ភ្នំពេញ៖ អាជ្ញាធរថៃបានចាប់ពលករខ្មែរខុសច្បាប់បញ្ជូនមកវិញក្នុងមួយ ថ្ងៃប្រមាណ ៥០ទៅ១០០នាក់ ខណៈរាជរដ្ឋាភិបាលថៃរឹតបន្ដឹងច្បាប់ការងារ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពនេះ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០១៨ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក សួនបវរអភិបាលខេត្តឱ្យដឹងថា ក្រសួងមហាផ្ទៃបានជូនដំណឹងរដ្ឋបាលមកកាន់សាលាខេត្តបន្ទាយមានជ័យដែលបញ្ជាក់ថា រដ្ឋាភិបាលថៃបានរឹតបន្តឹងច្បាប់ការងារនៅប្រទេសថៃ ។
ការរឹតបន្តឹងនេះបាននាំមានការចាប់ពលករដែលធ្វើការគ្មានច្បាប់បញ្ជូនមកវិញ។ ជាក់ស្តែង រយៈពេល ២ទៅ ៣ថ្ងៃនេះ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ១ថ្ងៃ មានប្រមាណ ៥០ ទៅ ១០០នាក់ ។
យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ ២០១៨ ការងារប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់គ្រងទេសន្តប្រវេសន៍ គឺពលករខ្មែរ ដែលត្រូវភាគីថៃចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន ១ពាន់ ៨៩៣នាក់ ស្រី ៦១៧នាក់ និងកុមារ ១៧៣នាក់ ៕