ក្រោយពីការបោះឆ្នោត ថ្ងៃទី ៩ឧសភា ដែលបក្សប្រឆាំងមានឱកាសឈ្នះឆ្នោត ដឹកនាំប្រទេសម្ដងក្នុងរយៈពេល ៦០ឆ្នាំ ឃើញថា បរិបទនយោបាយនៅប្រទេសម៉ាឡេស៊ីមានការប្រែប្រួល គួរកត់សម្គាល់។ ទាំងស្ថាប័នរដ្ឋធំៗក៏មានការប្រែប្រួលអារម្មណ៍ដែរ ហើយសូម្បីស្ថាប័នព្រះបរមរាជវាំងក៏ផ្ដើមប្រើប្រាស់ឥទិ្ធពលខ្លួនដែរ។ តើមានរឿងអ្វីប្លែកពីប្រទេសម៉ាឡេស៊ី ថ្ងៃនេះ ?
លោក រឿន ឬទី្ធ ជូនសេចក្ដីប្រែសម្រួល !
ព្រះមហាក្សត្រយាងចូលរដ្ឋសភា
នៅថ្ងៃអង្គារ ទី ១៧កក្កដា នេះ ប្រទេសម៉ាឡេស៊ីចាប់ផ្ដើមបើកទំព័រថ្មីមួយទៀត ដោយព្រះមហាក្សត្រពេញហឬទ័យជាខ្លាំងយាងទៅធ្វើអធិបតីក្នុងពិធីបើកសម័យប្រជុំសភាពេញអង្គជាលើកដំបូង នីតិកាលទី ១៤។ វត្តមានព្រះមហាក្សត្រ Sultan Muhammad មានការទាក់ទាញជាខ្លាំង។
ព្រះមហាក្សត្រ Sultan Muhammad បានកោតសរសើររដ្ឋាភិបាលថ្មីដឹកនាំដោយលោក បណ្ឌិត មហាធាមហាម៉ាត ថា ជាអង្គការនីតិប្រតិតបត្តិមួយស្អាតស្អំក្នុងការគ្រប់គ្រងថវិការបស់រដ្ឋ។
តាមប្រភពរបស់ទីភ្នាក់ងារម៉ាឡេស៊ី Bernama ព្រះមហាក្សត្រ Sultan Muhammad ក៏បានគាំទ្ររដ្ឋាភិបាលផងដែរ ក្នុងការពិនិត្យឡើងវិញគំរោងអភិវឌ្ឍមួយចំនួនសង្ស័យកើតមានអំពើពុករលួយ។
ប៉ុន្តែអ្វីដែលសមាជិកសភាភ្ញាក់ផ្អើលគឺព្រះអង្គហាក់ថ្លែងចំអកអោយក្រុមប្រឆាំងមកពីគណបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រីណាជីព ដែលបានធ្វើពហិការកាលពីថ្ងៃម្សិលមិញ ក្នុងការ បោះឆ្នោត ជ្រើសរើសចៅក្រមចូលនិវត្តន៍គឺលោក Mohamad Ariff Yusof ។
គ្រាន់តែយាងចូលរដ្ឋសភាភ្លាមព្រះមហាក្សត្រមានបន្ទូលថា សូមអស់លោកអង្គុយចុះ តែសុំកុំរត់ចេញពីប្រជុំ។ បន្ទូលរបស់ព្រះអង្គធ្វើអោយមានបរិយាសកងរំពងប្រកបដោយសំណើច តែសំខាន់ គឺ ប្រប្រឆាំងរបស់បក្ស UMNO ដែលត្រូវព្រះមហាក្សត្រវាយប្រហារ។ ក្រោយពីព្រមហាក្សត្រ មានបន្ទូលចប់គឺជាសេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីមហាធាមហាម៉ាត។
មហាធាសន្យាបើកចំហសេរីភាពសមាជិកសភា
លោកបណ្ឌិតមហាធាមហាម៉ាត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកណាជីព ដែលមានរឿងអាស្រូវពុករលួយច្រើនរយលានដុល្លារ។ លោកបានឈ្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ៩ឧសភា។ ជ័យជម្នះរបស់លោកមហាធាត្រូវបានមើលឃើញថា ដោយសារបក្ស របស់លោកមានគោលនយោបាយធ្វើអោយមានតម្លាភាពនៃការគ្រប់គ្រងថវិកាជាតិនិង សន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ។
នៅក្នុងកិច្ចប្រជុំសភា លោក មហាធា បានសន្យាថា អាណត្តិរបស់លោក គឺជាសេរីភាពរបស់សមាជិកសភា។ លោកថា សមាជិកសភាត្រូវតែបានលើកទឹកចិត្តអោយបញ្ចេញទស្សនៈ ដោយសេរីស្របតាមរដ្ឋធម្មនុញ្ញ។
លោកថា គោលនយោបាយរបស់គណបក្ស Pakatan Harapan គឺមិនត្រូវរឹតត្បិតសមាជិកសភាដែលចង់បង្ហាញអារម្មណ៍ ឬ ប្រាប់អ្នកសារព័ត៌មានអំពីរឿងអ្វីមួយនោះទេហើយការកោះហៅរដ្ឋមកចោទសួរក៏លោកមិនបិទបាំងឬ រារាំងឡើយ។
ការអះអាងរបស់លោកមហាធានាំអោយមានការទះដៃហើយក្រោយមកព្រះមហាក្សត្រក៏មានបន្ទូលកោតសរសើរទៀត ដោយចាត់ទុកថា ពិតជាមានតម្លាភាពមែន។ តែអ្វីគួរចម្លែងទៀតនោះ គឺ លោក ណាជីព បានឡើងតបទល់។
ណាជីពទទូចសុំឱ្យបក្សកាន់អំណាចកុំធ្វើទុក្ខបុកម្នេញសមាជិកសភារបស់លោក
នេះជាលើកដំបូងហើយ ដែលក្រុមអ្នកនយោបាយមកពីបក្ស UMNO ថ្លែងសុំអង្វរកុំអោយមានរបបនយោបាយសងសឹកដែលខ្លួនគេផ្ទាល់កម្រនិយាយបែបនេះណាស់ពេលខ្លួនមានអំណាច។
លោក ណាជីព រ៉ាហ្សាក់ ដែលស្ថិតក្នុងលក្ខខណ្ឌបង់ប្រាក់ធានានៅក្រៅឃុំ បាននិយាយមួយៗ ដោយទឹកស្ងួតស្ងាត់ថាលលោកសុខចិត្តទទួលយកតួនាទីជាសមាជិកសភានៃបក្សប្រឆាំងវិញម្ដង គឺដើម្បីអោយលោកបន្តបម្រើជាតិបម្រើប្រជាជនបន្តទៀតដើម្បីអោយ មានប្រជាធិបតេយ្យ ជឿនលឿន។ លោកសង្ឃឹមថា រដ្ឋាភិបាល Pakatan Harapan មិនចងគំនុំដើម្បីសងសឹកគ្នានោះទេ។
ណាជីពជាប់ចោទរំលោភអំណាចរដ្ឋនិងពុករលួយ
ពីរបទចោទធំៗនេះហើយដែលនាំអោយលោកណាជីព និងបក្ស UMNO មានភាពអាម៉ាស់យ៉ាងខ្លាំង។ លោកទទួលបានការអនុញ្ញតិនៅក្រៅឃុំ ដោយការបង់ប្រាក់ធានា ២៥ម៉ឺនដុល្លារ។
លោកត្រូវបានចោទករណីពាក់ព័ន្ធនឹងការលួចលុយជាតិ ៦៨១លានដុល្លារ ពីធនាគាររបស់រដ្ឋ 1 MDB មកដាក់គណនីរបស់ខ្លួន។ សំណុំរឿងនេះ នាំអោយលោកណាជីពប្រឈមនឹងការផ្ដន្ទាទោស រយៈពេល ២០ឆ្នាំ។ រឿងអាសត្រូវនេះហើយ នាំអោយមានការផ្លាស់ប្ដូរការដឹកនាំ នៅម៉ាឡេស៊ី។ លោក ណាជីពនៅក្នុងប្រជុំសភា នៅថ្ងៃនេះ មិនបាននិយាយទាក់ទងនឹងរឿងអាស្រូវរបស់លោកនោះទេ។ តែលោកសុំតែម្យ៉ាងកុំបង្ករភាពតានតឹងខាងនយោបាយ។
ហាក់ឆ្លើយតបនឹងលោកណាជីព ព្រះមហាក្សត្រ Sultan Muhammad V ក៏បានទទូចដល់អ្នកនយិបាយទាំងអស់សុំទុករឿងជាតិជាធំ ហើយជួយធ្វើយ៉ាងណាកុំមានភាពតានតឹងផ្នែកនយោបាយ។ ព្រះអង្គថា ការឯកភាពជាតិ គឺជាអាទិភាពជាងគេនៃប្រទេសជាតិម៉ាឡេស៊ី៕