ភ្នំពេញ៖ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-CAM) ទទួលបានពានរង្វាន់ Ramon Magsaysay Award ដែលជារង្វាន់កិត្តិយសកម្រិតពិភពលោកមួយ។
លោក ឆាំង យុ ត្រូវបានទទួលស្គាល់ជាអ្នកសិក្សាស្រាវជ្រាវ«ការចង់ចាំនៃប្រវត្តិសាស្ត្រ ដើម្បីផ្សះផ្សាផ្លូវចិត្ត និងយុត្តិធម៌»នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ពានរង្វាន់ Ramon Magsaysay Award គឺជាឈ្មោះអតីតប្រធានាធីបតីហ្វីលីពីដែលគេចាត់ថាជាពានរង្វាន់ណូបែលសន្តិភាព។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ត្រូវបានគេទទួលស្គាល់ថាជាអ្នកឈានមុខក្នុងការថែរក្សាប្រវត្តិសាស្ត្រជូចត់បំផុតប្រែក្លាយទៅជាការអប់រំដើម្បីការផ្សះផ្សា និងដើម្បីបញ្ហាយុត្តិធម៌តាមរយៈការចងក្រងប្រវត្តិសាស្ត្រស្តីពីរបបខ្មែរក្រហមដែលបានសម្លាប់ប្រជាជនកម្ពុជារាប់លាននាក់។
លោក ឆាំង យុ មានប្រសាសន៍ថា ពានរង្វាន់នេះជារំលឹងគ្រប់ពេលវេលានៃអ្នករស់រានមានជីវិត ដើម្បីកុំឱ្យបាត់បង់ក្តីសង្ឃឹម។ លោកចាត់ទុកថា ការទទួលបានពានរង្វាន់ណូបែសន្តិភាពនេះដោយសារការផ្តល់ជំនួយកម្លាំងកាយចិត្តពីម្តាយរបស់លោក និងអ្នកម្តាយទាំងអស់ដែលរស់រានមានជីវិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក ឆាំង យុ៖ «ផ្សាភ្ជាប់ទៅនឹងរង្វាន់នឹងដោយសារខ្ញុំធ្លាប់រស់នៅហ្វីលីពិនជាជនភៀសខ្លួន ដែលខ្ញុំនិងឃើញភ្លាប់គឺម្តាយខ្ញុំមានអាយុ ៩២ ឆ្នំា ហើយម្តាយទំាងអស់ដែលឆ្លង់កាត់សម័យខ្មែរក្រហម ហើយដែលកាលនោះកូនរត់ទៅជំរុំទៅកាន់ប្រទេសផ្សេងៗដែលព្រាត់ប្រាស់គ្នា។នៅពេលដែលយើងភៀសខ្លួនពីម្តាយទៅ មានអ្នកផ្សេងគេជួយមើលថែ គេផ្តល់អាហារ ខ្ញុំនិកឃើញម្តាយខ្ញុំ ម្តាយទំាងអស់ដែលបានឆ្លងកាត់សម័យខ្មែរក្រហមដ៏លំបាកវេទនា។វាធ្វើឱ្យខ្ញុំគិតថា រំលឹងឱ្យខ្ញុំមានការដឹងគុណចំពោះអ្នកធ្លាប់ជួយយើង ជួយដល់ម្តាយខ្ញុំ ម្តាយទំាំងអស់ដែលធ្លាប់លំបាកក្នុងសម័យខ្មែរក្រហម»។
មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ទទួលបានការគាំទ្រ និងឧបត្ថម្ភពីសហរដ្ឋអាមេរិក។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សម្តែងការអប់អរសាទរចំពោះលោក ឆាំង យុ ម្ចាស់ពានរង្វាន់ Ramon Magsaysay Award ឆ្នាំនេះ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះកោតសសើរចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា។លោក ឆាំង យុ មានតួនាទីយ៉ាងសំខាន់សម្រាប់ការយល់ដឹងពីអតីតកាលរបស់ប្រទេសកម្ពុជា។នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក។
ពានរង្វាន់ Ramon Magsaysay Award បានផ្តល់ដល់អ្នកដែលជាគំរូនៃភាពសុចរិតដូចជាអភិបាលកិច្ចល្អ ភាពអង់អាចក្លាហ៊ានដល់ប្រជាជន និងឧត្តមគតិនិយមក្នុងការអនុវត្តជាក់ស្តែងក្នុងសង្គមប្រជាធិបតេយ្យ។
ឥស្សរជនកម្ពុជាយ៉ាងតិច ៦រូបទទួលបានពានរង្វាន់ Ramon Magsaysay Award ចាប់តាំងពីឆ្នាំ ១៩៩៨មករហូតដល់ ឆ្នាំ ២០១៨នេះ។ ក្នុងចំណោមនោះ លោក គល់ បញ្ញា ដែល ជានាយកប្រតិបត្តិអង្គការខុមហ្វ្រែលក៏ ទទួលបានពានរង្វាន់ Ramon Magsaysay Award ក្នុងឆ្នាំ ២០១១ ដែរ។ចំណែក លោក យ៉ង់ សាំងកុមារ បច្ចុប្បន្នជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ទទួលបានពានរង្វាន់នេះនៅឆ្នាំ ២០១២។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-CAM) នឹងទៅទទួលពានរង្វាន់នេះនៅប្រទេសហ្វីលីពិននៅខែក្រោយ៕