ភ្នំពេញ ៖ ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើងនៅខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យកម្មការិនី ម្នាក់បាក់ដៃ និងកម្មការិនី ៤នាក់ផ្សេងទៀតរងរបួសស្រាល។ នេះបើយោងតាមការឲ្យដឹងពីប្រធានមន្ទីរការងារ ខេត្ដកំពង់ស្ពឺ ដែលបានប្រាប់វិទ្យុស្ដ្រី។
លោក ចឹក បូរិន ប្រធានមន្ទីរការងារ ខេត្ដកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដានេះ រថយន្ដដឹកកម្មកមួយគ្រឿង ដឹកកម្មការិនី ចំនួន ៣០នាក់ បានក្រឡាប់នៅចំណុចភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧត្ដុង ខេត្ដកំពង់ស្ពឺ ខណៈដែលរថយន្ដដឹកកម្មករ កំពុងធ្វើដំណើរក៏មានរថយន្ដមួយគ្រឿងទៀតបត់ពីមុខ។
ជាមួយគ្នានេះ ប្រធានមន្ទីរការងារខេត្ដកំពង់ស្ពឺ អំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវតែមានប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការ កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសលោកសំណូមពរ ដល់អ្នកបើករថយន្ដដឹកកម្មករ ត្រូវមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពីព្រោះតែមានអាយុជីវិតជាច្រើនដែលផ្ញើលើខ្លួន។
កម្មការិនី ដែលរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរាល់ការចំណាយសម្រាប់ការព្យាបាល បេឡាជាតិរបបសន្ដិសុខសង្គម គឺជាអ្នកទូទាត់៕