en     km
en     km

រដ្ឋបាលខេត្តកោះកុងសុំឱ្យប្រធានអង្គការចូលរួមចុះស្រង់ទិន្នន័យដីដែលមានវិវាទ

Share

កោះកុង៖ រដ្ឋបាលខេត្តកោះកុងនឹងចុះស្រង់ទិន្នន័យកំណត់អត្តសញ្ញាណដីជាកម្មសិទ្ធិរបស់ពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន Union Development Group Co, Ltd។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តកោះកុង ចុះថ្ងៃទី ២៤ កក្កដា ម្សិលមិញ។

ក្នុងលិខិតនេះបង្ហាញថា រដ្ឋបាលខេត្តកោះកុង ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន នឹងចាប់ផ្ដើមចុះស្រង់ទិន្នន័យលើបញ្ហា​ដីធ្លីដែលប្រជាជនកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីជាក់ស្ដែង នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ចាប់ពីថ្ងៃទី ៧ សីហា ២០១៨ រហូតរួចរាល់។

យ៉ាងណាមិញ រដ្ឋបាលខេត្តកោះកុងបានអញ្ជើញប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រធានអង្គការលីកាដូប្រចាំខេត្តកោះកុង​ និងប្រធានអង្គការសមាគមអាដហុកប្រចាំខេត្តកោះកុង ដើម្បីចូលរួមក្នុងការសង្កេតការដំណើរការនៃការចុះស្រង់ទិន្នន័យកំណត់អត្តសញ្ញាណនេះឱ្យមានប្រសិទ្ធ ភាព។

គួររំលឹកថា ក្រុមហ៊ុន​ ​Union Development Group​ ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន ៤៥ ១០០​ ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​២០០៨។​​ គម្រោង​របស់​ក្រុម​ហ៊ុន​អាចនឹងប្រើពេលប្រមាណជា ២៥ឆ្នាំ ​ដើម្បីដំណើរការ​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ។

​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​ ១០០០​គ្រួសារ​ បានចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់។ ស្របគ្នានេះ​ ​ក៏នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​ដែរ ដែលមិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគាត់​ដែលកាន់​កាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​យល់​ព្រម​ថា ​នឹង​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ ​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។​

យ៉ាងណាក្ដី ក្រុមមន្ត្រី​ដឹកនាំ​ខេត្តកោះកុង​បាន​សន្យាជាមួយពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយក្រុមហ៊ុន​​ ​Union Development Group ថា​​ នឹង​ដោះស្រាយ​ទំនាស់​ទាំងនោះ​ឲ្យបាន​មុនការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​នេះ៕

Share

ព័ត៌មានទាក់ទង

Image