ភ្នំពេញ៖ សត្វក្ងោកទេព ១ក្បាល ត្រូវក្រុមអ្នកអភិរក្សព្រលែងចូលធម្មជាតិវិញក្រោយការព្យាបាលរយៈពេលជាង ១ខែ។ នេះបើតាមឱ្យដឹងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន សត្វខ្សឹប ឬសត្វក្ងោកទេព ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត ខណៈចំនួនរបស់វានៅលើសាកលលោកមានតិចជាង ៨០០ក្បាល តែប៉ុណ្ណោះ។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) កាលពីថ្ងៃទី ២៤កក្កដា ២០១៨ បានធ្វើការព្រលែងសត្វខ្សឹប ឬក្ងោកទេពឈ្មោល ១ក្បាលចូល ក្នុងជម្រកធម្មជាតិនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុង ភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីព្យាបាលរយៈពេលជាង ១ខែកន្លងមក។
បើតាមសមាគម មគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ក្មេងៗក្នុងភូមិបានប្រទះឃើញសត្វក្ងោកទេព ក្នុងសភាពទ្រុឌទ្រោមនៅក្នុងស្រែមួយ ស្ថិតនៅក្នុងឃុំសាន គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សត្វក្ងោកទេពនោះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅព្យាបាលវា។
កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះ កុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹបនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១២ មានប្រមាណ ៤៣២ក្បាល ពោលជាងពាក់កណ្ដាលនៃចំនួនសត្វខ្សឹបលើសាកលលោក។
ជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបក្នុងខេត្តកំពង់ធំជាកន្លែងគាំទ្រដ៏សំខាន់ដល់ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់ នៅលើពិភពលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ក្ងោកទេព៕