ភ្នំពេញ ៖ ក្រសួងការបរទេស នៃរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ ដោយវាយប្រហារលោកស្រី រ៉ូណាលស្មិត អ្នករាការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលលើកឡើងអំពីការភ័យខ្លាចរបស់លោកស្រី ថាមានការគំរាមកំហែងអ្នកបោះឆ្នោត គឺជាការគាំទ្រ អំពើ វិច្ឆេទកម្ម លើប្រជាធិបតេយ្យនៅកម្ពុជា។
លោក រឿនឬទ្ធី ជូនសេចក្ដីរាយការណ៍ ៖
លិខិតប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី រ៉ូណាលស្មិត អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងជាច្រើនពីការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតហើយការបង្ខិតបង្ខំ បោះឆ្នោតឱ្យគណបក្សកាន់អំណាចដែលតំណាង UN រូបនេះបានទាមទារឲ្យបញ្ឈប់ករណីនេះជាបន្ទាន់។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសបានបង្ហាញនូវប្រតិកម្មរបស់ខ្លួនដូចខាងក្រោមនេះ៖
កម្ពុជាសូមធ្វើការឆ្លើយតបនៅការកត់សម្គាល់របស់លោកស្រី រ៉ូណាលស្មិត ដោយចាត់ទុកថា ស្ដ្រីតំណាង UN រូបនេះ ដើរតួនាទីលម្អៀង នឹងកំពុងធ្វើបុរេវិនិច្ឆ័យមុនស្ថានការណ៍មកដល់ ហើយថា ការព្រួយបារម្ភរបស់លោកស្រី រ៉ូណាលស្មិត ហាក់ដូចជាកំពុងតែសម្រួល អោយមានយុទ្ធនាការរបស់លោក សម រង្ស៊ី និងសមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលស្វែងរកក្រុមបះបោរ ដើម្បីធ្វើ វិច្ឆេទកម្ម ប្រជាធិបតេយ្យនៅកម្ពុជា ដោយការលើកទឹកចិត្ដការធ្វើពហិការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កម្ពុជា មិនមែនដូចប្រទេសដទៃនោះទេ គឺមិនបានជំរុញ ឬបង្កើតច្បាប់ដើម្បីដាក់ទណ្ឌកម្មទៅលើជនណា ដែលមិនបានទៅបោះឆ្នោតនោះទេ ។ តែផ្ទុយទៅវិញច្បាប់បោះឆ្នោតនៃប្រទេសកម្ពុជា បានចែងពីការដាក់ទណ្ឌកម្មទៅលើ ជនណាដែលរារាំង មិនឲ្យចេញទៅបោះឆ្នោត។ ក្នុងន័យនេះទៀត ក្រសួងការបរទេសកម្ពុជា វាយតម្លៃថា អ្នករាយការណ៍ពិសេស រូបនេះបានបំភ្លេចចោលទង្វើរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់ ដែលអំពាវនាវឲ្យមាន ឧទ្ទាមកម្ម យោធា ប្រឆាំងរដ្ឋាភិបាល និងជំរុញឲ្យមានចលនាជាតិនិយម ប្រឆាំងប្រទេសចិន ដែលជាទង្វើរើសអើងជាតិសាសន៍ ហើយបង្កឲ្យខូចទំនាក់ទំនង ដោយសន្ដិវិធីជាមួយ និងប្រទេសជិតខាង ។ ទង្វើរបស់លោក សម រង្ស៊ី មិនបានប្រកាន់ខ្ជាប់នូវតុល្យភាព ប្រជាធិបតេយ្យនោះទេ ហើយផ្ទុយទៅវិញ គួរតែត្រូវបានថ្កោលទោសនៅក្នុងសង្គមប្រជាធិបតេយ្យ។ ដោយមើលឃើញ ដូចនេះ ក្រសួងការបរទេស មានការសោកស្ដាយជាខ្លាំង ដែលអ្នករាយការណ៍ពិសេសរូបនេះ មិនបាននិយាយថ្កោលទោសអំពីក្រុមមួយកំពុងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ព្រោះតែក្រុមប្រឆាំង បានកំពុងតែបំផ្លាញស្ថិរភាព ការអភិវឌ្ឍ នៅកម្ពុជា។
ជាថ្មីម្ដងទៀតក្រសួងការបរទេស សូមទទូចដល់លោកស្រី រ៉ូណាលស្មិត ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ របស់ខ្លួន ក្នុងឋានៈជាអ្នកជំនាញផ្នែកសិទ្ធិមនុស្ស។ ក្នុងលិខិតរបស់ក្រសួងការបរទេសដដែលនេះ ក៏បានរំឮកផងដែរថា រដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា បានធ្វើការធានាចំពោះពលរដ្ឋកម្ពុជា ទាំងអស់ ទោះបីបម្រើការងារនៅស្ថាប័នសាធារណៈ ឬស្ថាប័នណាក៏ដោយ គឺមិនត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនយោបាយ និងសង្គមនោះទេ។
លោកស្រីរ៉ូណាលស្មិត គឺជាតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលធ្លាប់មកសិក្សានិងវាយតម្លៃ ដោយផ្ទាល់ស្ថានការណ៍សិទ្ធិនិងប្រជាធិបតេយ្យនៅកម្ពុជា គឺមួយឆ្នាំ ២ដង។ កាលពីលោកស្រីមកកាន់កម្ពុជា កាលពីថ្មីៗ គឺមុនយុទ្ធនាការបោះឆ្នោត ចាប់ផ្ដើម លោកស្រីបាន ប្រាប់កម្ពុជាថា ការបោះឆ្នោតនឹងមិនមានភាពសុច្ចរិត នោះទេ បើបក្សប្រឆាំងធំមួយ ត្រូវបានគេ ឃាឃាំងចូលរួមការបោះឆ្នោតនេះ។ លោកស្រី ក៏បានហៅប្រជាធិបតេយ្យនៅ កម្ពុជា បានធ្លាក់ដល់ចំណុចគ្រោះថ្នាក់។ ជាថ្មីម្ដងទៀត លោកស្រី បានសសេរលើ Page ហ្វេសប៊ុក របស់ ការិយាល័យសិទិ្ធមនុស្ស នៅកម្ពុជា ដោយសុំឲ្យរដ្ឋាភិបាល ជួយថ្កោលទោស ជនណាដើរគំរាមកំហែង អ្នកដែលមិនចង់ទៅបោះឆ្នោត ហើយ សុំឲ្យបញ្ឈប់សកម្មភាពនេះ។
នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី កាលពីថ្ងៃសោរិ៍ ទី ២១ កក្កដា លោក សួសយ៉ារ៉ា អ្នកនាំពាក្យ បក្សកាន់អំណាច បានហៅលោកស្រី រ៉ូណាលស្មិត ថា ជាមេធាវីអោយក្រុមប្រឆាំង។ លោកថា លោកស្រីគួរលាលែងពីតំណែងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនេះទៅ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២៣ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានវាយប្រហារ តំណាងអង្គការសហប្រជាជាតិនេះដែរ។ លោកថា លោកស្រី រ៉ូណាលស្មិត មិនបានសិក្សាស៊ីជម្រៅអំពីច្បាប់នៅកម្ពុជានោះទេ។
ការឃោសនា បោះឆ្នោត ជិតដល់ថ្ងៃបិទបញ្ចប់ ហើយ គឺនៅបីថ្ងៃទៀតប៉ុណ្ណោះ។ គណបក្សទាំងអស់ សុទ្ធតែមានសិទ្ធិ បញ្ចេញសកម្មភាពឃោនាសដើម្បីទាក់ទាញ អ្នកបោះឆ្នោត។តែ បើតាមអ្នកសង្កេតការណ៍ បក្សមួយចំនួន លើកលែងតែបក្សកាន់អំណាច គឺបក្សទាំងនោះ សឹងរកអ្នកជួយហែរក្បួនរបស់ខ្លួនស្ទើរមិនបានហើយម្យ៉ាងទៀត ចរន្តពីរកំពុងដើរ បញ្ជ្រាស់ទិសគ្នា គឺមួយសម្ដែងការពេញនឹងការបោះឆ្នោត តែមួយទៀតត្រៀមធ្វើពហិការ។ លោកបណ្ឌិត មាស នី អ្នកវិភាគ បញ្ហាសង្គម និងនយោបាយ មើលឃើញថា ការបោះឆ្នោតលើកនេះ មិនស្ថិតក្នុងបេះដូងអ្នកបោះឆ្នោត គ្រប់ៗគ្នានោះទេ ព្រោះតែបរិយាកាសនយោបាយ។ លោកថាអ្នកឈ្នះដឹងពិតថាខ្លួនគេកំពុងតែឈ្នះហើយ អ្នកខ្លះដឹងថាខ្លួនមិនទទួលបានអាសនៈក៏ដឹងខ្លួនដែរ។ លោកថាការបោះឆ្នោតលើកនេះធ្វើឡើងដោយគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។
យ៉ាងនេះក្ដីមានការព្យាករណ៍ថាអ្នកចេញពីទៅបោះឆ្នោតទំនងមានអាត្រាលើសពី៥០ភាគរយឡើងទៅ ទោះជាក្រុមប្រឆាំង ខិតខំអំពាវនាវអោយមានការធ្វើពហិការ ក៏ដោយ។ ជាមួយគ្នានេះ ការបោះឆ្នោតលើកនេះកំពុងស្ថិតនៅក្រោម ក្រសែភ្នែកសហគមន៍ ចម្រុះគ្នា គឺក្រុមខ្លះ រង់ចាំថា ឲ្យតែការបោះឆ្នោត ចប់សព្វគ្រប់គឺខ្លួនមិនទទួលស្គាល់ការបោះឆ្នោតឡើយ។ ក្រុមនេះមានសហភាពអឺរ៉ុប ២៧ប្រទេស ប្រទេសអង់គ្លេស ប្រទេស អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។ ចំណែកសហគមន៍អន្តរជាតិមួយក្រុមទៀតដែលត្រៀមទទួលស្គាល់ការបោះឆ្នោតនេះមាន ដូចជាប្រទេសចិន រុស្ស៊ី វៀតណាម ជាដើម៕