en     km
en     km

រថយន្ដ​ Lexus​ ពាក់​ស្លាក​លេខ​នគរបាល​ ដែល​បិទ​ស្លាក​គណបក្ស​ CPP​ ត្រូវ​ឃាត់​ និង​បញ្ជូន​ទៅ​ គ​.​ជ​.​ប​

Share

​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឃាត់​រថយន្ដ​ ដែល​ពាក់​ស្លាក​លេខ​ “​នគរបាល​”​ និង​ម្ចាស់​ យក​មក​ធ្វើការ​ដាក់​ពិន័យ​ និង​បក​ស្លាក​គណបក្ស​ ប្រជាជន​កម្ពុជា​ ចេញពី​រថយន្ដ​នោះ​ ហើយ​បញ្ជូន​មន្ដ្រី​ដែល​យក​រថយន្ដ​ រដ្ឋ​ទៅ​ឃោសនា​បម្រើ​ឲ្យ​បក្ស​ន​យោ​យ​បាយ​នោះ​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាត់ការ​ទៅ​តាម​នីតិ​វ​ធី​ និង​ច្បាប់បោះឆ្នោត​។​ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​។​

​ការ​ឃាត់​រថយន្ដ​ និង​ម្ចាស់​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ដាក់​បញ្ជា​ដោយ​ផ្ទាល់​ពី​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​តាម​ស្រាវជ្រាវ​ និង​ចាត់វិធានការ​លើ​មន្ដ្រី​ដែល​យក​រថយន្ដ​ របស់​រដ្ឋ​ទៅ​ឃោសនា​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​។​ ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​រក​ឃើញ​ថា​ រថយន្ដ​ Lexus​ ដែល​ពាក់​ស្លាក​លេខ​ នគរបាល​ 2-0996​ គឺជា​របស់​មន្ដ្រី​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។​ ក្រោយ​រក​ឃើញ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ដាក់​ពិន័យ​មន្ដ្រី​ ដែល​ជា​ម្ចាស់​រថយន្ដ​នោះ​ និង​បក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បញ្ជូន​សំណុំរឿង​នេះ​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ និង​ច្បាប់បោះឆ្នោត​។​

​គួរ​ជម្រាប​ថា​ យោង​តាម​ច្បាប់​របស់​ គ​.​ជ​.​ប​ មន្ដ្រីរាជការ​ស៊ី​វិល​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ កង​យោធពលខេមរភូមិន្ទ​ នគរបាល​ជាតិ​ និង​មន្ដ្រី​តុលាការ​ គឺ​នឹង​មានទោស​ប្រសិនបើ​ពួក​គេ​ យក​ម៉ោង​កំពុង​បំពេញការងារ​ និង​សម្ភារ​ផ្សេងៗ​ របស់​រដ្ឋ​ទៅ​បម្រើ​ឲ្យ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ គ្រប់​គណបក្ស​នយោបាយ​ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ ។​ ក៏​ប៉ុន្ដែ​រថយន្ដ​ពាក់​ស្លាក​លេខ​ រដ្ឋសភា​ ព្រឹទ្ធសភា​ គឺ​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ការ​ឃោសនា​គ្រប់​គណបក្ស​នយោបាយ​។​

​មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ មន្ដ្រីរាជការ​ដែល​ប្រព្រឹត្ដ​ល្មើស​និង​បទបញ្ជា​នេះ​ នឹង​ត្រូវ​ផាកពិន័យ​ ជា​ប្រាក់​ពី​ ៥​លាន​រៀល​ ទៅ​ដល់​ ២០​លាន​រៀល​ ដោយ​ពុំ​ទាន់​គិត​ពី​ទោសព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ឡើយ​។​

​សូម​រំរ​ឮ​កថា​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ មាន​រយៈពេល​ ២១​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ គណបក្ស​នយោបាយ​ដែល​ចូលរួម​ឈរឈ្មោះ​ ដណ្ដើម​អាសនៈ​សភា​ អាណត្ដិ​ទី​០៦​ នេះ​ មាន​ ២០​គណបក្ស​៕

Share

ព័ត៌មានទាក់ទង

Image