en     km
en     km

អគ្គស្នងការ​នគ​បាល​ជាតិ​ បញ្ជា​ឲ្យ​បង្កើន​សកម្មភាព​គ្រប់គ្រង​អាវុធ​ គ្រឿងផ្ទុះ​

Share

ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​បាន​ចេញ​សេចក្ដីណែនាំ​ ប្រាប់​ដល់​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​ ឲ្យ​បង្កើន​សកម្មភាព​ គ្រប់គ្រង​អាវុធ​ គ្រឿងផ្ទុះ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​ទុច្ចរិត​ ដែល​អាច​យក​ទៅ​ប្រព្រឹត្ដ​បទល្មើស​ ឬ​បង្ក​ជា​ភេរវកម្ម​ និង​ចលាចល​ផ្សេងៗ​ នៅ​មុន​ពេល​ ក្នុង​ពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​

​សេចក្ដីណែនាំ​នេះ​បាន​បញ្ជក់​ថា​ ក្នុង​គោលបំណង​ធានា​នូវ​ការ​គ្រប់គ្រង​ រំសេវ​ គ្រឿងផ្ទុះ​ នៅ​តាម​ក្រុមហ៊ុន​ ការដ្ឋាន​ មូលដ្ឋាន​អាជីវកម្ម​ សំដៅ​បង្ការ​រារាំង​ ទប់ស្កាត់​រំសេវ​គ្រឿងផ្ទុះ​ទាំងនោះ​ ធ្លាក់​ដល់​ដៃ​ជន​ទុក​ច្ចរិត​ ដែល​អាច​យក​ទៅ​ប្រព្រឹត្ដ​បទល្មើស​ ឬ​បង្ក​ជា​ភេរវកម្ម​ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​គ្រោះថ្នាក់​ បង្ក​ជា​សំឡេង​ផ្ទុះ​ បង្កើត​ឲ្យ​មាន​ភាព​ចលាចល​ នៅ​មុន​ពេល​ ក្នុង​ពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ដ្រ​អាណត្ដិ​ទី​០៦​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នា​ថ្ងៃអាទិត្យ​ ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០៨​។​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​សេចក្ដីណែនាំ​ដល់​នាយកដ្ឋាន​ជំនាញ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ដ​ ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ដល់​ក្រុមហ៊ុន​ ការដ្ឋាន​ មូលដ្ឋាន​អាជីវកម្ម​ អំពី​ច្បាប់​ និង​ណែនាំ​បទដ្ឋាន​ពាក់ព័ន្ធ​ដល់​ការ​គ្រប់​គ្រប​រំសេវ​ គ្រឿងផ្ទុះ​ឲ្យ​បាន​ហ្មតចត់​ និង​មាន​សុវត្ថិភាព​។​

​លើស​ពី​នេះ​ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​អាវុធ​ គ្រឿងផ្ទុះ​ និង​គ្រាប់រំសេវ​ នៅ​តាម​ដងផ្លូវ​ តាម​ទី​សាធារណៈ​ តាម​គោលដៅ​សំខាន់ៗ​ និង​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ ទប់ស្កាត់​ បង្ក្រាប​រាល់​ការ​លួចលាក់​ នាំ​ចូល​ ឬ​ លួច​ដឹក​ជញ្ជូន​ឆ្លងកាត់​នៅ​តាម​តំបន់​ព្រំដែន​នានា​។​ ជាង​នេះ​ត្រូវ​ចាត់​បញ្ជូន​មន្ដ្រី​នគរបាល​ជំនាញ​ ឬ​ នគរបាល​មូលដ្ឋាន​ ដើម្បី​ការពារ​ទីតាំង​ និង​ចុះបញ្ជី​គ្រប់គ្រង​ ត្រួតពិនិត្យ​ការ​បញ្ចូល​ ការ​បញ្ចេញ​ ការ​រក្សា​ទុក​ ការ​បំផ្ទុះ​ ពិសេស​ការ​គ្រប់គ្រង​ឃ្លាំង​រក្សា​ទុក​ និង​ប្រមូល​រំសេវ​ គ្រៀង​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​ការ​ប្រើប្រាស់​ ត្រូវ​បង្វែរ​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​សុវត្ថិភាព​វិញ​ជា​ដាច់ខាត​។​

​ក្រៅពី​នេះ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាល​ជាតិ​ បញ្ជាក់​ថា​ ទាំង​នាយកដ្ឋាន​ជំនាញ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ដ​ ត្រូវ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ ការដ្ឋាន​ មូលដ្ឋាន​អាជីវកម្ម​នានា​ ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ នូវ​ការ​ដឹក​ជញ្ជូន​ការ​ប្រើប្រាស់​រំសេវ​ គ្រឿងផ្ទុះ​ ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​ដំណើរការ​រយៈ​ ០១​ស​ប្ដា​ហ៍​ នៅ​ មុន​ និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​។​

​បន្ថែម​លើស​នេះ​ នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ត្រូវ​តាមដាន​ត្រួតពិនិត្យ​ ការ​ចាត់តាំង​អនុវត្ដ​ខាងលើ​នេះ​ ព្រមទាំង​ចាត់​បញ្ជូន​នាយ​នគរបាល​ និង​មន្ដ្រី​ជំនាញ​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ដ​ ដើម្បី​ពិនិត្យ​លើ​គោលដៅ​ដែល​បាន​កំណត់​ ថា​ មាន​ភាព​ស្មុ​គ្រ​ស្មាញ​ និង​ចាត់វិធានការ​ជំនាញ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​៕

Share

ព័ត៌មានទាក់ទង

Image