ភ្នំពេញ៖ ដីរបស់កំពង់ផែស្វយ័តភ្នំពេញចាប់ពីគល់ស្ពានជ្រោយចង្វារដល់មុខផ្សាររាត្រី ត្រូវបានជួលឲ្យក្រុមហ៊ុនឯកជន រយៈពេល ៥០ឆ្នាំ ដើម្បីអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។ នេះបើតាមការសេចក្ដីប្រកាសព័ត៌មានរបស់កំពុងថែស្វយ័តក្រុងភ្នំពេញចុះថ្ងៃទី ១៩ កក្កដា។
តាមសេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ចាប់ពីគល់ស្ពានជ្រោយចង្វារដល់មុខផ្សាររាត្រីត្រូវបានជួលឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប តម្លៃជាង ១៦លានដុល្លារ។ ការណ៍នេះ ធ្វើឡើងដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍទីក្រុងតាមដងទន្លេ។
កិច្ចសន្យាជួលរវាងកំពង់ស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៨ ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី។
ការជួលដីកំពង់ផែស្វយ័តភ្នំពេញនេះ គឺស្ថិតលើគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate»។ គម្រោងអភិវឌ្ឃនេះរួមមាន៖ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម,មជ្ឈមណ្ឌលសិល្បៈ, ទីធ្លាសម្ដែងវប្បធម៌សិល្បៈ, ទីធ្លាសនបាញ់ទឹក, របាំទឹក និងផ្សារអណ្ដែតទឹក, សួនកំពង់ផែ, ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ, មជ្ឈមណ្ឌលទេសចរណ៍,រាជធានីភ្នំពេញដ៏ឆ្លាតវៃ, ការិយាល័យបច្ចេកវិទ្យា, អគារស្នាក់នៅរួមបែបវប្បធម៌, អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ,សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាល បែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀតដូចដែលមានចែងក្នុងសេចក្ដីជូនដំណឹងរបស់ទីស្ដីគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៣ មីនា ២០១៧។
សូមបញ្ជាក់ថា កិច្ចសន្យាជួលនេះ មានរយៈពេល៥០ឆ្នាំ គិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០៦៨។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដង ចំនួន១៦,៥០០,០០០ (ដប់ប្រាំមួយលាន ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់រយៈពេល៥០ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន១០%៕