អ្នកស្លាប់បានកើនឡើងដល់ ១៩៩ នាក់ ខណៈរាប់សិបនាក់ទៀត ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន ហើយ ជាង២លាននាក់ រងគ្រោះដោយសារភ្លៀងដ៏ជោគជាំនៅភាគខាងលិចប្រទេសជប៉ុនដែលផ្ទុះឡើងតាំងពីថ្ងៃសៅរទី៧កក្កដា ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញផ្សាយព័ត៌មាន Channel NewsAsia ចុះផ្សាយនៅថ្ងៃអង្គារទី១០កក្កដានេះ។
បណ្តាញផ្សាយព័ត៌មាននេះ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូអាបេ បានចុះទៅ តំបន់រងគ្រោះខ្លាំងបំផុត នៅបណ្តាខេត្តភាគខាងលិច ប្រទេសជប៉ុន ហើយលោកនឹងចុះទៅទីតាំងដែល ប្រជាជនរងគ្រោះឬងាយរងគ្រោះបំផុត។ យ៉ាងណាក៏ដោយ លោក ស៊ីន ហ្សូអាបេ បានធ្វើការលុបចោល ជើងយន្តហោះ៤ ដែលលោកបំរុងនឹងទៅជួបប្រជុំនៅឯក្រៅប្រទេស ដើម្បីយកពេលមកដោះស្រាយបញ្ហាក្នុងប្រទេស។
អាជ្ញាធរជប៉ុនបានចេញបញ្ជាឲ្យពលរដ្ឋជាង ៤លាននាក់ ចេញពីតំបន់មួយចំនួននៅទីក្រុងឃ្យូតូ ខណៈទីក្រុងបុរាណមួយនេះ រងភ្លៀងធ្លាក់ជោគជាំចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មកនេះ ដែលបង្កឲ្យបាក់ដី និងទឹកជំនន់លិចផ្ទះសម្បែង ហើយហូរកួចយករថយន្តរាប់ម៉ឺនគ្រឿង។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្ដីប្រកាសព្រមានអំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដីដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅក្នុងរយៈពេល ៥០ឆ្នាំមកនេះ។
ចាប់តាំងពីរដូវភ្លើងចាប់ធ្លាក់មក យ៉ាងតិចទីក្រុង ចំនួន៩៣ក្រុង បានជនលិច។
នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់ បើធៀបនឹងឆ្នាំកន្លងមក។ លោកបានសម្រេចលុបចោលការធ្វើដំណើរទៅបរទេស ដោយសារតែ ហេតុការណ៍នេះ។
កាលពីខែសីហា ឆ្នាំ២០១៤ ជំនន់ទឹកភ្លៀងដ៏អាក្រក់ដូចនេះដែរបានកើតឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្ស ៧៧នាក់ បង្កឲ្យបាក់ដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនយ៉ាងច្រើន៕