ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្ដីអំពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានីភ័យគ្រោះមហន្តរាយទឹកជំនន់។ នេះបើតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៩ កក្កដា ម្សិលមិញ។
តាមសេចក្ដីណែនាំនេះបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសកម្ពុជាមានដូចជា ខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ បាត់ដំបង ប៉ៃលិន បានទទួលរងនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងប្រឈមជាមួយនឹងការលិចលង់។ ដោយឡែក ទឹកទន្លេមេគង្គនឹងហក់ឡើងខ្លាំងផងដែរ ដោយសារទន្លេមេគង្គនៅប្រទេសឡាវ និងថៃ មានភ្លៀងធ្លាក់យ៉ាងច្រើន។
ជាការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានីខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ មិនខុសគ្នាពីនេះដែរ អាជ្ញាធរ ត្រូវត្រៀមកម្លាំងសរុប មធ្យបាយសរុប ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្តិភាពជាដាច់ខាតនៅពេលមានទឹកជំនន់កើតឡើង ដើម្បីការពារនូវអាយុជីវិត និងការខូចខាតផ្សេងៗដែលអាចកើតឡើង។
គួររំលឹកថា រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យភូមិ ឃុំ ស្រែចម្ការមួយចំនួនរងការលិច លង់ជាខ្លាំង។ យ៉ាងណាក្ដី ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា កម្ពុជាទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ រយៈពេលនេះផងដែរ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំងទៀតផង៕