ខណៈការបោះឆ្នោតសភានីតិកាលទី៦កាន់តែជិតចូលមកដល់គេសង្កេតឃើញសហគមន៍អន្តរជាតិហាក់មានការចាប់អារម្មណ៍ច្រើននឹងកម្ពុជា។ កាលពីថ្ងៃទី ១៩កក្កដា មានការភ្ញាក់ផ្អើលមួយដែលសមាជិកសភាម៉ាឡេស៊ីម្នាក់បានឡើងនិយាយអំពីការបោះឆ្នោតនៅកម្ពុជាដែលគាត់ថា ជាការធ្វើខូចមុខមាត់ប្រជាធិបតេយ្យតំបន់។ សមាជិកសភារូបនេះ បានទាមទារអោយរដ្ឋាភិបាលរបស់លោកប្រតិកម្មនឹងកម្ពុជាជាបន្ទាន់។ តែបែបនេះក្ដី មន្ត្រីនាំពាក្យបក្សកាន់អំណាចបាន ហៅសមាជិកសភាម៉ាឡេស៊ីរូបនេះថា មិនស្គាល់ពីតំលៃនៃធម្មនុញ្ញអាស៊ាន។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
សមាជិកសភាម៉ាឡេស៊ីដែលឡើងថ្លែងទៅកាន់សមាជិកសភារបស់ខ្លួនទាក់ទិននឹងបញ្ហាប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជា គឺលោក Wong Chen មកពីគណបក្សកាន់អំណាចយុត្តិធម៌ពលរដ្ឋ PKR របស់លោក អាន់វ៉ា អ៊ីប្រាហ៊ិម និងនាយករដ្ឋមន្ត្រីថ្មី មហាធាមហាម៉ាតនៃសម្ព័ន្ធរដ្ឋាភិបាល Pakatan Harapan ។
នៅក្នុងសម័យប្រជុំសភា លោក Wong Chen បានលើកឡើងយ៉ាងច្រើនពីបញ្ហាប្រទេសកម្ពុជាដែលក្នុងនោះលោកបានហៅការបោះឆ្នោតសភា ប្រទេសកម្ពុជានៅថ្ងៃទី ២៩កក្កដា ថា ធ្វើឡើងមិនស្របច្បាប់ និងមិនតាមស្តង់ដាប្រជាធិបតេយ្យ ព្រោះតែការបោះឆ្នោតនេះធ្វើឡើង ក្រោមបរិយកាស គំរាមកំហែងបំភិតបំភ័យ និងគ្មានវត្តមានគណបក្សសង្រ្គោះជាតិ។
លោកថា ទោះជាធម្មនុញ្ញអាស៊ានមិនបានចែងពីបញ្ហាប្រទេសជាសមាជិកក៏ដោយ តែបើកម្ពុជាដើរលើផ្លូវខុសពីប្រព័ន្ធប្រជាធិបតេយ្យ គឺជាការធ្វើអោយខូចមុខមាត់ប្រជាធិបតេយ្យតំបន់។
លោកបញ្ជាក់ថា ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ការរំលាយបក្សប្រឆាំង និងការហាមឃាត់អ្នកនយោបាយបក្សប្រឆាំងធ្វើនយោបាយ គឺជារឿងធ្ងន់ធ្ងរ ដែលលោកថា ជាការព្រួយបារម្ភជាខ្លាំង ហើយរឿងរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវមានការឆ្លើយតប។
លោក Wong Chen មានប្រសាសន៍ដូចថា៖ «ខ្ញុំជឿថា ខណៈយើងជារដ្ឋាភិបាលថ្មី យើងមានកាតព្វកិច្ច មួយគឺមិនត្រឹមតែ ជួយកែទម្រង់ច្បាប់ របស់ខ្លួនដើ់ម្បី ការពារអំពើយុត្តិធម៌នោះទេ តែ យើងត្រូវលើកដំកើង ប្រជាធិបតេយ្យ សំដៅធ្វើអោយការបោះឆ្នោតមួយ ប្រកបដោយភាពសេរី និងត្រឹមត្រូវ សម្រាប់ តំបន់ទៀតផង»។
កាលពីសប្ដាហ៍ថ្មីៗនេះ សមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្សបានចេញសេចក្ដីថ្លែងការណ៍ ដោយសម្ដែងការព្រួយបារម្ភអំពីការធ្លាក់ចុះប្រជាធិប តេយ្យនៅកម្ពុជា ក្រោយពី បក្សប្រឆាំង ត្រូវបានរំលាយ។ ការណ៍នេះនាំអោយមន្ត្រីបក្សកាន់អំណាចកម្ពុជាប្រតិកម្មម្ដងរួចទៅហើយ។
ជាថ្មីម្ដងទៀតទាក់ទិននឹងសមាជិកសភាម៉ាឡេស៊ីម្នាក់នេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ក្នុងបទ សម្ភាសជាមួយវិទ្យុស្ត្រីថា ប្រទេសណាក៏មានច្បាប់មានរដ្ឋធម្មនុញ្ញរបស់ខ្លួនដែរ។ លោកបានចោទសួរថាតើ សមាជិកម៉ាឡេស៊ីរូបនេះបានយល់ខ្លះទេ អំពីរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយការធ្វើបែបនេះ គឺជាការបំពានអធិបតេយ្យ ប្រទេសដទៃ។ សម្រាប់កម្ពុជាមិនអាចទទួលយកបានការលើកឡើងរបស់អ្នកតំណាងរាស្ត្រម៉ាឡេស៊ីម្នាក់នេះ។ លោកថា លោក Wong Chen ជាសមាជិកម្នាក់មិនចេះច្បាប់ទំលាប់អ្វីឡើយ។
នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីកាលពីថ្ងៃម្សិលមិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានអះអាងថា គិតមកដល់ថ្ងៃទី ១៩កក្កដា គ.ជ.ប បានទទួលអ្នកសង្កេតការណ៍អន្តរជាតិជិត ៦០នាក់ ដែលមកពីប្រទេសផ្សេងៗ ហើយមានទាំងតំបន់អាស៊ានផងដែរ។ តែលោកមិនបានប្រាប់ឈ្មោះប្រទេសទាំងនោះទេ។ យ៉ាងណាគេមិនដឹងថា ប្រទេសម៉ាឡេស៊ីបានបញ្ជូនអ្នកសង្កេតការណ៍ចូលរួមដែរឬទេសម្រាប់ឃ្លាំមើលការបោះឆ្នោតខាងមុខនេះ។
ការបោះឆ្នោតនៅកម្ពុជាលើកនេះ មានចរន្តពីដើរផ្ទុយគ្នា។ ក្រុមបក្សកាន់អំណាច និងអ្នកគាំទ្របក្សចូលរួមការបោះឆ្នោតទទូចអោយពលរដ្ឋចេញទៅបោះឆ្នោតបានគ្រប់ៗគ្នា ហើយកុំជឿតាមការអំពាវនាវរបស់ក្រុមប្រឆាំងដែលកុំអោយពលរដ្ឋទៅបោះឆ្នោត។ ក្រុមបក្សប្រឆាំងដែលគាំទ្របក្សសង្រ្គោះជាតិបានបង្ហោះសារ និងវីដេអូឃ្លីបពន្យល់អំពីច្បាប់ និងសិទ្ធិរបស់ពលរដ្ឋដែលមានចែងការពារដោយរដ្ឋធម្មនុញ្ញ។
ក្រុមគាំទ្របក្សប្រឆាំងដែលមិនវត្តមានក្នុងការបោះឆ្នោតខាងមុខនេះ តែងតែទទូចអោយពលរដ្ឋធ្វើពហិការបោះឆ្នោត។ពួកគេលើកឡើងថា ការបោះឆ្នោតលើកនេះ គឺគ្មានន័យអ្វីឡើយ។
លោក ជួង ជូងី មេធាវីដ៏ល្បីម្នាក់បានធ្វើការពន្យល់តាមរយៈវីដេអូឃ្លីបមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈថា បើទោះបីពលរដ្ឋមិនទៅបោះឆ្នោត ឬនាំគ្នាមិនទៅបោះឆ្នោតគឺជាសិទិ្ធរបស់ខ្លួនម្នាក់ៗ។
លោកបានពន្យល់ដូចនេះថា៖«ហើយថា តាមច្បាប់ គឺប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបមានសិទ្ធិពេញលេញក្នុងការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត គ្មានបុគ្គលណាមួយ គ្មានក្រុមណាមួយ គ្មានបក្សណាមួយ អាចបង្ខំអោយប្រជាពលរដ្ឋអោយចូលបក្សរបស់ពួកគាត់ខុសពីឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ»។
គ្រាន់តែអ្នកសារព័ត៌មានសួរថា តើការបក្សស្រាយរបស់អ្នកច្បាប់រូបនេះ អាចទទួលយកបានទេ លោក សុខ ឥសាន្ត ច្រឡោតខឹងហើយចំអកថាមេធាវីម្នាក់នេះ មិនដែលការពារកូនក្ដីបានឈ្នះម្ដងណាឡើយ។ លោកថាមេធាវីរូបនេះ កំពុងដើរតួនាទីជាក្រុមប្រឹក្សាធម្មនុញ្ញដោយមិនដឹងថាខ្លួនធ្វើ សកម្មភាពខុសច្បាប់។
លោក សុខ ឥសាន្ត៖«តែយើងខ្ញុំមានការហួសចិត្តត្រង់មេធាវីការពារក្ដីមិនដែលឈ្នះក្ដីម្ដងណានោះ មកធ្វើវិភាគ ធ្វើខ្លឹមសាររដ្ឋធម្មនុញ្ញផ្ទុយពីតួនាទី ភារកិច្ច បស់គាត់ ដែលជាការរំលោភលើភារកិច្ច តួនាទីរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ»។
ការបោះឆ្នោតនៅថ្ងៃទី ២៩កក្កដា សប្ដាហ៍ក្រោយទៀតនេះ ស្ថិតក្នុងទិដ្ឋភាពនយោបាយពីរនៅចំពោះមុខ គឺ ទីមួយ ធ្វើឡើងដើម្បីបំពេញចិត្តពល រដ្ឋមាននិនា្នការគាំទ្របក្សកាន់អំណាច និងមួយទៀតមិនខ្វល់ពីសម្ពាធអន្តរជាតិមួយចំនួន និងក្រុមប្រឆាំងដែលប្រកាសថា មិនទទួលស្គាល់ការបោះឆ្នោតនេះ។
យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន អះអាងថា ការបោះឆ្នោតដែលមានបក្សនយោបាយចូលរួម ២០គណបក្សនេះ អាចរាប់បានជាពហុបក្ស ហើយ ធ្វើឡើងតាមឆន្ទៈពលរដ្ឋកម្ពុជា គឺមិនតម្រូវចិត្តក្រុមប្រឆាំងឡើយ៕