ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ខ្លួននឹងរៀបចំទិវាគ្រូបង្រៀន ក្នុងគោលបំណងលើកកម្ពស់សក្ដានុពលបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្តភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា ទិវាគ្រូបង្រៀនដែលនឹងប្រារព្ធឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី០៧ ខែតុលា វេលាម៉ោង៨ ព្រឹក មានប្រធានបទមួយស្ដីពី «ការលើកកម្ពស់សក្ដានុពលបង្រៀន ដើម្បីកសាងសង្គម ប្រកបដោយនិរន្ដភាព»។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ថា ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីទិវាគ្រូបង្រៀនឆ្នាំនេះ ដើម្បីជាការដឹងគុណដល់គ្រូបង្រៀន ទាំងអស់ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមបង្ហាត់បង្រៀនសិស្សានុស្សិស-និស្សិត ទទួលបានលទ្ធផលគួរជាទីមោទនៈ៕