ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី ក្នុងខេត្ត ព្រះសីហនុ ដោយសារទឹកជន់ហូរកាត់ផ្លូវ នៅព្រឹកថ្ងៃ ទី ១៧ ខែ កក្កដានេះ។
ក្រសួងបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី នៃគីឡូម៉ែត្រលេខ ១០៦-១០៧ ទឹកភ្លៀងជន់លិចហូតកាត់ផ្លូវជាតិប្រវែងជាង ១០០ ម៉ែត្រ ដែលមានកម្ពស់ទឹកត្រឹមក្បាលជង្គង់។ទឹកជំនន់នេះដោយសារភ្លៀងធ្លាក់ជោគជាំតាំងពីយប់ហើយភ្លៀងបន្តធ្លាក់រហូតដល់ព្រឹកមិញនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ១៨ ខែ កក្កដានេះ។ប្រព័ន្ធសម្ពាធទាបអូលកាត់លើអាងទន្លេមេគង្គក្នុងប្រទេសឡាវនឹង ធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់។ អាកាសធាតុបែបនេះ ក៏នឹងធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសផងដែរ៕