ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ប្រាប់ទៅរដ្ឋាភិបាលកម្ពុជាអោយកែលម្អនូវស្ថានការណ៍អាក្រក់ៗកន្លងមកឲ្យទៅរកភាពដើមឡើងវិញ ហើយព្រមានបិទការអនុគ្រោះពន្ធនៅកម្ពុជា។ ការណ៍នេះ បានធ្វើអោយអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនព្រួយបារម្ភដល់ជីវភាពរបស់កម្មករ ជាពិសេសកម្មការិនីនៅក្នុងវិស័យកាត់ដេរដែលជាក្រុមងាយរងផល់បះពាល់ជាងគេ។ ពួកគាត់ថា កម្មការីនិ ទៅដល់ ៩០ភាគរយកំពុងទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីវិស័យនេះ។
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!
កាលពីថ្ងៃទី ១១កក្កដា គណៈប្រតិភូសភាអឺរ៉ុបមួយក្រុមបានមកកាន់កម្ពុជា រយៈពេល ៦ថ្ងៃ ដោយបានជួបមន្ត្រីកម្ពុជាច្រើនស្ថាប័ន និងមន្ត្រីសង្គមស៊ីវិល ។
ក្រោយពីសិក្សាស្រាវជ្រាវ យក្រុមនេះ បានចេញសេចក្ដីជូនដំណឹងថា ការដកគំរោងអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាក្នុងកម្មវិធី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA គឺជាជម្រើសចុងក្រោយរបស់សហភាពអឺរ៉ុប បើ ភាគីកម្ពុជា មិនបានផ្ដល់ដំណោះស្រាយ ធ្វើអោយ ប្រជាធិបតេយ្យរស់ឡើង ដោយការបោះឆ្នោត ត្រូវតែមានវត្តមានបក្សប្រឆាំង។ ការជូនដំណឹងនេះ ធ្វើឡើងមុន សភាអឺរ៉ុប សម្រេចម្ដងទៀត អំពីវិធានការចុងក្រោយ។
កម្ពុជាជាប្រទេសទទួលបានការអនុគ្រោះពន្ធក្នុងគំរោង EBA ដែលមាន ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ទីផ្សារអឺរ៉ុបគិតត្រឹមឆ្នាំ ២០១៧។
ទាក់ទិនរឿងនេះ ក្រុមសង្គមស៊ីវិល និងសហជីពមួយចំនួនកំពុងព្រួយបារម្ភពីការសម្រេចចិត្តរបស់សភាអឺរ៉ុបមកលើកម្ពុជា និងការសម្រេចចិត្តរបស់់រដ្ឋាភិបាលតបទៅនិងសភាអឺរ៉ុប។ ជាមួយគ្នានេះ គេនឹងរង់ចាំមើលបើសភាអឺរ៉ុបពិតជាបិទការអនុគ្រោះពន្ធលើការនាំទំនិញចូលពិតមែន តើនឹងប៉ះពាល់អ្វីខ្លះដល់កម្ពុជា ពិសេសកម្មការិនីធ្វើការនៅក្នុងវិស័យកាត់ដេរដែលមានជាង ៧០ម៉ឺននាក់។
លោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដីដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះថា បើសភា អឺរ៉ុបសម្រេចលុបចោលការអនុគ្រោះពន្ធមកលើកម្ពុជាមែននោះ សេដ្ឋកិច្ចកម្ពុជានឹងទទួលរងប៉ះពាល់ ហើយអ្នកដែលរងគ្រោះធ្ងន់ជាងគេ គឺស្រ្ដីដែលធ្វើការតាមរោងចក្រ។
លោក ព្រាប កុល៖«វិស័យកាត់ដេរគឺជាកន្លែងសម្រាប់ស្រ្ដីគាត់ធ្វើការច្រើន ទីមួយ។ ទីពីរ នៅពេលដែលបាត់បង់ឱកាសការងារហ្នឹង ស្រ្ដីនឹងរកឱកាសការងារផ្សេងទៀត វាមានអាចមានការលំបាកសម្រាប់ស្រ្ដី ។ដូច្នេះខ្ញុំគិតថា ស្រ្ដីអាចរងគ្រោះច្រើនជាងគេពីបញ្ហានឹង។នេះយើងមិនទាន់គិតពីផល ប៉ះពាល់ផ្សេងៗទៀតដូចជាគាត់ត្រូវទំនុកបម្រុងដល់ក្រុមគ្រួសារ ឱពុកម្ដាយគាត់ចាស់ៗ ហើយគាត់ត្រូវបង់ប្រាក់ទៅមីក្រូហិរញ្ញាវត្ថុដែលជាកម្ចី»។
តាម លោក ព្រាប កុល ក្នុងចំណោមកម្មករ ៨០ម៉ឺននាក់ មាន ៩០ភាគរយ ជាស្រ្ដី ។
លើកឡើងស្រដៀងគ្នានេះដែរ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាយល់ឃើញថា ការផ្ដាច់អនុគ្រោះពន្ធ គឺពិតជាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពស្រ្ដី។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖« ខ្ញុំគិតថា ទាំងកម្មករ ទាំងពលរដ្ឋគាត់មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការផ្ដាច់អនុគ្រោះពន្ធ កម្មកររកចំណូលគាត់មិនមែនចិញ្ចឹមតែខ្លួនគាត់ម្នាក់ឯងទេ គាត់ចិញ្ចឹមអ្នកនៅក្នុងបន្ទុកគ្រួសាររបស់គាត់ទៀត…»។
ជុំវិញរឿងនេះដែរ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរក៏មានការព្រួយបារម្ភដូចគ្នាទាក់ទងនឹងការផ្ដាល់អនុគ្រោះពន្ធ សភាអឺរ៉ុប។ តែបែបនេះក្ដី លោកនៅតែជឿជាក់ថា សភាអឺរ៉ុបនឹងមិនសម្រេចដកការអនុគ្រោះពន្ធពីកម្ពុជានោះទេ។
លោក ខេន លូ៖«ស្រុកខ្មែរយើងមានការអភិវឌ្ឍន៍ច្រើន ហើយទាក់ទងនិងសិទ្ធិកម្មករ និងសិទ្ធិមនុស្សផ្សេងៗ ចឹងខាងយើង(សមាគមរោងចក្រកាត់ដេរ ) ជឿជាក់ថា សហភាពអឺរ៉ុប គេអត់ដកទេ …»។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សភាអឺរ៉ុបបានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរទុកកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលមានឈ្មោះថា Everything but Arms មានន័យថា «អនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ដើម្បីឆ្លើយតបទៅនឹងការប្រព្រឹត្តអាក្រក់ឡើងវិញនៅកម្ពុជា។
ជំហានរបស់សហភាពអឺរ៉ុបបែបនេះ អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ដែលបានលក់ទំនិញនាំចេញប្រហែលពាក់កណ្តាលទៅសហគមន៍អឺរ៉ុប ហើយភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង ជាផ្នែកមួយនៃឧស្សហកម្មដែលបានផ្តល់ការងារដល់ពលរដ្ឋជាង៨០ម៉ឺននាក់នៅប្រទេសកម្ពុជា។
សហភាពអឺរ៉ុបមាន ២៧ប្រទេស។ សហភាពអឺរ៉ុបជាទីផ្សារធំទី១ សម្រាប់ទំនិញសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដែលទំហំពាណិជ្ជកម្មបានកើនជាង ៨៣ពាន់លានដុល្លារ។
នៅរយៈពេលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងលើ ស្រ្តីក្នុងវិស័យកាត់ដេរ។ ក្នុងគោលនយោបាយថ្មីនេះ កម្មការិនី ដែលទៅពិនិត្យសុខភាព ឬពិនិត្យផ្ទៃពោះ មិនត្រូវចំណាយប្រាក់ទេ អោយតែទៅពិនិត្យនៅពេទ្យរដ្ឋ ។ បន្ថែមលើ់សនេះ រាជរដ្ឋាភិបាលក៏បាន បង្កើតគំរោងផ្ដល់សេវាសម្រាលកូនទៀតផងសម្រាប់គ្រប់កម្មការិនី ដោយផ្ដល់ប្រាក់ ៤០ម៉ឺនរៀល សម្រាប់កូនម្នាក់ ហើយបើពីរនាក់បាន ៨០ម៉ឹនរៀល។
ការដាក់ចុះគោលនយោបាយនេះ ក៏ជាការឆ្លើយបតបនឹងសេចក្ដីត្រូវការរបស់កម្មការិនីដែលកំពុងធ្វើអោយវិស័យកាត់ដេរ មានសន្ទុះជាខ្លាំងក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សម្ដេចនាយរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជួយកម្មករកម្មការិនីខ្លាំងណាស់ តែបើមានការដាក់ទណ្ឌកម្មលើវិស័យនេះ ដោយសហរដ្ឋអាមេរិកក្ដី សហភាពអឺរ៉ុបក្ដី គឺជាកំហុសមួយរបស់អ្នកនយោបាយនៃសហគមន៍អន្តរជាតិនេះ ដែលដើរតាមការញុះញុងរបស់បក្សប្រឆាំងកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានទទូចអោយកម្មករកម្មការិនីយោគយល់ដល់បក្សប្រជាជនកម្ពុជាផង បើរឿងនេះ កើតមាន។ តែសម្ដេចព្រមានថា ទីផ្សាររបស់កម្ពុជាមិនមានតែសហភាពអឺរ៉ុបនោះទេ៕