ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបានថ្វាយសារចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋជប៉ុន រងគ្រោះដោយសារទឹកជំនន់។
នៅក្នុងវីដេអូរយៈពេល ៦០វិនាទីដែលបានបង្ហោះផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន លោកឯកអគ្គរាជទូតជប៉ុន លោក ហូរីណុ អ៊ុជិ ហ៊ីដេហ៊ីសា ក៏បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមសោកស្តាយ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនជប៉ុននៅពេលដែលជួបការលំបាក។
គ្រោះទឺកជំនន់នៅភាគខាងលិចប្រទេសជប៉ុនបានបណ្ដាលអោយមនុស្ស ជិត ២០០នាក់ស្លាប់ និ ២លាននាក់ទៀត បានភៀសខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុនបានហៅឧប្បទ្ទវហេតុនេះថា ជាហេតុការណ៍អាក្រក់បំផុត ចាប់ពីជាង ១០ឆ្នាំមុន ដែលសម្លាប់មនុស្ស ជិត ៨០នាក់។
ខណៈប្រជាជនជប៉ុនកំពុងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ គេឃើញពលរដ្ឋកម្ពុជា និងអ្នកនយោបាយ បានផ្ញើសារចូលរួមរំលែកទុក្ខ ក្នុងនោះមានទាំងសម្ដេចនាយករដ្ឋន្ត្រីហ៊ុន សែន និងអតីត ប្រធានគណបក្ស ប្រឆាំងដែលនិរទេសខ្លួនគឺលោកសមរង្ស៊ី។ ចំណែកសាររបស់ពលរដ្ឋកម្ពុជាបានបួងសួង សុំអោយប្រទេសជប៉ុនឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕