្ល​លោហៈ​ ឆាប​…​ គេ​មិនសូវ​ចាប់អារម្មណ៍​និង​មាន​ជំនាញ​រឿង​ឆ្លាក់​ហ្នឹង​ប៉ុន្មាន​ទេ​»​។​

អ្នកស្រី បាំង ចាន់ធូ ពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC អំពីស្នាដៃចម្លាក់ជាងទង
អ្នកស្រី បាំង ចាន់ធូ ពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ WMC អំពីស្នាដៃចម្លាក់ជាងទង

​ញញឹម​បណ្តើរ​ដៃ​ឆ្លាក់​ក្បាច់​បណ្តើរ​ស្ត្រី​ជាងទង​រូប​នេះ​ បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​បុរស​មិន​ចង់​ចាប់​ជំនាញ​ជា​អ្នក​ឆ្លាក់​ចម្លាក់​ ព្រោះ​ដើម្បី​បាន​គ្រោង​ផ្តិល​ ឬថា​សម​ក​ឆ្លាក់​ ទាល់តែ​បុរស​តម្លើង​គ្រោង​ និង​ក្រឡឹង​ឱ្យ​ស្អាត​សិន​ ទើប​យក​ឱ្យ​ស្ត្រី​ឆ្លាក់​ក្បាច់​។​ ការងារ​ទាំងនោះ​ ជា​ការងារ​ធ្ងន់​មិន​អាច​ឱ្យ​ស្ត្រី​ធ្វើ​បាន​ឡើយ​។​ អ្នកស្រី​ បាំង​ ចាន់ធូ​ ក៏​បាន​និយាយ​ដែរ​ថា​ ការងារ​ចម្លាក់​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​ មិនមែន​ងាយស្រួល​សម្រាប់​ឆ្លាក់​នោះ​ទេ​ មាន​តែ​ស្ត្រី​ទេ​ដែល​អាច​ធ្វើ​ការងារ​ទាំងនេះ​បាន​។​ «​ការងារ​នេះ​ មិន​ងាយ​ធ្វើ​ទេ​ ស្ត្រី​មាន​ភាព​អំណត់​អត់ធ្មត់​ជាង​បុរស​ ហើយ​ស្ត្រី​គាត់​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​ មិន​មានចិត្ត​ឆេវឆាវ​ ហើយ​អាការ​ងារ​ហ្នឹង​បើ​មិន​អត់ធ្មត់​ធ្វើ​មិន​បាន​ទេ​»​។​

​ដៃស្តាំ​កាន់​ញ​ញួរ​ដំ​តិចៗ​តម្រឹម​មាត់​ផ្តិត​ដែល​កំពុង​ឆ្លាក់​ អ្នកស្រី​ បាំង​ ចាន់ធូ​ បាន​រំលឹក​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នកស្រី​និង​ក្រុម​គ្រួ​សារបាន​ចាប់​យក​របរ​ជាងទង​មក​ចិញ្ចឹមជីវិត​ថា​ ចាប់តាំងពី​វ័យ​កុមារ​ អ្នកស្រី​ធំធាត់​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ម្តាយ​ឪពុក​ជា​អ្នកមាន​ចំណេះ​ជំនាញ​ចម្លាក់​ជាងទង​ស្រាប់​ ក៏​មានចិត្ត​ស្រឡាញ់​ជំនាញ​នេះ​ ហើយ​ចាប់ផ្តើម​ចេះ​ឆ្លាក់​តាំងពី​ពេល​នោះ​មក​តែ​ម្តង​។​ លើស​ពី​នេះ​ មុខរបរ​ត​ជំនាន់​នេះ​ងាយស្រួល​រក​ មិន​ហត់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ស្រុក​។

«​ផ្ទះ​ផ្ទាល់ខ្លួន​ជា​សាលា​ ម្តាយ​ឪពុក​ជា​គ្រូ​ ប៉ុន្តែ​របៀប​នៃ​ការ​ឆ្លាក់​មិនមែន​កើត​ចេញពី​ការ​ស្រមើស្រមៃ​គ្មាន​ក្បួនខ្នាត​ឡើយ​ ។​ រាល់​រូបចម្លាក់​ដែល​ឆ្លាក់​ផ្តិត​ជាប់​នឹង​វត្ថុ​ប្រើប្រាស់​ដែល​ខ្ញុំ​ធ្វើ​ឡើង​ ក្បាច់​ទាំងអស់​ត្រូវ​មាន​ក្បួនខ្នាត​និង​ប្រភព​ត្រឹមត្រូវ​…​ ភាគច្រើន​យើង​ប្រើ​ក្បាច់​អង្គរ​ដើម្បី​ឆ្លាក់​…​ ហើយ​អ្នក​ដែល​រៀន​នៅ​សាលា​វិចិត្រ​ក៏​មិន​ប្រាកដ​ថា​អាច​ធ្វើ​បាន​ទាំងអស់​ដែរ​»​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកស្រី​ បាំង​ ចាន់ធូ​ ស្ត្រី​ចម្លាក់​ជាងទង​នៅ​ភូមិ​កោះ​ចិន​។​

woman-scluture-kohchen-05
អ្នកស្រី កែវ សុខខឿន កំពុងឆ្លាក់ក្បាច់ត្របកឈូកលើទម្រជើងផ្តិលទង់ដែង

​កំពុង​អង្គុយ​ឆ្លាក់​ក្បាច់​លើ​ផ្តិល​ទង់ដែង​ដាក់​លើ​កំណាត់ឈើ​ដែល​បាន​ចោះ​ជា​រង្វង់​ឱ្យ​ខូង​បន្តិច​ដើម្បី​កុំឱ្យ​ផ្តិល​រំកិល​ នៅ​ក្រោមផ្ទះ​ឈើ​របស់​ខ្លួន​អ្នក​នាង​ ស្រី​អូន​ បាន​និយាយ​ថា​ រូប​និង​ក្បាច់​ដែល​កំពុង​ឆ្លាក់​នេះ​ត្រូវ​បាន​ដកស្រង់​ចេញ​ខ្សែ​រឿង​រាមកេរ្តិ៍​ចម្លង​ចេញពី​ចម្លាក់​តាម​ជញ្ជាំង​ថែវ​ប្រាសាទអង្គរវត្ត​។​ ការ​ឆ្លាក់​ក្បាច់​នេះ​ មិនមែន​រៀបរាប់​តាម​លំដាប់លំដោយ​នៃ​សាច់​រឿង​នោះ​ទេ​ ពោល​គឺ​គេ​ត្រូវ​ដកស្រង់​តែ​វគ្គ​សំខាន់​នៃ​រឿង​យក​មក​ឆ្លាក់​តែ​ប៉ុណ្ណោះ​។​

​ជាងទង​រូប​នេះ​ បាន​រៀបរាប់​ប្រាប់​ពី​របៀប​ឆ្លាក់​របស់​គាត់​ថា​ មុន​នឹង​ចាប់ផ្តើម​ឆ្លាក់​គេ​ត្រូវ​ដាក់​ជ័រ​ស្នូល​ចូល​ទៅ​ក្នុង​គ្រោង​ផ្តិល​ដែល​តម្លើង​រួច​ ឱ្យ​ពេញ​សព្វ​។​ ជ័រ​ស្នូល​ដែល​ដាក់​ចូល​ ត្រូវ​បាន​គេ​យក​ទៅ​ស្ល​បញ្ចូល​គ្នា​ដោយ​មាន​លាយ​ដីដំបូក​ ជ័រចុង​ និង​ខ្លាញ់ត្រី​ ដើម្បី​ឱ្យ​ទន់​ស្រួល​ងាយស្រួល​ឆ្លាក់​ និង​ងាយស្រួល​យក​ជ័រ​ចេញ​វិញ​។​ បន្ទាប់​ពី​រៀបចំ​ដាក់​ជ័រ​ស្នូល​រួច​ ចាប់ផ្តើម​ឆ្លាក់​ដោយ​កាត់​ផ្ទាំង​រូប​ ឬ​ក្បាច់​ផ្សេងៗ​ ដែល​យើង​ស្រលាញ់​ ឬ​ក្បាច់​តាម​តម្រូវការ​របស់​អ្នកទិញ​មក​បិទ​លើ​ផ្តិល​ រួច​ចាប់ផ្តើម​ឆ្លាក់​ដោយ​ប្រើ​ញ​ញួរ ​​និង​ដែក​ឆ្លាក់​។​ នៅ​ពេល​យក​ជ័រ​ស្នូល​ចេញ​ គេ​ត្រូវ​យក​ផ្តិល​ ពែង​ ប៉ាន់​ កំសៀវ​ទាំងនោះ​ទៅ​ដុត​ដើម្បី​ឱ្យ​ជ័រ​ហូរ​ចេញ​ បន្ទាប់​មក​គេ​យក​វា​ទៅ​លាង​ទឹក​ធម្មតា​ ទឹក​អាស៊ីត​ រួច​សម្អាត​ម្តងទៀត​ ជ្រលក់​ទឹកមាស​ ឬ​ទឹកប្រាក់​យក​ទៅ​ហាល​ថ្ងៃជា​ការ​ស្រេច​។​

ខ្អមធ្វើពីទង់ដែកពណ៌មាននៅលើថាស ឆ្លាក់រូបប្រាសាទអង្គរវត្ត មិនទាន់ដុតយកស្នូលជ័រចេញ
ខ្អមធ្វើពីទង់ដែកពណ៌មាននៅលើថាស ឆ្លាក់រូបប្រាសាទអង្គរវត្ត មិនទាន់ដុតយកស្នូលជ័រចេញ

និយាយ​ពី​ដែក​ដែល​គេ​យក​មក​ឆ្លាក់​វិញ​ «​ដែក​ឆ្លាក់​»​ មាន​ច្រើន​ប្រភេទ​ មាន​ទំហំ​តូច​ជាង​ ឬ​អាច​ប៉ុន​ដែកគោល​ប្រវែង​មួយ​តឹក​មាន​ដូច​ជា​ ដែក​ខ្សាច់​ ដែក​ខ្សែ​ ដែក​ពងត្រី​ ដែក​ត្របកឈូក​ ដែក​បញ្ជាន់​ ដែក​ជ្រៀក​ ដែក​ផ្កា​ ដែក​ក្បាច់​ ព្រមទាំង​ដែក​បង្កង់​ជាដើម​។​ ដែក​ឆ្លាក់​មួយ​ដើម​ត្រូវ​ទិញ​ពី​ជាង​ក្នុង​តម្លៃ​ ៥​ ពាន់​រៀល​។​ ចំណែក​គ្រឿង​លោហៈ​សម្រាប់​យក​មក​ឆ្លាក់​ក៏​ត្រូវ​ទិញ​ពី​រោង​ជាង​កិន​លោហៈ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​។​ ១​គីឡូ​ទង់ដែង​ទិញ​ចូល​តម្លៃ​ ១០​ ដុល្លារ​ ឆ្លាក់​រួច​លក់​ចេញ​វិញ​ក្នុង​ ១​គីឡូ​បាន​ពី​ ៣០​ ទៅ​ ៣៥​ ដុល្លារ​ដោយ​ត្រូវ​ចំណាយពេល​ពី​ ២​ ទៅ​ ៣​ ថ្ងៃ​ទើប​ទើបបាន​ប្រាក់​ចំណេញ​ពី​ ៤​ -​ ៥​ ដុល្លារ​។​

​«​ជំនាញ​ចម្លាក់​ជាងទង​ទាំងនេះ​ ខ្ញុំ​ចេះ​ត​ពី​ម្តាយ​ឪពុក​តាំងពី​ក្មេងៗ​ ចេះ​តាំងពី​អាយុ​ប្រាំ​ ប្រាំមួយ​ឆ្នាំ​មក​ម្ល៉េះ​ ហើយ​ជិត​ ៥០​ ឆ្នាំ​មកនេះ​ ខ្ញុំ​ធ្វើ​វារ​ហូត​…​ ព្រោះ​យើង​កើតមក​ចេះ​អាហ្នឹង​ មិនដឹង​ទៅ​ធ្វើ​អី​កើត​ក្រៅពី​របរ​នេះ​។​ អ្នកស្រី​ កែវ​ សុខ​ខឿន​ បាន​បន្ត​និយាយ​បន្ថែម​ថា​៖​ «​តាំងពី​ខ្ញុំ​ដឹង​មក​នៅ​ស្រុកភូមិ​នេះ​ ខ្ញុំ​ឃើញ​តែ​គេ​ធ្វើ​ជាងទង​ មិន​មាន​ប្រកប​ធ្វើ​អ្វី​ក្រៅពី​នេះនោះ​ទេ​ ប៉ុន្តែ​ក៏​មានគ្រួសារ​ខ្លះ​ឆ្លៀត​ធ្វើស្រែ​ និង​ដាំំ​ដំណាំ​នៅ​ចម្ការ​តិចតួច​ខ្លះ​ដែរ​ មិន​អត់​ទេ​…​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ចម្លាក់​ជាងទង​នេះឯង​ ច្រើន​ជាងគេ​។​ របរ​មួយ​នេះ​មិន​ពិបាក​រក​ទេ​កាលពីមុន​ ប៉ុន្តែ​បច្ចុប្បន្ន​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ព្រោះ​មិនសូវ​មាន​គេ​ឱ្យ​តម្លៃ​»​។​

woman-scluture-kohchen-04
ស្ត្រីម្នាក់នៅភូមិកោះចិនកំពុងឆ្លាក់ក្បាច់ភ្ញីវល្លិ៍នៅលើផ្តិលទង់ដែង ដោយប្រើញញួរនិងដែកឆ្លាក់

​អ្នកស្រី​ កែវ​ សុខ​ខឿន​ បញ្ជាក់​ថា​ ការ​មិន​ឱ្យ​តម្លៃ​ស្នាដៃ​ចម្លាក់​ ការ​ធ្លាក់​ចុះ​របរ​ជាងទង​នេះ​ ដោយសារ​វត្ថុធាតុដើម​និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​ការងារ​ជាងទង​បាន​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះឡើងថ្លៃខ្ពស់​ បាន​បង្ខំចិត្ដ​អ្នក​ប្រកប​របរ​ជាងទង​ក្នុងភូមិ​កោះ​ចិន​ឱ្យ​បោះបង់​មុខរបរ​បន្ត​ជំនាន់​នេះ​ចោល​ជា​បណ្តើរៗ​ ព្រោះ​ផលិត​បាន​ ប៉ុន្តែ​លក់​ប្រាក់​ចំណេញ​តិច​ពេក​ រហូត​មិន​អាច​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួ​សារបាន​។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាងលើ​ ស្ត្រី​ទឹកដៃ​វ័យ​ចំណាស់​ផ្នែក​ចម្លាក់​ជាងទង​នៅ​ភូមិ​កោះ​ចិន​រូប​នេះ​ បាន​ប្រាប់​ពី​ក្បាច់​ដែល​គាត់​បាន​ឆ្លាក់​ថា​ មាន​ក្បាច់​ចំនួន​ ៤​ ប្រភេទ​ដែល​គេ​និយម​យក​មក​ឆ្លាក់​ មាន​ដូច​ជា​ក្បាច់​អង្គរ​ ក្បាច់​ភ្ញីទេស​ ភ្ញីភ្លើង​ និង​ក្បាច់​វ​ល្លិ៍​។​ ក្បាច់​ទាំង​អស់នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ឆ្លាក់​តូច​ ធំ​ ខ្លី​ វែង​ ទៅ​តាម​ទ្រង់ទ្រាយ​ផ្សេងៗ​តាម​ការ​និយម​ ដោយនៅ​ក្នុង​ក្បាច់​ទាំងនោះ​មាន​ក្បាច់​ដកចន្ទន៍​ ក្បាច់​ត្របកឈូក​ពេញ​ ក្បាច់​ត្របកឈូក​ចំហៀង​ ក្បាច់​គោម​ក្បាច់​ ក្បាច់​កន្ទុយ​ហង្ស​ ក្បាច់​ជរ​ និង​ក្បាច់​ពងត្រី​ជាដើម​។​

​លោកតា​ អឿ​ ស៊ន​ មាន​អាយុ​ ៨៥​ ឆ្នាំ​អាច​និយាយ​បាន​ថា​ជា​ព្រឹទ្ធាចារ្យ​ជាងទង​ក្នុងភូមិ​កោះ​ចិន​នេះ​ បាន​លើក​ឡើង​ថា​ តាំងពី​ដើម​មក​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កោះ​ចិន​នេះ​ និយម​ប្រកប​របរ​ចម្លាក់​ជាងទង​ច្រើន​ណាស់​ គ្រប់​ផ្ទះ​គ្រប់​គ្រួសារ​ទាំងអស់​តែង​ធ្វើ​មិន​ដាច់​លុះ​ថ្ងៃ​ឡើយ​ ព្រោះ​របរ​នេះ​ធ្វើ​នៅ​នឹង​កន្លែង​ មនុស្ស​ជំនាន់​មុនគេ​ឱ្យ​តម្លៃ​ស្នាដៃ​របស់​ជាង​ ហើយ​លក់​បាន​តម្លៃ​ថ្លៃ​គ្រាន់បើ​ល្មម​ចិញ្ចឹម​គ្រួ​សារបាន​យ៉ាង​ស្រួល​។​ ស្ត្រី​នៅ​ក្នុងភូមិ​ទាំងអស់​ ទាំង​ក្មេង​ ទាំង​ចាស់​សុទ្ធតែ​មាន​ជំនាញ​ចម្លាក់​ជាងទង​ទាំងអស់​ ចំណែក​បុរស​មិន​ជំនាញ​ដូច​ស្ត្រី​ បុរស​បាន​ត្រឹមតែ​ការងារ​ប្រើ​កម្លាំង​ធ្ងន់ៗ​ ដូច​ជា​តម្លើង​ ដំ​ ស្មិត​ ជាដើម​។​ «​ដោយសារ​បាន​ស្នាដៃ​ស្ត្រី​នេះ​ហើយ​ ទើប​របរ​ជាងទង​នៅ​ភូមិ​កោះ​ចិន​ល្បីឈ្មោះ​រហូត​ដល់​សព្វថ្ងៃ​»​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកតា​ អឿ​ ស៊ន​។​

ផ្តិល កំសៀវ ទៀប ពែង និងវត្ថុអានុស្សាវរីយ៍មួយចំនួនជាស្នាដៃរបស់គ្រួសារអ្នកស្រី បាំង ចាន់ធូ
ផ្តិល កំសៀវ ទៀប ពែង និងវត្ថុអានុស្សាវរីយមួយចំនួនជាស្នាដៃរបស់គ្រួសារអ្នកស្រី បាំង ចាន់ធូ
ភ្ញៀវទេសចរកំពុងដើរទស្សនា របរជាងទងរបស់អ្នកភូមិកោះចិន ឃុំកោះចិន ស្រុកញញាឮ ខេត្តកណ្តាល
ភ្ញៀវទេសចរកំពុងដើរទស្សនា របរជាងទងរបស់អ្នកភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល

​អ្នកស្រី​ គ្រី​ស​ (Crish)​ ជនជាតិ​អូស្ត្រាលី​ ជា​អ្នកទេសចរ​ទើបនឹង​ធ្វើ​ដំណើរ​ចុះ​ពី​កប៉ាល់​ដើរ​ចូល​មក​ទស្សនា​របរ​ជាងទង​របស់​អ្នក​ភូមិ​ កោះ​ចិន​ បាន​និយាយ​ថា​ អ្នកស្រី​មាន​អារម្មណ៍​រំភើប​រីករាយ​ នៅ​ពេល​បាន​មក​ដល់​ភូមិ​នេះ​ ឃើញ​អ្នក​ភូមិ​ចេះ​បង្កើត​ស្នាដៃ​ឆ្លាក់​លើ​ប្រាក់​ ស្ពាន់​ និង​លោហៈ​ផ្សេងៗ​បាន​យ៉ាង​ស្ទាត់ជំនាញ​។​ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ វ័យ​ ៦៥​ ឆ្នាំ​រូប​នេះ​និយាយ​បណ្តើរ​ភ្នែក​សម្លឹង​ទៅ​កាន់​ ស្ត្រី​កំពុង​ឆ្លាក់​បណ្តើ​រថា​៖​ «​នេះ​ជា​ជំនាញ​ល្អ​មួយ​សម្រាប់​ពួក​គាត់​ជា​ស្ត្រី​ គាត់​អាច​ជួយ​ខ្លួន​និង​គ្រួសារ​របស់​ពួកគាត់​បាន​…​ ខ្ញុំ​ចាប់អារម្មណ៍​ ហើយ​មិន​នឹក​ស្មានថា​ស្នាដៃ​ទាំងនេះ​ធ្វើ​ដោយ​ដៃ​របស់​ស្ត្រី​ទេ​ មើលទៅ​ស្អាត​…​ ខ្ញុំ​ពេញចិត្ត​ស្នាដៃ​របស់​ពួក​គាត់​»​។​

​សូម​បញ្ជាក់​ថា​ ផលិតផល​ដែល​ជាងទង​ធ្វើ​ពី​លោហៈ ​ស្ពាន់​ ប្រាក់​ សំ​រឹ​ទ្ឋ​ ទង់ដែង​ មាន​ដូច​ជា​ ផ្តិល​ ថាស​ ថូ​ ពែង​ ចាន​ ស្លាបព្រា​ រូប​សត្វ​ សម្ភារៈ​តាំង​លម្អ​មួយ​ចំនួន​ ព្រមទាំង​វត្ថុ​អា​នុ​ស្សាវ​រី​ផ្សេងៗ​ របស់​អ្នក​ភូមិ​កោះ​ចិន​ដែល​បាន​ផលិត​រួច​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​៕

Share

ព័ត៌មានទាក់ទង

Image