ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងជាថ្មីទៀត ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះ ទី៩ ឈ្មោះ សុនទីញ នឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងដែលចុះនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ព្យុះទី៩ ឈ្មោះ សុនទីញ បាននិងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ។ ព្យុះនេះ នឹងធ្វើដំណើរកាត់កោះហៃណាំ រួចទៅដល់ឆ្នេរតុងកឹង (ប្រទេសវៀតណាម) នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមសេចក្ដីជូនដំណឹងនេះ ឥទ្ធិពលរបស់ព្យុះខាងលើ នឹងធ្វើឲ្យខ្យល់មូសុងនិរតីខ្លាំងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា បង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសពិសេសចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ នៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ជោកជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ក្រសួងក៏បានក្រើនរំលឹកដល់ប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនាំនាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕