en     km
en     km

ក្រសួងកសិកម្មចេញសារាចរទប់ស្កាត់គ្រោះជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ២០១៨នេះ

Share

ភ្នំពេញ៖ តាមសារាចរណែនាំស្ដីពីវិធានការទប់ស្កាត់ និងបង្ការការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងរដូវវស្សា ឆ្នាំ ២០១៨ ដែលធ្វើឡើងដោយ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចុះនៅថ្ងៃទី ២០ ខែកក្កដា នេះ បានឱ្យដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសង្កេតឃើញថា មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅទូទាំងប្រទេសដែលអាចធ្វើឱ្យតំបន់មួយចំនួនទទួលរងនូវបាតុភាពគ្រោះធម្មជាតិបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ។

ស្ថានភាពនេះបង្កឱ្យមានការខូចខាតជាយថាហេតុដល់ដំណាំកសិកម្ម ពិសេសដំណាំស្រូវព្រមទាំងការបាត់បង់ដល់អាយុជីវិតសត្វពាហនៈ។

ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះផលដំណាំរដូវវស្សា និងសត្វពាហនៈក្នុងនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណៃនាំដល់គ្រប់អង្គភាពបច្ចេកទេសក្រោមឱវាទ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួន ៖

ទីមួយ.តាមដានជាប្រចាំនូវស្ថានភាពទឹកជំនន់ត្រៀមលក្ខណៈសង្រ្គោះបន្ទាន់ វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាបណ្ដើរៗ ដើម្បីទទួលបានតួលេខពិតប្រាកដដោយក្ដាបប់ឱ្យបានទីតាំង និងស្ថានភាពភូមិសាស្រ្ដដែលមានលទ្ធភាពអាចស្ដារនូវការខូចខាតបាន។

ទីពីរ.ត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសមន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្ត ដើម្បីចាត់វិធានការបញ្ចៀស បង្ការ និងទប់ស្កាត់ការខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់តាមលទ្ធភាពជាក់ស្ដែង។

ទីបី.ត្រូវពិនិត្យលទ្ធភាព និងត្រៀមលក្ខណៈផ្ដល់ស្រូវពូជ ព្រមទាំងពូជដំណាំផ្សេងៗសម្រាប់កិច្ចអន្ដរាគមន៍ស្ដាការខូចខាតឡើងវិញនាពេលខាងមុខ។

ទីបួន.ត្រៀមរៀបចំសកម្មភាពធ្វើអន្ដរាគមន៍ និងចាត់មន្រ្ដីជំនាញឱ្យត្រៀមប្រចាំការនៅកន្លែងទីទូលសុវត្ថិភាព ដើម្បីពិនិត្យសុខភាពសត្វ សង្រ្គោះសត្វ និងចាត់វិធានការបសុព្យាបាល។

ទីប្រាំ.ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាកសិករអំពីវិធីសាស្រ្ដថែរក្សាគោ ក្របី ផ្ដល់ទឹក ចំណី ការអនុវត្តអនាម័យល្អ និងការតាមដានអនាម័យសត្វ និងរាយការណ៍អំពីសត្វឈឺមកមន្រ្ដីជំនាញផលិតកម្ម និងបសុព្យាបាល ឬភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។

តាមសារាចរណែនាំដដែល ក្រសួងកសិកម្មទាមទារឱ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ត្រូវសហការឱ្យបានល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង