ភ្នំពេញ ៖ ករណីរំលោភផ្លូវភេទលើស្ដ្រី បានកើនឡើងក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៨។ មន្ដ្រី សមាគមអាដហុក ទទួលបន្ទុកផ្នែកស្ដ្រី និងកុមារ មើលឃើញថា មូលហេតុដែលនាំឲ្យអំពើរំលោភលើស្ដ្រី នៅតែបន្ដកើតមាន កត្ដាចម្បងគឺបណ្ដាលមកពីភាពសម្បូរបែបនៃប្រព័ន្ធបច្ចេកវិទ្យា។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ដ្រី និងកុមារ របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា រយៈពេល ៦ខែ ក្នុងឆ្នាំ២០១៨នេះ បើយោតាមរបាយការណ៍ ករណីរំលោភសេពសន្ថវៈ របស់ក្រសួងមហាផ្ទៃ បង្ហាញថា មានករណីរំលោភរហូតដល់ជិត ៥០០ករណី បានកើតឡើង ៖«ចំពោះករណីរំលោភយើងឃើញថា តាមរបាយការណ៍ក្រសួងមហាផ្ទៃមានការកើនឡើង នៅក្នុង ៦ខែ ដើមឆ្នាំនេះ មានរហូតដល់ជិត ៥០០ករណី ហើយខ្ញុំមើលឃើញថា ករណីរំលោភមានការកើនឡើងច្រើនបើប្រៀបធៀប ជាមួយឆ្នាំ២០១៧កន្លងមក»។
លោកស្រី បន្ដថា តាមអ្វីដែលោកស្រី ដែលជាអ្នកធ្វើកិច្ចការដោយផ្ទាល់លើការទប់ស្កាត់ករណីហិង្សាលើស្ដ្រី និងកុមារ លោកស្រីមើលថា ការហូរចូល ភាពសម្បូរបែប នៃប្រព័ន្ធបច្ចេកវិទ្យា និងប្រភេទទូរស័ព្ទទំនើប បានធ្វើឲ្យក្រុមបុរស និងកុមារដែលមិនទាន់គ្រប់អាយុ មួយចំនួន ងាយស្រួលដើម្បីស្វែងរក រឿងអាសអាភាស មកមើល នាំឲ្យមានចំណង់ផ្លូវភេទ ៖«នេះគឺជាបញ្ហាចម្បងដែលបណ្ដាលឲ្យមានបញ្ហាការរំលោភហ្នឹងកើតឡើង រហូតដល់យើងឃើញហើយ ថ្មីៗនេះនៅខេត្ដបាត់ដំបង រហូតដល់ឪពុកខ្លួនឯងនៅពេលគាត់មើលវិដេអូនេះហើយ គាត់ចាប់រំលោភកូនខ្លួនឯងរហូតដល់ ២នាក់»។
លោកស្រី សុគន្ធា បន្ដទៀតថា បញ្ហា នៃការរំលោភសេពសន្ថវៈលើស្ដ្រី និងកុមារីនេះ គឺជារឿងដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្ដទុកដាក់ និងស្វែករកវិធីសាស្ដ្រយ៉ាង ទប់ស្កាត់អ្វី ដែលជាដើមហេតុនាំឲ្យ ករណីរំលោភនៅតែកើតមាន។ ជាងនេះលោកស្រី បារម្ភថា ស្ដ្រី និងកុមារី ត្រូវបានបាត់បង់ឱកាសដើម្បីបន្ដការសិក្សា និងការចេញទៅខាងក្រៅដើម្បីប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ ព្រោះតែភូមិ ឃុំ របស់ពួកគេ គ្មានសុវត្ថិភាព ៖«បញ្ហាដែលវាកើតឡើងភាគច្រើននៅតំបន់ដាច់ស្រយាល អញ្ចឹងធ្វើឲ្យអ្នកនៅជនបទដាច់ស្រយាល ពិបាកឲ្យកូនទៅរៀន ពិបាកឲ្យកូនទៅប្រកបមុខរបរ ដូចជាឃ្វាលគោ ឬក៏ទៅច្រូតកាត់អីជាដើម»។
ករណីរំលោភនេះ មិនមែនជារឿងថ្មីនោះទេ ពោលគឺវាបានកើតឡើងស្ទើរជារៀបរាល់ថ្ងៃ ប្រសិនបើយើងងាកទៅមើលលើបណ្ដាញសង្គម និងការសែតដែលបានបោះពុម្ពផ្សាយប្រចាំថ្ងៃ។ បញ្ហា នៃការរំលោភនេះ គឺជាក្ដីកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូជា សង្គមស៊ីវិល និងពិសេសក្រុមគ្រួសារ និងស្ដ្រីខ្លួនឯងផ្ទាល់។
រាជរដ្ឋាភិបាល នាពេលកន្លងមកបានដាក់បញ្ជាឲ្យមន្ដ្រីក្រោមឱវាទ នៅមូលដ្ឋានទាំងអស់ចុះអប់រំពីករណីរំលោភផ្លូវភេទនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងលុបបំបាត់ឲ្យបាន បំណងធានាឲ្យបានភាពសុខសាន្ដ និងសុវត្ថិភាពស្ដ្រីនៅតាមភូមិ ឃុំ។ ក៏ប៉ុន្ដែករណីរំលោភនៅតែកើតមាន ពីមួយថ្ងៃ ទៅមួយថ្ងៃ ជាអន្លើ។
កាលពីដើមខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ របាយការណ៍បឋមមួយ ស្ដីអំពី “ហិង្សាផ្លូវភេទលើស្ដ្រី និងកុមារី” របស់សម្ព័ន្ធបងប្អូនស្រី ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលចំនួន៤ ធ្វើការងារលើកស្ទួយសិទ្ធិស្ដ្រី បានបង្ហាញថា ក្នុងមួយថ្ងៃមានករណីហិង្សាផ្លូវភេទកើតឡើងយ៉ាងតិច ១ករណី ហើយវាបានកើតឡើងទៅលើអនិតិជនភាគច្រើន ក្រោមអាយុ ១៥ឆ្នាំ។ បន្ថែមពីនេះជនល្មើស សុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយជនរងគ្រោះ ដែលពួកគេ ជា សាច់ញាតិ មិត្ដភក្ដិ ឬក៏ជាគូសង្សាជាដើម។ ស្ដ្រី និងកុមារី ត្រូវបានរងហិង្សាផ្លូវភេទរហូតដល់ ១៩៩ករណី ក្នុងរយៈពេល ៦ខែ ចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតដល់ខែមីនា ឆ្នាំ២០១៨ ។
សម្ព័ន្ធបងប្អូនស្រី បង្ហាញក្ដីព្រួយបារម្ភថា ករណីរំលោភផ្លូវភេទនេះ នឹងក្លាយជារឿងមិនល្អ ហើយក៏នឹងជះឥទ្ធិពលអាក្រក់ដល់អនាគត នឹងការចងចាំរបស់ក្មេងស្រីផងដែរ។
ទាក់ទិនរឿងនេះ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ផ្ដល់ជាអនុសាសន៍ថា ដើម្បីលុបបំបាត់ និងទប់ស្កាត់ ករណីរំលោភសេពសន្ថវៈនេះ រដ្ឋាភិបាលគួរតែអប់រំសង្គម ឲ្យផ្ដល់ការគោរពសិទ្ធិស្ដ្រី និងដឹងថា អំពើរំលោភនេះ គឺខុសនឹងច្បាប់ ហើយជនប្រព្រឹត្ដត្រូវតែមានទោស ៖«ត្រូវអប់រំទៅដល់សង្គម ដើម្បីឲ្យមានការគោរពទៅដល់ស្ដ្រី ហើយដឹងថា នៅពេលដែលមានការរំលោភ វាមានការប៉ះពាល់ខ្លាំងទៅដល់ស្ថិតអារម្មណ៍របស់ក្មេងស្រី ហើយវាប៉ះពាល់សតិអារម្មណ៍នេះពេញមួយជីវិតរបស់ស្ដ្រី»។
ក្រៅតែពីការចង់ឃើញយន្ដការអប់រំសង្គម ពីការលើកកម្ពស់សិទ្ធិស្ដ្រី លោកស្រី នៅចង់ឃើញការរឹតបន្ដឹងការអនុវត្ដច្បាប់ ក្នុងការផ្ដន្ទាទោសជនល្មើស ឲ្យបានធ្ងន់ធ្ងរថែមទៀត។ ជាងនេះលោកស្រី សំណូមពរ ដល់ជនរងគ្រោះ ឬក៏ក្រុមគ្រួសារ ត្រូវតែផ្ដល់ព័ត៌មានដល់អាជ្ញាធរ បើមានករណីរំលោភផ្លូវភេទកើតឡើង គឺមិនត្រូវលាក់បាំងព័ត៌មាននោះទេ។
សូមជម្រាបថា អំពើរំលោភផ្លូវភេទ គឺជាអំពើដែលខុសនឹងច្បាប់។ យោងតាមច្បាប់ស្ដីពីការរំលោភបំពានផ្លូវភេទ ត្រង់មាត្រា ៣៩ បានចែងថា ជនដែលប្រព្រឹត្ដការចាប់ ឬ បង្ខំរំលោភផ្លូវភេទ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៥ឆ្នាំ ទៅដល់ ១០ឆ្នាំ។ លើសពីនេះ ជនប្រព្រឹត្ដ ការចាប់រំលោភ ហើយសម្លាប់ ដោយគ្មានចេតនា នៅក្នុងច្បាប់ ត្រង់មាត្រា ២៤៤ បានចែងថា ត្រូវផន្ទាទោសជននោះដាក់ពន្ធនាគារ ពី ១៥ ទៅ ៣០ឆ្នាំ តែចំពោះករណីរំលោភសម្លាប់ដោយចេតនា ជនប្រព្រឹត្ដត្រូវផ្ដន្ទាទោស ដាក់គុកអស់មួយជីវិត ស្របទៅតាមមាត្រា ២០៥ ។ ដោយឡែកចំពោះករណីបៀតបៀនកេរិ៍្ដភេទ ច្បាប់បានចែងថា ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២ ទៅ ៦លានរៀល ដែលមានចែងក្នុងមាត្រា ២៤៦៕