ភ្នំពេញ ៖ មន្ដ្រីនាំពាក្យ ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយដោយបញ្ជាក់ថា ក្រសួងកំពុងតែស្វែងរកជនដែលប្រើឈ្មោះ សមាគមរៀតណាមនៅកម្ពុជា អំពាវានាវឲ្យពលរដ្ឋវៀតណាមនៅកម្ពុជា ទៅបោះឆ្នោតជូនសម្ដេច ហ៊ុន សែន ដោយចាត់ទុកថា នេះជាល្បិចរបស់ក្រុមប្រឆាំង។ ចំណែកឯប្រធានសមាគមវៀតណាម អះអាងថា Pageនោះ មិនមែនជា ទំព័រហ្វេសប៊ុករបស់ខ្លួនឡើយ។
លោក លៀ ស៊ីណារាយការណ៍ ៖
ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា បានសរសេរលើបណ្ដាញសង្គម ដោយអំពាវនាវឲ្យប្រជាជនវៀតណាម ដែលទទួលបានសញ្ជាតិខ្មែរ កំពុងរស់នៅលើទឹកដីកម្ពុជា ទាំងអស់ បោះឆ្នោតគាំទ្រសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី ០៦ ឆ្នាំ២០១៨។ ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេរទៀតថា ខ្លួនរង់ចាំជួយពលរដ្ឋវៀតណាម រស់នៅលើទឹកដីកម្ពុជា ដែលមិនទាន់ទទួលបានសញ្ជាតិខ្មែរ ឲ្យទទួលបានសញ្ជាតិគ្រប់ៗគ្នា បើទោះជាមិនចេះភាសាខ្មែរ និងច្បាប់សញ្ជាតិក្ដី។
៣ថ្ងៃប៉ុណ្ណោះ ក្រោយពីមានការចុះផ្សាយដូចនេះ ក្រសួងមហាផ្ទៃបានប្រកាសតាមចាប់ខ្លួន និងកំណត់គោលដៅថា អ្នកដែលបង្កើតព័ត៌មានដូច្នេះ គឺជាក្រុមបក្សប្រឆាំង ដែលមានបំណងរារាំងប្រជាពលរដ្ឋខ្មែរ ចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ទៅបណ្ដាញព័ត៌មាន Fresh News ថា អ្វីដែលផ្សព្វផ្សាយ តាមបណ្ដាញសង្គមនោះ គឺមិនមែនជាការពិតឡើយ ហើយពេលនេះ ក្រសួងកំពុងតែស៊ើបអង្កេត នឹងប្ដឹងទៅកាន់ក្រុមហ៊ុន ហ្វេសប៊ុក ដើម្បីចាត់វិធានការចំពោះ ហ្វេសប៊ុក ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតព័ត៌មាន ដើម្បីបង្កចលាចលនៅកម្ពុជា។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រំពឹងថា ក្រសួងនឹងរកជនក្លែងព័ត៌មាននោះ ឃើញក្នុងពេលឆាប់ៗ។
ទាក់ទិនរឿងនេះ អង្គការសង្គមស៊ីវិល ដែលធ្វើការងារ លើកិច្ចការពារសិទ្ធិមនុស្សនៅកម្ពុជា យល់ថា ដើម្បីបង្ហាញតម្លាភាព និងផ្ដល់ទំនុកចិត្ដប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគួរធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុនពេលមានការដាក់បន្ទុកទៅកាន់ក្រុមណាមួយ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ជុំវិញពីការស៊ើបអង្កេតពីព័ត៌មានក្លែងក្លាយនេះ ក្នុងនាមអង្គការសង្គមស៊ីវិលគឺមិនមានជំនាញនោះទេ។ ប៉ុន្ដែលោកយល់ថា រាល់ព័ត៌មានទាំងអស់មុននឹងសម្រេច ឬទម្លាក់ទៅលើក្រុមណាមួយ គួរតែមានការស៊ើបអង្កេត និងស្រាវជ្រាវដោយមន្ដ្រីជំនាញ ឲ្យបានច្បាស់លាស់ ៖«នេះបើសិនជា មានការបង្ហាញមានការស្រាវជ្រាវរកការពិតឃើញ ហើយបង្ហាញភស្ដុតាងមក គឺនណាក៏គេទទួលយកបាន គេជឿថា ក្រុមណាមួយជាអ្នកធ្វើ បើសិនជាមានការស៊ើបអង្កេត និងស្រាវជ្រាវ ទៅលើបច្ចេកវិទ្យា នៃព័ត៌មានវិទ្យាសម័យទំនើបនេះ»។
យ៉ាងណាជុំវិញពីការប្រកាសនៅលើទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា នេះ លោក ស៊ឹម ជី ប្រធានសមគមខ្មែរ-វៀតណានៅកម្ពុជា បានបដិសេធន៍ព័ត៌មាននោះ តាមរយៈបណ្ដាញព័ត៌មានក្នុងស្រុក ដោយអះអាងថា មិនពាក់ព័ន្ធនឹងសមាគមខ្មែរ-វៀតណាមនៅកម្ពុជាឡើយ។ ជាងនេះប្រធានសមាគមរូបនេះ យល់ថា នេះជាព័ត៌មានដែលឌិតឡើងក្នុងបំណងញុះញង់ ចង់បង្ខូចកេរ្ដិ៍ឈ្មោះសមាគមវៀតណាមនៅកម្ពុជា៕