យោងតាម វិបសាយអគ្គស្នងការនគរបាលជាតិ ចុះផ្សាយនៅថ្ងៃទី៣០ កញ្ញានេះ ឲ្យដឹងថា នៅវេលាម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ ដោយចោទប្រកាន់ពីបទគំរាមតាមប្រព័ន្ធសង្គមហ្វេសប៊ុក បំផ្ទុះគ្រាប់បែកសម្លាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ។ វិបសាយដដែលឲ្យដឹងដែរថា យុវជនរូបនោះ បានសរសេរអត្ថាធិប្បាយ នៅក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ កញ្ញាថា «ចាំសម្ដេចមកដល់នាំគ្នាដាក់គ្រាប់បែកឲ្យងាប់ទាំងអស់គ្នាម្ដង» ។
ទោះបីជាកម្ពុជា នៅមិនទាន់មានច្បាប់គ្រប់គ្រងការបញ្ចេញមតិលើប្រព័ន្ធអនឡាញក្ដី ក៏សមត្ថកិច្ចនៃប្រទេសនេះ បានចាប់ខ្លួនមនុស្សបីនាក់ហើយ ដោយសង្ស័យថា អ្នកទាំងនោះ ពាក់ព័ន្ធនឹងការអ្នកគំរាមសម្លាប់ ឥស្សរៈជននយោបាយ និងសង្គម ។ កាលពីពីរឆ្នាំកន្លងទៅ ក៏មានករណីគំរាមសម្លាប់លោកកឹម សុខា ផងដែរ ដោយគេបានដឹងនិងស្គាល់ឈ្មោះ តួនាទីអ្នកគំរាមនោះទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះ នៅសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនអ្នកគំរាមនោះនៅឡើយ។
បើតាមអគ្គស្នងការនគរបាលជាឲ្យដឹងថា ជនសង្ស័យរូបនោះ មានឈ្មោះថា តៅ សាវឿនអាយុ ២៦ឆ្នាំ រស់នៅ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប និងជាអតីតនិស្សិតរៀននៅ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេសសៀ។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ការចាប់ខ្លួនយុវជនរូបនេះ គឺជាបទល្មើសព្រហ្មទណ្ឌពី បទគំរាមកំហែងថានឹងសម្លាប់ ដែលមានចែងក្នុងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកថា ការចាប់ខ្លួននិស្សិតរូបនេះ ជាជនលើកទី៣ ដែលសមត្ថកិច្ចបានចាប់ខ្លួនពាក់ព័ន្ធនឹងការគំរាមលើហ្វេសប៊ុក។ កន្លងមកសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យម្នាក់នៅខេត្តព្រៃវែង ពីបទគំរាមសម្លាប់លោក សុខ ទូច តាមបណ្ដាញហ្វេសប៊ុកផងដែរ ។ បច្ចុប្បន្នជនសង្ស័យរូបនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទពីបទគំរាមថានឹងសម្លាប់ តាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ និងករណីមួយទៀត គឺការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា ដែលសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវឲ្យមានបដិវត្តន៍ពណ៌។
សូមជម្រាបថា ករណីគំរាមសម្លាប់នៅលើហ្វេសប៊ុកនេះ ក៏កើតមានចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិផងដែរ។ តែជាង ២ ឆ្នាំ មកហើយ អាជ្ញាធរនៅតែមិនអាចចាប់ខ្លួនជនសង្ស័យមិនបាន បើទោះគេស្គាល់ឈ្មោះគណនីអ្នកសរសេរគំរាមសម្លាប់លោក កឹម សុខា នោះ ឈ្មោះ ផែង វណ្ណៈក៏ដោយ៕