គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច សុនទិញ (Son Tinh) បានសម្លាប់មនុស្សកើនឡើងដល់ ២៩នាក់ហើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNS។
តាមប្រភពដដែល នៅថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ២៩នាក់ មាន ១៥នាក់ ជាអ្នកស្រុករស់នៅក្នុងខេត្តយេនបៃ (Yen Bai), ០៦នាក់រស់នៅក្នុងខេត្តសុនឡា (Son La), ០៣នាក់មកពីខេត្តភូថូ (Phu Tho), ០៣នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលនៃប្រទេស, ម្នាក់ទៀតមកពីខេត្តហាវប៊ិញ (Hoa Bin) និងម្នាក់ទៀតមកពីខេត្ត ឡាវកៃ (Lao Cai)។
បើតាមអាជ្ញាធវៀតណាមផ្ទះជាង ២៤០ខ្នងត្រូវបានបំផ្លាញ ហើយ ៦,៩០០ខ្នង ត្រូវជន់លិច ខណៈសត្វពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើនជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង ៨១,០០០ហិកតាត្រូវជន់លិចផងដែរ។
អាជ្ញាធរខេត្ត Đồng Nai បានអនុម័តកញ្ចប់ថវិកាជាង ១៣លានដុល្លារ ដើម្បីពលរដ្ឋដែលរងគ្រោះដោយសារមហាព្យុះ៕