en     km
en     km

មេដឹកនាំចិនផ្ញើសារថ្វាយព្រះមហាក្សត្រអបអរសាទទំនាក់ទំនងកម្ពុជា-ចិន៦០ឆ្នាំ

Share

នៅឆ្នាំ ២០១៨នេះ គឺជាខួប ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន ។ ដើម្បីរំលឹកចំណងទំនាក់ទំនងទ្វេភាគី មេដឹកនាំប្រទេសទាំងពីរបាន បញ្ជូនសារជូនពរនិង សម្ដែងមោទនៈភាពនឹងគ្នា ដែល ទំនាក់ទំនងការទូតបានឈានដល់ ៦០ឆ្នាំ។ សាររបស់ មេដឹកនាំចិន ស៊ីជីន ភីងនិងព្រះរាជសាររបស់ព្រះមហាក្សត្រ សុទ្ធតែបានបង្ហាញនូវ ក្ដីសង្ឃឹមរួមគ្នា ថា មិត្តភាពជាប្រវត្តិសាស្ត្រនេះ កាន់តែ រឹងមាំថែមទៀត។

អត្ថបទ ដោយ ជុំ ជោគជាតា

ប្រធានាធិបតីចិនកាលពីថ្ងៃព្រហស្បត្តិ៍ទី ១៩មិថុនា បានផ្ញើសារអបអរសាទរខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា។

តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ សារលិខិតរបស់លោក ស៊ី ជីនភីង បានថ្វាយមកកាន់ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្ដមសីហមុនី ដែលជាលិខិតឆ្លងឆ្លើយគ្នាជាមួយនិងព្រះអង្គ។

លោក ស៊ី ជីនភីង បាននិយាយនៅក្នុងលិខិតរបស់លោកថា រយៈពេល ៦០ឆ្នាំមកនេះ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាអត្ថប្រយោជន៍រួមគ្នាដែលបង្កើតបាននូវចំណងមិត្តភាពយ៉ាងស៊ីជម្រៅ ស៊ី ជីនភីង បានបញ្ជាក់នៅក្នុងលិខិតរបស់លោកទៀតថា មិត្តភាព ចិន- កម្ពុជា បង្កើតបាននូវគោលការណ៍សន្ដិសហវិជ្ជមាន ៥ចំណុច នាំអោយប្រទេសទាំងពីរក្លាយជាប្រទេសជិតខាងជាមួយគ្នាកាន់តែស្និទ្ធិស្នាលនឹងរឹងមាំ។

សម្រាប់លោក ស៊ី ជីនភីង រីករាយជាខ្លាំងដែលលោកមើលឃើញថា ទំំនាក់ទំនងទ្វេភាគីនាំអោយមានការបង្កើតបានសមិទ្ធផលថ្មីៗ ហើយពង្រឹងបាននូវបរិយាកាសនយោបាយ សហប្រតិបត្តិការតាមយុទ្ធសាស្រ្ដខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ។

ជាមួយគ្នានេះ លោក ស៊ី ជីនភីង បង្ហាញក្ដីសង្ឃឹមថា ដៃគូរមិត្តភាពរវាងប្រទេសទាំងពីរនាំអោយប្រជាជនទាំងពីរចេះចែករំលែកសុខសន្ដិភាពក្នុងតំបន់ និងពិភពលោកជាមួយគ្នា។ ចំណែកឯសាររបស់ព្រះមហាក្សត្រនរោត្ដមសីហមុនីផ្ញើជូនលោក ស៊ី ជីនភីងបានបញ្ជាក់ថា កម្ពុជាសូមប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកប្រទេសមហាអំណាចទីពីរនៃពិភពលោកនេះ ថា កំពុងដើរតួនាទីដ៏សំខាន់សម្រាប់ផលប្រយោជន៍ពិភពលោក រួមនិងកម្ពុជាផងដែរ។ ដោយឡែក នាយករដ្ឋមន្រ្ដី លីឃឺជាំង ក៏បានផ្ញើសារមកជូននាយករដ្ឋមន្រ្ដីកម្ពុជាផងដែរ។​

សាររបស់លោក​លីមានខ្លឹមសារប្រហាក់ប្រហែលនឹងលិខិតរបស់លោកស៊ីជីនភីងដែរ ។លោកលី បានបង្ហាញឆន្ទះ កាន់តែរឹងមាំក្នុងកិច្ចសាមគ្គីគ្នាជាមួយសម្ដេច ហ៊ុន​ សែន សំដៅពង្រឹងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។

ទន្ទឹមនឹងនេះ សាររបស់សម្ដេច ហ៊ុន សែន បានបង្ហាញជំនឿជឿជាក់ថា តាមរយៈការរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងនាំអោយមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី កាន់តែរឹងមាំ និងស៊ីជម្រៅ ហើយតាមរយៈនេះកម្ពុជានឹងក្លាយជាប្រទេសដ៏ធំក្នុងការទាក់ ទាញកម្លាំងវិនិយោគ និងទេសចរណ៍ពីប្រទេសចិនកាន់តែច្រើនបន្ថែមទៀត។ 

ចិនបានក្លាយជាប្រទេសធំទីមួយនៃការវិនិយោគនៅកម្ពុជា ហើយក៏ជាប្រទេសផ្ដល់ប្រាក់កម្ចីច្រើនពាន់លានដុល្លារផងដែរ នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕

Share

ព័ត៌មានទាក់ទង

Image