ភ្នំពេញ ៖ សហជីពតំណាងកម្មករ ស្នើក្រសួងការងារ បង្កើនសកម្មភាពចុះត្រួតពិនិត្យ តាមរោងចក្រ អំពីប្រព័ន្ធបច្ចេកទេស បរិស្ថាននៅកន្លែងធ្វើការ និងបរិយាកាសការងារ ក្នុងរោងចក្រនីមួយៗ។ ទាក់ទិនចំណុចនេះ ប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់នៃក្រសួងការបញ្ជាក់ថា ក្រសួងបានចុះអនុវត្ដការត្រួតពិនិត្យតាមរោងចក្រជារឿយៗ ។ ក៏ប៉ុន្ដែបញ្ហានៃការដួលសន្លប់នេះ មិនមែនសុទ្ធតែបង្កពីស្ថានភាពក្នុងរោងចក្រនោះទេ។
លោក លៀ ស៊ីណា រាយការណ៍ ៖
បញ្ហានៃការដួលសន្លប់ កម្មករ កម្មការិនី នៅតាមរោងចក្រកាត់ដេរ និងស្បែកជើង មិនមែនជារឿងថ្មីនោះទេ គឺករណីនេះបានបន្ដកើតឡើងជាដដែលៗ ម្ដងហើយម្ដងទៀត បើទោះជារដ្ឋមន្ដ្រីក្រសួងកាងារខិតខំ បង្កើតយន្ដការ ឬសេចក្ដីណែនាំ ប្រាប់ទៅម្ចាស់រោងចក្រ សហគ្រាស ដើម្បីទប់ស្កាត់ ករណី នេះក៏ដោយ។
តាមការយល់ឃើញរបស់ប្រធានសហជីពមួយរូប ដែលធ្វើការងារ ដើម្បីកម្មករ ជាច្រើនឆ្នាំមកហើយ យល់ឃើញថា មូលហេតុដែលនាំឲ្យកម្មករ កម្មការិនី ដួលសន្លប់ នៅតែកើតមាន ពីព្រោះតែមិនមានការចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់ នៅតាមរោងចក្រនីមួយៗ ទាក់ទិន និងបច្ចេកទេស បរិស្ថាននៅកន្លែងធ្វើការ និងបរិយាកាសការងារ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ថា ទាំងករណីដួលសន្លប់របស់កម្មករ និងគ្រោះថ្នាក់ពេលធ្វើដំណើរ គឺមិនមែនជារឿងថ្មីនោះទេ ពោលវាគឺជារឿងដែលកើតឡើងដដែលៗ។ លោកមើលឃើញថា ដើម្បីលុបបំបាត់ និងទប់ស្កាត់ករណីនេះ គឺសំខាន់បំផុតការអនុវត្ដច្បាប់របស់មន្ដ្រីជំនាញ ទៅលើរោងចក្រ សហគ្រាស នានា នៅតែមិនបានអនុវត្ដបានល្អប្រសើរ ទៅតាមសេចក្ដីណែនាំ ឬសេចក្ដីប្រកាស ស្ដីពីសុវត្ថិភាពការងារ ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបន្ដទៀតថា ក្រៅតែពីការចុះត្រួតពិនិត្យប្រព័ន្ធបច្ចេកទេស តាមរោងចក្រហើយ គឺក្រសួងការងារ ក៏គួរចុះទៅពិនិត្យសុខភាពរបស់កម្មករ កម្មការិនី និងក្លិនថ្នាំជ្រលក់ក្រណាត់ក្នុងរោងចក្រផងដែរ ៖«វាជារឿងមួយចាំបាច់ណាស់ ដែលយើងត្រូវតាមដាន អំពីសុខភាពកម្មករ បូកផ្សំទៅនឹងប្រព័ន្ធបរិស្ថាន បរិយាកាស នៅក្នុងរោងចក្រ រួមទាំងការពិនិត្យទៅលើក្លិនក្រណាត់អីផ្សេងៗផងដែរ។ ទាំងហ្នឹងហើយដែលយើងអាចរួមចំណែកកាត់បន្ថយការដួលសន្លប់នេះបានច្រើន»។
យ៉ាងណា លោក ប៉ាវ ស៊ីណា ក៏ទទួលស្គាល់ផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងមន្ដ្រីពាក់ព័ន្ធ ក្នុងការជួយដល់ក្រុមកម្មករ កម្មការិនី ភ្លាមៗខណៈពួកគេមានបញ្ហាសុខភាព។ ក៏ប៉ុន្ដែលោក កត់សម្គាល់ឃើញថា មន្ដ្រីក្រសួងការងារ ភាគច្រើនតែងតែទៅដោះស្រាយក្នុងពេលមានបញ្ហាប៉ុណ្ណោះ។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ចង់ឃើញក្រសួងការងារ មានផែនការណ៍ជាក់លាក់ ចុះត្រួតពិនិត្យតាមរោងចក្រ ពីប្រព័ន្ធបច្ចេកទេសផ្សេងៗ និង អនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះរោងចក្រណា ដែលមិនបានគោរព តាមលក្ខខណ្ឌសុវត្ថិភាពរបស់ក្រសួងការងារ។
ជាការឆ្លើយបតនឹងកង្វល់របស់សហជីពតំណាងកម្មករដូចនេះ លោក ប៉ុក វណ្ណថាត ប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់ នៃក្រសួងការងារ មានប្រសាសន៍ថា ក្រសួងការងារ បានបង្កើតក្រុមការងារទប់ស្កាត់ករណីដួលសន្លប់ ហើយក្រុមការងារនេះបានចុះអនុវត្ដការងារជារឿយៗ ដើម្បីអប់រំ និងបង្ហាត់កម្មករ កម្មការិនី ពីការការពារខ្លួន ឲ្យគេចផុតពីការដួលសន្លប់ និងការជួយសង្គ្រោះ អ្នកដួលសន្លប់ផ្សេងៗ។ លោក ប៉ុក វណ្ណថាត សង្កត់ធ្ងន់ថា ក្រសួងការងារ បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្លាំង ដោយតាំងចិត្ដថា នឹងលុបបំបាត់ឲ្យបានករណីដួលសន្លប់នេះ ៖«បាទវាទៅមុខហើយ ល្អ ខ្ញុំជឿថា វាល្អ វាមិនមានអីថា មិនល្អនោះទេ មានន័យថា រដ្ឋាភិបាល បានគិតគូរខ្លាំងណាស់ ប៉ុន្ដែអ្វីដែលយើងចង់ គឺអ្វីដែលវាមិនមានការដួលសន្លប់»។
ជុំវិញបញ្ហានៃការដួលសន្លប់នេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍រំឮកថា កម្មករ កម្មការិនី ប្រសិនបើមានអាការ មិនស្រួលខ្លួន ត្រូវតែប្រញាប់ទៅពិនិត្យសុខភាព កុំបណ្ដោយឲ្យជំងឺរាលដាលរហូតដល់សន្លប់។ លើសពីនេះ លោកក៏ស្នើឲ្យក្រុមថៅកែ និយោជក ត្រូវពិនិត្យមើលឡើងវិញពីស្ថានភាព បរិយាកាស ក្នុងអាគាររោងចក្ររបស់ខ្លួន ឲ្យស្របទៅនឹងសេចក្ដីណែនាំ និងសេចក្ដីប្រកាសរបស់របស់ក្រសួងការងារ ស្ដីពីការទប់ស្កាត់ករណីដួលសន្លប់។
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ទៅកាន់ម្ចាស់ និងនាយកសហគ្រាស់ គ្រឹះស្ថាន នូវគោលការណ៍ចំនួន ១១ចំណុច ដែលក្រសួងការងារ បញ្ជា ឲ្យក្រុមនិយោជក អនុវត្ដតាមឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការ ការកើតមានករណីដួលសន្លប់ជា យថាហេតុ ដែលបណ្ដាលមកពីបរិយាកាសទាំងក្នុង និងក្រៅអាគារផលិតកម្ម ។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏បានព្រមានទុកជាមុនផងដែរ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ដែលប្រព្រឹត្ដល្មើស ផ្ទុយនឹងសេចក្ដីជូនដំណឹងនេះ គឺក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ស្របទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន៕