ភ្នំពេញ ៖ មានកម្មករ កម្មការិនី ជាង ១០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ កាលពីថ្ងៃទី១២ និងទី ១៣ ខែកក្កដា នៅរោងចក្រចំនួន ០២ ស្ថិតកក្នុងខេត្ដកំពង់ចាម។ មន្ដ្រីរបស់មន្ទីរការងារខេត្ដកំពង់ចាម បានឲ្យដឹងថា កម្មករ ទាំងពីររោងចក្រនោះ គឺមានបញ្ហាប្រព័ន្ធបច្ចេកនៅរោងចក្រមួយ និងរោងចក្រមួយទៀតកម្មករ សន្លប់ព្រោះតែភ័យតគ្នា។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ៖
មន្ដ្រីមន្ទីរការងារខេត្ដកំពង់ចាម បានឲ្យដឹងថា កម្មករ កម្មការិនី បានដួលសន្លប់ភ្លាមៗនៅរោងចក្រស្បែកជើង ជូ ហួយ ប្រមាណជិត ៥០នាក់ ហើយក្នុងនោះមានស្ដ្រីមានផ្ទៃពោះចំនួន ០៤នាក់។ មូលហេតុដែលបណ្ដាលឲ្យក្រុមកម្មករ កម្មការិនី ដួលសន្លប់ដូច្នេះ គឺបណ្ដាលមកពីរោងចក្រ ជូ ហួយ ខ្វះប្រព័ន្ធខ្យល់ចូលក្នុងរោងចក្រ។
លោក ចេង ហ៊ាង ប្រធាននាយកដ្ឋានការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត កំពង់ចាម បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី ១៤ ខែកក្កដា នេះថា កាលពីថ្ងៃទី១២ ខែកក្កដា កម្មករ កម្មការិនី ចំនួន ៤៦ នាក់ក្នុងចំណោម ១០០០នាក់ របស់រោងចក្រ ជូ ហួយ បានដួលសន្លប់ជាបន្ដបន្ទាប់។ លោកបន្ដថា ក្រោយពីកើតហេតុការណ៍ លោកក៏ដូចជាមន្ដ្រីជំនាញរបស់មន្ទីរការងារខេត្ដបានចុះទៅភ្លាមៗ ដើម្បីស្វែងរកមូលហេតុ និងជួយសង្គ្រោះកម្មករ។ មន្ដ្រីជំនាញរកឃើញថា រោងចក្រ ជូ ហួយ ខ្វះខ្យល់ចូលក្នុងរោងចក្រ ដែលហេតុនាំឲ្យហប់ ពិបាកដកដង្ហើម ទើបសន្លប់ដូច្នេះ។
លុះដល់ថ្ងៃទី១៣ ខែកក្កដា កម្មករ កម្មការិនី នៅរោងចក្រ សាន់ ស៊ូហ្គាមិន ដែលជារោងចក្រមួយនៅទល់មុខ និងរោងចក្រ ជូ ហួយ ក៏បានបានដួលសន្លប់ដែរ ប៉ុន្ដែមូលហេតុគឺបណ្ដាលមកពី ពួកគេភិតភ័យនៅពេលដែល ឮ ថា មិត្ដរួមការងាររបស់ពួកគេ ត្រូវខ្មោចចូល។ តែយ៉ាងលោក ចេង ហ៊ាង បញ្ជាក់ថា រោងចក្រ សាន់ ស៊ូហ្គាមិន មិនមានបញ្ហាខុសប្រព័ន្ធបច្ចេកទេសឡើយ ៖«ដើមហេតុដំបូងចេញពីរោងចក្រ ជូ ហួយ រោងចក្រហ្នឹងគឺប្រព័ន្ធខ្យល់ចេញ-ចូលវាអត់គ្រប់ ដល់អញ្ចឹងទៅគាត់ឮតគ្នាទៅ ទូរស័ព្ទប្រាប់គ្នាតៗគ្នាទៅ ទៅជាឆ្លងមកមួយទៀតមក និងមួយទៀត គឺមានអ្នកចូលរូប ខ្មោចចូល អីណា ប្រាប់គ្នីប្រាប់គ្នាទៅ ក៏ផ្អើល»។
កម្មករ កម្មការិនី ដែលសន្លប់ទាំងអស់ មន្ដ្រីមន្ទីរការងារខេត្ដបញ្ជាក់ថា មានជាង ១០០នាក់ ក៏ប៉ុន្ដែលោកមិនចាំតួលេខនោះទេ។ យ៉ាងណាគិតមកដល់ថ្ងៃទី១៤ ខែកក្កដានេះ កម្មករ កម្មការិនី ដែលដួលសន្លប់ទាំងអស់នោះ បានត្រឡប់ទៅផ្ទះវិញហើយ។ ចំពោះរោងចក្រ ជូ ហួយ មន្ទីរការងារខេត្ដ បានព្រមានឲ្យថៅកែ រៀបចំកែលម្អប្រព័ន្ធបច្ចេករបស់ខ្លួនឡើងវិញ ហើយតម្រូវឲ្យកម្មករ កម្មការិនី ទាំងអស់ មិនថា អ្នកសន្លប់ ឬមិនសន្លប់នោះទេ បានឈប់សម្រាកដោយមិនត្រូវកាត់ប្រាក់ខែ រហូតដល់រោងចក្រនេះ បានរៀបចំប្រព័ន្ធបច្ចេកទេស ស្របទៅតាមលក្ខខណ្ឌសុវត្ថិភាព ដូចសេចក្ដីណែនាំរបស់ក្រសួងការងារ។ ដោយឡែកសម្រាប់រោងចក្រ សាន់ ស៊ូហ្គាមិន កម្មករ កម្មការិនី ត្រូវចូលធ្វើការវិញធម្មតា ព្រោះរោងចក្រនេះមិនមានបញ្ហាខុសបច្ចេកទេសអ្វីឡើយ។
ជុំវិញបញ្ហានៃការដួលសន្លប់នេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍រំឮកថា កម្មករ កម្មការិនី ប្រសិនបើមានអាការ មិនស្រួលខ្លួន ត្រូវតែប្រញាប់ទៅពិនិត្យសុខភាព កុំបណ្ដោយឲ្យជំងឺរាលដាលរហូតដល់សន្លប់។ លើសពីនេះ លោកក៏ស្នើឲ្យក្រុមថៅកែ និយោជក ត្រូវពិនិត្យមើលឡើងវិញពីស្ថានភាព បរិយាកាស ក្នុងអាគាររោងចក្ររបស់ខ្លួន ឲ្យស្របទៅនឹងសេចក្ដីណែនាំ និងសេចក្ដីប្រកាសរបស់របស់ក្រសួងការងារ ស្ដីពីការទប់ស្កាត់ករណីដួលសន្លប់។
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ទៅកាន់ម្ចាស់ និងនាយកសហគ្រាស់ គ្រឹះស្ថាន នូវគោលការណ៍ចំនួន ១១ចំណុច ដែលក្រសួងការងារ បញ្ជា ឲ្យក្រុមនិយោជក អនុវត្ដតាមឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការ ការកើតមានករណីដួលសន្លប់ជា យថាហេតុ ដែលបណ្ដាលមកពីបរិយាកាសទាំងក្នុង និងក្រៅអាគារផលិតកម្ម ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏បានព្រមានទុកជាមុនផងដែរ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រព្រឹត្ដល្មើស ផ្ទុយនឹងសេចក្ដីជូនដំណឹងនេះ គឺក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន៕