ភ្នំពេញ៖ រយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានការសាងសង់លើផ្ទៃដីប្រមាណ ជាងប្រាំលានបីសែនប្រាំម៉ឺនពីរពាន់ម៉ែត្រការ៉េ ជាមួយទុនជាង ២ពាន់លានដុល្លារ (២ ១៥៣ ២១១ ១១៨) ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៤ កក្កដា ២០១៨។
តាមរយៈរបាយការណ៍ដដែលបញ្ជាក់ថា ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ទទួលបានការសាងសង់លើគម្រោងចំនួន ១៦៤៣។ នៅក្នុងគម្រោងនោះទៀតសោត រួមមានដើមទុនវិនិយោគពីវិស័យឯកជនមកពីបរទេសចំនួនជិតបួនពាន់លានដុល្លារ (៣៩៤ ៣៣២ ៣០០ ) ដែលមានប្រទេសចំនួន ៨បានដាក់ទុនលើគម្រោងចំនួន ២១ ដែលសាងសង់លើផ្ទៃដីជាង ៩សែនម៉ែត្រក្រឡា (៩២៨ ២៦៧ )។
យ៉ាងណាមិញ គម្រោងទាំងនេះ បានផ្ដល់ការងារដល់អ្នកជំនាញ និងកម្មករប្រមាណ ១៨ម៉ឺននាក់ ក្នុងមួយថ្ងៃ ហើយទទួលបានប្រាក់ឈ្នួលចាប់ពី ៤០០ ទៅ ២៥០០ដុលា្លរ ក្នុងមួយខែ។
សូមបញ្ជាក់ថា របាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី និងធនគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងថេរក្នុងរង្វង់ ៧% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យសំណង់ត្រូវបានគេចាត់ទុកថា ជាឃឿនមួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនេះ បន្ទាប់ពីវិស័យកាត់ដេរសំលៀកបំពាក់។
គួររំលឹកថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ មានចំនួនសរុប ៣ ០៥២គម្រោងលើផ្ទៃក្រឡាជាង ១០លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគជាង ៦ពាន់លានដុល្លារអាមេរិក។ ចំណែក ឯរបាយការណ៍ទិន្នន័យសំណង់ឆ្នាំ២០១៦ មានចំនួន ២៤០៥គម្រោងលើផ្ទៃក្រឡាសាងសង់សរុប ១១លានម៉ែត្រការ៉េ និងទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក៕