ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវីរបស់ខ្លួនបានដាក់លិខិតមួយច្បាប់ទៅកាន់ គ.ជ.ប ដើម្បីសុំឲ្យមានវិធានការផ្លូវច្បាប់ ចំពោះលោកមេធាវី ជូង ជូងី ដែលបានបកស្រាយច្បាប់ទាក់ទិននឹងការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ទង្វើរបស់លោកមេធាវី ជូង ជូងី មានចេតនាច្បាស់លាស់ ក្នុងការទប់ស្កាត់ និងរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោកមេធាវី គី តិច មេធាវីតំណាងរដ្ឋាភិបាលបានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែកក្កដា នេះថា គណបក្សប្រជាជនកម្ពុជា បានដាក់លិខិតមួយច្បាប់ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោយស្នើឲ្យ គ.ជ.ប ចាត់វិធានការផ្លូវច្បាប់ចំពោះលោកមេធាវី ជូង ជូងី ដែលបានបកស្រាយច្បាប់ទាក់ទិននិងការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាចាត់ទុកថា ទង្វើរបស់លោកមេធាវី ជូង ជូងី គឺមានចេតនាច្បាស់លាស់ ក្នុងការទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ៖«ចំពោះឃ្លីបវិដេអូហ្នឹងពិតមែនតែ យើងមើលមួយភ្លេតជារូបភាពបកស្រាយមាត្រាច្បាប់។ ប៉ុន្ដែបើយើងពិនិត្យពិចារណាឲ្យមែនទែនទៅ គឺជារូបភាពមានសញ្ញា និងមានគោលដៅច្បាស់លាស់ ក្នុងការរារាំង ក្នុងការប្រឆាំង ទប់ស្កាត់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត»។
បន្ថែមលើនេះ លោកមេធាវី គី តិច បានបញ្ជាក់ថា ការដាក់លិខតទៅ គ.ជ.ប នាពេលនេះ គឺក្នុងបំណងស្នើឲ្យមានវិធានការបញ្ឈប់គ្រប់សកម្មភាពរបស់លោកមេធាវី ជូង ជូងី ដែលអាចជះឥទ្ធិពលទៅដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី ០៦ ឆ្នាំ២០១៨នេះ ៖«មិនមែនសំដៅតែវិដេអូទេ គឺគ្រប់សកម្មភាពទាំងអស់ សកម្មភាពណា ដែលអាចប៉ះពាល់ដល់មាត្រា ១៤២ ឬក៏អាចមានលក្ខណៈធ្ងន់ធ្ងរប៉ះពាល់ទៅដល់មាត្រា ៤៩៤ ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហ្នឹងគឺអាចមានបទល្មើសព្រហ្មទណ្ឌ រហូតដល់ប្ដឹងទៅដល់តុលាការ ដាក់ពិន័យ ឬក៏ផ្ដន្ទាទោសទៅក្នុងមាត្រាហ្នឹង»។
ទាក់ទិននិងរឿងនេះលោក មេធាវី ជូង ជូងី សុំមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។ តែយ៉ាងណារយៈពេលកន្លងមកលោក មេធាវី ជូង ជូងី តែងតែផ្សាយផ្ទាល់ជាវិដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ក្នុងការបកស្រាយច្បាប់ស្ដីពីការបោះឆ្នោត ដែលលោកមានប្រសាសន៍ក្នុងវិដេអូនោះថា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់អំពីច្បាប់ និងការពារខ្លួនពីអ្នកដែលគំរាមពលរដ្ឋទាក់ទិន នឹងការបោះឆ្នោត។
លោក ជូង ជូងី គឺជាមេធាវី ដ៏ល្បីល្បាញ ដែលតែងតែការពាររឿងក្ដី ឲ្យអ្នកនយោបាយបក្សប្រឆាំង និង សកម្មជនដីធ្លី។ លោកគឺជាមនុស្សស្និទ្ធ នឹងបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ។ គណបក្សនយោបាយដែលបានចូលរួមឈរឈ្មោះ ដណ្ដើមដំណែងជាគណបក្សដឹកនាំប្រទេស គឺមាន ២០គណបក្សនយោបាយ។
សូមជម្រាបថា យោងតាមមាត្រា ១៤២ នៃច្បាប់ស្ដីពីបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី ០៦ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយទណ្ឌកម្មនេះ ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនណាបានប្រព្រឹត្ដនូវគ្រប់មធ្យោបាយទុច្ចរិត ដែលមានបំណង រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត៕