ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ទទួលបានមូលនិធិហិរញ្ញប្បទានជិត ៥ លានដុល្លារអាមេរិក ដើម្បីតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៤ និងស្ថានីយ៍ទំនប់ស្វ័យប្រវត្តិ ៥៥ កន្លែងនៅទូទាំងប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP) ឱ្យដឹងថា គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៩។ មូលនិធិហិរញ្ញប្បទានផ្តល់ដោយមូលនិធិហិរញ្ញប្បទានដល់ប្រទេសមានការអភិវឌ្ឍន៍តិចតួច (Least Developed Countries Fund )នូវទឹកប្រាក់ចំនួន ៤,៩ លានដុល្លារអាមេរិកដែលគាំទ្រដោយអង្គការUNDP។
គម្រោងស្តារឡើងវិញនៃស្ថានីយឧតុនិយមស្វ័យប្រវត្តិត្រូវបានអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បច្ចុប្បន្នស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៤ កំពុងតម្លើងសម្រាប់ក្រសួងធនធានទឹក និងឧតុនិយមប្រើប្រាស់តាមដានព័ត៌មានក្នុងការផែនការ និងដំណោះស្រាយបឋម ដើម្បីត្រៀមខ្លួនជាមុនសម្រាប់ទប់ស្កាត់មហន្តរាយធម្មជាតិ។
គម្រោងនេះកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជានូវចំនុចខ្វះចន្លោះចំពោះហេដ្ឋារចនាសម្ព័ន្ធត្រូវការបំពេញចំនួនបីសំខាន់ៗ។ ចំណុចនោះ រួមមាន ការបង្កើនសមត្ថភាពសា្ថប័នអំពីព័ត៌មាននៃការព្យាការណ៍អាកាសធាតុ ជលសាស្ត្រ អាកាសធាតុ និងព័ត៌មានបរិស្ថាន។
ព័ត៌មានអាកាសធាតុ ដែលអាចប្រើប្រាស់បាន និងសម្រាប់ប្រើប្រាស់ផែនការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាការប្រាស័យទាក់ទងគ្នាឆ្លងដែនក្នុងតំបន់ផងដែរ។
ពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីដំណើរការ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៃអាកាសធាតុ រួមទាំងផ្នែកទន់និងផ្នែករឹងដើម្បីតាមដានអាកាសធាតុ។
ស្ថានីយឧតុនិយមស្វ័យប្រវត្តិត្រូវតម្លើងក្នុង ខេត្ត ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ តាកែវ កំពត កែប ខេត្តព្រះសីហនុ និងកោះកុង។ បើគិតត្រឹមថ្ងៃនេះ ស្ថានីយទី ១៣ បានតម្លើងនៅស្រុកអង្គរជ័យ ខេត្តកំពត៕