ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែកញ្ញាម្សិលមិញ។
យោងតាមទំព័រហ្វេកប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សរសេរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះ ឲ្យដឹងថា លោក និងគណៈប្រតិភូកម្ពុជា បានត្រឡប់មកដល់ កម្ពុជាហើយ បន្ទាប់ពីលោកទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ (UN) នៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី ២៣ ខែ កញ្ញា កន្លងទៅ។
នៅក្នុងទំព័រហ្វេកប៊ុកផ្លូវការរបស់លោក នាយករដ្ឋមន្ដ្រី បានសរសេរឲ្យដឹង បន្ដថា ការវិលត្រឡប់របស់លោកនាយករដ្ឋមន្ដ្រី ពីការចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ ប្រកបដោយផ្លែផ្កា ជាទីមោទនៈ។
លោកថា «ព្រះខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមថែរក្សាសន្តិភាពដល់សង្គមជាតិយើង ដែលជាសេចក្តីត្រូវការចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ និងគណៈប្រតិភូកម្ពុជាបានវិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ ប្រកបដោយផ្លែផ្កាជាទីមោទនៈបំផុត»។
សូមជម្រាបថា ក្នុងដំណើរបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់អង្គការសហប្រជាជាតិនេះ លោកបានថ្លែងសុន្ទរកថាចំនួន២លើក គឺនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ២០១៥ ដែលធ្វើឡើង នៅថ្ងៃទី២៦ ខែកញ្ញា និងនៅក្នុងកិច្ចប្រជុំស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ស្ត្រី ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ។ បេសកកម្មរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់អង្គការសហប្រជាជាតិនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីមានការអាក់ខានអស់យៈពេល១០ឆ្នាំមកនេះ។
ក្នុងដំណើរបេសកកម្មនេះ លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយអ្នកគាំទ្រប្រមាណ២០០នាក់ តែក៏មានព័ត៌មានពីការតវ៉ា របស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បារាំង និងកាណាដា ដែលបានទៅជួបជុំគ្នានៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ដោយបានលើកបដាទាមទារឲ្យលោកចុះចេញពីតំណែងផងដែរ៕