ខណៈការចរចាលើប្រាក់ខែអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ២០១៦នេះ កំពុងប្រព្រឹត្តទៅ ភាគីពាក់ព័ន្ធក្នុងការចរចា បានបញ្ចេញឲ្យដឹងនូវតួលេខរបស់ខ្លួនរៀងៗខ្លួន។ ក្នុងនោះខាងសហជីពរបស់កម្មករបានដាក់ស្នើចំនួន១៦៨ដុល្លារ ចំណែកឯភាគីសហជីពលម្អៀងទៅខាងរដ្ឋាភិបាលបានដាក់សំណើ១៥៨ដុល្លារ ប៉ុន្តែភាគីរដ្ឋាភិបាលថា ការដំឡើងប្រាក់ខែនេះអាចធ្វើបានត្រឹមតែ៣,៥ភាគរយនៃអាត្រាអតិផរណាតែប៉ុណ្ណោះ។ ផ្អែកលើព័ត៌មានទាំងអស់នេះ លោកធូ វីរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី នៃWMC បានវិភាគឃើញថា ប្រាក់ខែអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៦ខាងមុខនេះ អាចស្ថិតក្នុងរង្វង់១៤០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
យោងតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យ បានបង្ហាញថា ការចំណាយប្រចាំខែរបស់កម្មករក្នុងវិស័យកាត់ដេរ មានការកើនឡើង បើប្រៀបធៀបនឹងតម្លៃទំនិញលើទីផ្សារ ដូចស្បៀងអាហារ ថ្នាំសង្កូវ និងសម្លៀកបំពាក់ ជាដើមនោះ។
ការចំណាយខ្ពស់របស់កម្មករក្នុងវិស័យកាត់ដេរនេះ ក្រុមអ្នកស្រាវជ្រាវឯករាជ្យបានបង្ហាញថា ខ្ទង់ចំណាយនោះប្រមាណ ២០៧ដុល្លារក្នុងមួយខែ ទើបអាចធ្វើឲ្យកម្មករ ក្នុងវិស័យកាត់ដេរអាចរស់នៅសមរម្យបាន។
ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនេះ ភាគីនិយោជកមិនសប្បាយចិត្តនោះឡើយ។ លោក ខេន លូ អគ្គលេខាធិការ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC សម្តែងការព្រួយបារម្ភចំពោះការទាមទារនេះ។ លោកថា ប្រសិនបើក្រុមសហជីពដាក់សំណើទាមទារខ្ពស់ហួសហេតុពេក អ្នកបញ្ជាទិញអាចនឹងដកខ្លួនចេញពីកម្ពុជា ហើយងាកទៅប្រទេសជិតខាងវិញ ។
ប៉ុន្តែ លោក អាត់ ធន់ អះអាងថា ការតម្លើងប្រាក់ឈ្នួលកម្មករនេះ មិនធ្វើឲ្យអ្នកបញ្ជាទិញដកខ្លួនចេញពីកម្ពុជា ទៅរកប្រទេសជិតខាងឡើយ ព្រោះនៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ាជាដើម ប្រាក់ឈ្នួកអប្បបរមារបស់ប្រទេសទាំងនេះ មានកម្រិតខ្ពស់ជាងកម្ពុជា។ លើសនេះទៀតលោកថា កម្ពុជា មានអំណោយផលទាំងការយកពន្ធ និងលើកទឹកចិត្តសម្រាប់អ្នកវិនិយោគថ្មីៗ ជាពិសេសផលិតផលដែលនាំចេញពីកម្ពុជា មានការទទួលស្គាល់ទូទាំងពិភពលោក។
ខណៈពេលនេះ រដ្ឋាភិបាល និយោជក និងក្រុមសហជីព បានចាប់ផ្តើមជំនួបត្រីភាគីជាលើកដំបូង ដើម្បីពិភាក្សាទៅលើប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ ២០១៦ខាងមុខនេះ ។ ក្រោយបញ្ចប់ជំនួបអស់រយៈមួយព្រឹក កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ភាគីទាំងបីមិនទាន់បានជជែកទៅលើការកំណត់តួលេខណាមួយនៅឡើយទេ ។
ថ្វីបើមិនទាន់មានការកំណត់ប្រាក់ខែកម្មករជាក់លាក់ ប៉ុន្តែផ្អែកលើព័ត៌មានពីភាគីពាក់ព័ន្ធទាំងបី គេអាចធ្វើទាញការសន្និដ្ឋានមួយពីកម្រិតបាក់ខែរបស់កម្មករសម្រាប់ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងនោះលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (ស៊ីខូវឌូ) បានលើកឡើងថា ក្រុមសហជីពឯករាជ្យ បានធ្វើការចរចាជាមួយសហជីពខាងរដ្ឋាភិបាល ហើយរកឃើញតួលេខចំនួនបីខ្ទង់ គឺ ១៥៨ដុល្លារ ១៦៨ដុល្លារ និង១៧៨ដុល្លារ ។
លោកអាត់ ធន់បញ្ជាក់ថា លោកចង់ឲ្យយកតួលេខចំនួន ១៦៨ ដុល្លារ ជាតួលេខកណ្តាល សម្រាប់ចរចា ។ ប៉ុន្តែលោកថា ចំនួននេះអាចមានការប្រែប្រួល អាស្រ័យលើស្ថានភាពជាក់ស្តែង។
ដោយឡែកសហជីពគាំទ្ររដ្ឋាភិបាលវិញ លោក ជួន មុំថុល បានកំណត់យកតួលេខ ១៥៨ដុល្លារ សម្រាប់ធ្វើការចចារជាមួយភាគីនយោជក។
បើតាមអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដែលជាភាគីមានតួនាទីសម្របសម្រួលនោះ បានឲ្យដឹងថា តាមការសិក្សារបស់ក្រសួងរកឃើញថា ការដំឡើង ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនេះ អាចនឹងឡើងបានត្រឹម ៣,៥ភាគរយ នៃអតិផលរណាទំនិញលើទីផ្សារកម្ពុជា។ លោកហេង សួរ បញ្ជាក់ថា ការសិក្សានោះ ផ្នែកលើ៧ចំណុច ទាក់ទងសេដ្ឋកិច្ច រួមមានអត្រាអតិផរណា កម្រិតជីវភាពរស់នៅរបស់កម្មករ ស្ថានភាពគ្រួសារ កម្លាំងពលកម្ម កត្តាផលិតភាព ភាពប្រកួតប្រជែងនៃប្រទេសក្នុងតំបន់ ផលប៉ះពាល់នៃកំណើនប្រាក់ឈ្នួលកន្លងមកទៅលើទីផ្សារការងារ និង អត្រាចំណេញនៅក្នុងវិស័យរោងចក្រ។
ជុំវិញការលើកឡើងរបស់លោកហេង សួរខាងលើនេះ លោក អាត់ ធន់ បានឲ្យដឹងថា អ្វីដែលរដ្ឋាភិបាលមានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនេះ អាចនឹងឡើងបានត្រឹម ៣,៥ភាគរយនៃអតិផលរណាទំនិញគឺ ស្មើប្រមាណ ៤,៥ ដុល្លារប៉ុណ្ណោះ។
ផ្អែកលើតួលេខរបស់ភាគីពាក់ព័ន្ធទាំងបី និងផ្អែកលើប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០១៥ ដែលមានចំនួន១២៨ដុល្លារក្នុងមួយខែនោះ ឃើញថា ប្រាក់ខែគោលអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ២០១៦ខាងមុខនេះ អាចស្ថិតក្នុងចន្លោះពី ១៣២ ដុល្លារក្បៀស៥០ ទៅ១៦៨ ដុល្លារក្នុងមួយខែ។
ប៉ុន្តែ បើយោងលើបទពិសោធន៍ក្នុងការចរចាប្រាក់ខែកម្មករនាពេលកន្លងមក ឃើញថា ភាគីនិយោជក មានឥទ្ធិពលច្រើនជាង ភាគីសហជីពដែលការពារផលប្រយោជន៍របស់កម្មករ ព្រោះភាគីនិយោជកមានសំឡេងគាំទ្រពីសហជីពគាំទ្ររដ្ឋាភិបាល។
យោងលើបទពិសោធន៍នេះ ឃើញថា ប្រាក់ខែគោលរបស់កម្មករអាចស្ថិតខាងផ្នែកទាប នៃចម្លោះដែលបានរកឃើញ ហើយបើនៅឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងសម្រេចបន្ថែម៥ដុល្លារលើប្រាក់ខែគោលដូចការចរចាកាលពីឆ្នាំ២០១៥កន្លងទៅ នោះប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០១៦ខាងមុខនេះ អាចស្ថិតក្នុងរង្វង់១៤០ដុល្លារក្នុងមួយខែ៕