ភ្នំពេញ៖ មនុស្សយ៉ាងតិចពីរនាក់ស្លាប់ សង្ស័យពុលស្រាស ហើយអ្នកភូមិប្រមាណ ៥០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្ត ក្រចេះ។
កាលពីថ្ងៃទី ១១ ខែ កក្កដា កម្មករក្រុមហ៊ុនចំការកៅស៊ូ ភូ រៀង ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានជួបជុំគ្នាទទួលទានស្រាសអស់ប្រហែល ២លីត្រក៏មានអាការស្រវាំងភ្នែក វិលមុខ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះភ្លាប់ៗ។ ប៉ុន្មានម៉ោង បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ស្ត្រីម្នាក់បានស្លាប់ក្នុងយប់ថ្ងៃដដែល។ មួយថ្ងៃបន្ទាប់មកទៀត ស្ត្រីម្នាក់ទៀតក៏បានស្លាប់ដែរ។
នៅថ្ងៃទី ១៣ ខែកក្កដា ម្ចាស់ក្រុមហ៊ុនចំការកៅស៊ូបានជួយធ្វើបុណ្យសព ក្នុងក្រុមហ៊ុន ហើយអ្នកភូមិដែលទៅចូលរួមកំដរបុណ្យសពនាំគ្នាផឹកស្រាសក៏ចាប់ផ្តើមមានអាការ ស្រវាំងភ្នែក វិលមុខ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោក ព្រំ ភិរម្យ ស្មៀនឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ឲ្យដឹងថា ពិតជាមានករណីអ្នកភូមិស្លាប់មែនដែលគេសង្ស័យថា មកពីពុលស្រាស។ លោក ភិរម្យ បន្ថែមថា មានអ្នកភូមិប្រមាណ ៥០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក។
លោកព្រំ ភិរម្យ ៖«មានពុលស្រាមែនតើ ព្រោះពុលស្រានៅក្រុមហ៊ុន នៅគីឡូ មានស្លាប់ពីរនាក់ អ្នកភូមិឃុំស្នួលម្នាក់ និងស្លាប់នៅកន្លែងគីឡូម្នាក់។ សុំអំពាវនាវសមត្ថកិច្ចតាមពិនិត្យមើលអ្នកបិទស្រាស ឱ្យតាមបច្ចេកទេស កុំដាក់ថ្នាំដាក់អី ភាគច្រើនពុលមិនមែនមកស្រាបិទទេ ពុលអាស្រាគេដាក់មេដាក់អី»។
បើតាមលោក ចាន់ លី ធុន មេប៉ុស្តិ៍ស្រុកស្នួលខេត្តក្រចេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុជាក់លាក់បានទេ ករណីអ្នកភូមិស្លាប់នេះ។
កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨ ក្រសួងពាក់ព័ន្ធបីអះអាងថា ពលរដ្ឋពុលស្រាសស្លាប់ ១៤នាក់ និងជិត៣០០នាក់ធ្លាក់ខ្លួនឈឺ ដោយសារស្រាសមានសាធារតុមេតាណុលកម្រិតខ្ពស់។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងឆ្នាំ ២០១៧ អ្នកភូមិពុលស្រា ១៣ ករណី បណ្តាលឱ្យស្លាប់ពីរនាក់ នៅខេត្តមណ្ឌលគិរី។ ឆ្នាំ ២០១៦ អ្នកភូមិពុលស្រា ៩២ ករណី ដែលបណ្តាលឱ្យស្លាប់ ១៥ នាក់ ក្នុងខេត្តកំពងឆ្នាំង ហើយនៅឆ្នាំ ២០១៥ អ្នកភូមិពុលស្រាមាន ២៨៤ ករណី ក្នុងនោះស្លាប់ ៣៣ នាក់។ ករណីពុលស្រាកើតមាននៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី៕