ភ្នំពេញ ៖ ខណៈតំណាងសហភាពអឺរ៉ុប មកកម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ និងការបើកចំហសេរីភាពនៅកម្ពុជា ដែលធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ តំណាងសហជីពជាង ១០០ មកពីរោងចក្រផ្សេងៗ បានសរសេរលិខិតស្នើសុំឲ្យសហភាពអឺរ៉ុប ពិចារណាបន្ដ ការអនុគ្រោះពន្ធសម្រាប់វិស័យវាយនភណ្ឌជាបន្ដទៀត។ ការស្នើរបស់សហជីពទាំងនេះ ស្របពេលសហភាពអឺរ៉ុប ពិចារណាការបិទពន្ធអនុគ្រោះលើការនាំទំនិញពីកម្ពុជា ករណីកម្ពុជាមិនឆ្លើយតបនឹងសំណើសុំឲ្យមានដំណោះស្រាយនយោបាយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
សហភាពអឺរ៉ុប គឺជាទីផ្សារនាំផលិតផលវាយនភណ្ឌដ៏ធំពីកម្ពុជា ដោយមិនគិតពន្ធ ដែលក្នុងមួយឆ្នាំៗ កម្ពុជាបានចំណេញប្រាក់ពីការអនុគ្រោះរបស់សហភាពអឺរ៉ុប ជាង ៦៧៦លានដុល្លារ ។ ព្រោះតែទីផ្សារ សហភាពអឺរ៉ុបជាខ្នងបង្អែង នៃសេដ្ឋកិច្ចកម្ពុជា ទើបធ្វើឲ្យរោងចក្រ សហគ្រាស ជាច្រើនបានកកើតជាបន្ដបន្ទាប់ នឹងផ្ដល់ការងារដល់ពលរដ្ឋខ្មែរ ជិត ៩០ម៉ឺននាក់ ហើយភាគច្រើនជាស្ដ្រី។
កាលពីដើមឆ្នាំ២០១៨ សហភាពអឺរ៉ុប បានផ្ញើលិខិតមួយច្បាប់ មកកាន់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការពិចារណា ក្នុងការបញ្ឈប់ការផ្ដល់ ការអនុគ្រោះពន្ធ សម្រាប់ផលិតផលផ្សេងៗ ដែលនាំពីកម្ពុជា ពិសេស គឺផលិតផលក្នុងវិស័យវាយនភណ្ឌ។ លិខិតនោះ បានបញ្ជាក់ថា បំណងនៃការបិទការអនុគ្រោះពន្ធនេះ គឺ ផ្អែកទៅលើប្រភពទិន្នន័យ ស្ដីពីការគោរពសិទ្ធិមនុស្ស ដំណើរលទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាព មញ្ចេញមតិនៅកម្ពុជាបានធ្លាក់ចុះធ្ងន់ធ្ងរ ដែលនេះជាការវាយតម្លៃ របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាស្មីត ដែលបានរាយការណ៍ ទៅកាន់ឧត្ដមក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានវាយតម្លៃថា ដំណើរលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងលំហសេរីភាព នៃការបញ្ចេញមតិបានរួមតូច ហើយកាន់តែអាក្រក់ និងគួរឲ្យព្រួយបារម្ភកាន់តែខ្លាំង។
ទន្ទឹមនឹងលិខិតនោះបានបញ្ជូនមកកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ សហភាពអឺរ៉ុបបានបញ្ជូនតំណាងរបស់ខ្លួន មួយចំនួនមកកម្ពុជា ដើម្បីសិក្សាលម្អិតពីសេចក្ដីរាយការណ៍នេះ ហើយធ្វើរបាយការណ៍ទៅកាន់សហភាពអឺរ៉ុប ដើម្បីធ្វើសេចក្ដីសម្រេច ថាតើ គួរបិទ ឬបន្ដការអនុគ្រោះពន្ធសម្រាប់ផលិតផលរបស់កម្ពុជា។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃចុងក្រោយដែលតំណាងសហភាពអឺរ៉ុប បញ្ចប់ដំណើរការសិក្សា នឹងត្រូវវិលត្រឡប់ទៅវិញ។ ស្របពេលដែលថ្ងៃនេះ ជាថ្ងៃចុងក្រោយ សហជីពតំណាងកម្មករប្រមាណជាង ១០០ បានសរសេរលិខិត ដោយភ្ជាប់ជាមួយស្នាមមេដៃ ផ្ញើជូនសភាពអឺរ៉ុប ដោយសុំឲ្យសហភាពអឺរ៉ុប បន្ដការអនុគ្រោះពន្ធជាបន្ដទៀតសម្រាប់ផលិតផលរបស់កម្ពុជា ពិសេសគឺផលិតផលក្នុងវិស័យវាយនភណ្ឌ។
លិខិតរបស់សហជីព បានសរសេរ ដោយអរគុណចំពោះការអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប កន្លងមកសម្រាប់កម្ពុជា។ ព្រោះតែការអនុគ្រោះនេះ បានផ្ដល់ការងារ និងប្រាក់ចំណូលដោយផ្ទាល់ ដល់កម្មករ និយោជិត និងក្រុមគ្រួសាររបស់ពួកគេ។ សហជីពបន្ដទៀតថា ខ្លួនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព័ត៌មានដែលសហភាពអឺរ៉ុប កំពុងពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms ពីកម្ពុជា។ លិខិតដដែលនេះ បានបញ្ជាក់ទៀតថា ប្រសិនបើសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធនេះ វានឹងជះឥទ្ធិពលអាក្រក់ យ៉ាងខ្លាំង ដល់ជីវភាពកម្មករ ជិត ៩០ម៉ឺននាក់ និងប្រជាជនកម្ពុជា ដទៃទៀត រាប់លាននាក់ ដែលសុទ្ធសឹងជាប្រជាពលរដ្ឋសាមញ្ញ មិនពាក់ព័ន្ធនិងគណបក្សនយោបាយណាមួយ។
ក្រុមសហជីពជាង ១០០ ដែលបានផ្ញើលិខិតទៅសហភាពអឺរ៉ុបនេះ ទទូចសុំឲ្យសភាពអឺរ៉ុប បន្ដការអនុគ្រោះសម្រាប់កម្ពុជាជាបន្ដទៀត ហើយកុំចាត់វិធានការណ៍ណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ កម្មករ កម្មការិនី និយោជិត ដោយយកបញ្ហានយោបាយជាមូលហេតុចម្បង។ ជាងនេះ សហជីព សុំឲ្យសហភាពអឺរ៉ុប បែងចែកឲ្យដាច់ពីគ្នា សម្រាប់វិស័យពាណិជ្ជកម្ម និងនយោបាយ ឬអ្នកនយោបាយ។
យ៉ាងណាមិនមែនមានតែសហជីពជាង ១០០នេះទេ ដែលមានក្ដីព្រួយបារម្ភ ពីស្ថានភាពមិនច្បាស់លាស់ ពីបំណងនៃការដក ការអនុគ្រោះពន្ធសម្រាប់ផលិតផលរបស់កម្ពុជា ក្នុងទីផ្សារសហភាពអឺរ៉ុបនាពេលនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា គឺជាមេដឹកនាំសហជីព ដែលធ្វើការដើម្បីកម្មករ កម្មការិនី ជាងច្រើនឆ្នាំមកហើយ បានបង្ហាញក្ដីបារម្ភជាខ្លាំង នឹងចង់ឲ្យ អន្ដរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា មានការចរចា និងសម្របសម្រួលគ្នា ក្នុងកម្រិតណាមួយ ដែលល្អប្រសើរជាងការបិទ ការអនុគ្រោះពន្ធនាំចូលផលិផលពីកម្ពុជា ពិសេសគឺផលិតផលវាយនភណ្ឌ។
លោកបន្ដទៀតថា វិស័យវាយនភណ្ឌ គឺជាកម្លាំងដ៏ធំមួយ ដែលអាចរកប្រាក់ចំណូលជូនដល់សេដ្ឋកិច្ចជាតិ និងផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ ប្រសិនបើវិស័យមួយនេះ ត្រូវបានផ្អាក ឬក៏ត្រូវបិទ ឬក៏ត្រូវនាំចូលទៅទីផ្សារអន្ដរដោយមានកម្រិត រួមផ្សំនឹងការយកពន្ធទៀត កម្ពុជានឹងជួបបញ្ហាជាច្រើន ដែលមានដូចជា កម្មករ នឹងត្រូវបាត់បង់ការងារ ហើយជម្លោះរវាង ថៅកែ និយោជក់ និងកម្មករ និយោជិត ច្បាស់ជាកើតមាន។ លោក អាត់ ធន់ ចង់ឃើញដំណោះស្រាយសមស្របមួយរវាងអន្ដរជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា ជាជាងការបិទការអនុគ្រោះពន្ធ លើវិស័យវាយណនភណ្ឌពីកម្ពុជា ៖«ចំពោះខាងសហជីពយើង ក៏ដូចជាខាងកម្មករ យើងយល់ថា ជម្លោះផ្ទៃក្នុងពាក់ព័ន្ធទៅនឹង លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត ការប្រកួតប្រជែងក្នុងបក្សទាំងពីរហ្នឹង CPP និង CNRP រហូតដល់បាត់ការគាំទ្រពីសហគមអន្ដរអឺរ៉ុបរហូតដល់ផ្ដាច់អីហ្នឹង ខ្ញុំគិតថា បើអាចទៅរួចរដ្ឋាភិបាល សហគមអឺរ៉ុប សហរដ្ឋអាមេរិកអីហ្នឹង គួរជជែកគ្នាក្នុងក្របខណ្ឌណាមួយ កុំដាក់បញ្ហា ការផ្ដាច់ការនាំចេញជាបញ្ហាទី១ អីអញ្ចឹងព្រោះវាប៉ះពាល់ខ្លាំងដល់កម្មករ និយោជិត»។
ទាក់ទិនរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៨ បានបញ្ជូនមន្ដ្រីរបស់ខ្លួនមួយក្រុម ដើម្បីទៅជួប សហភាពអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល ដើម្បីពន្យល់ពីស្ថិរភាពនៅកម្ពុជា និងធ្វើយ៉ាងណាស្នើឲ្យសហភាពអឺរ៉ុប រក្សាស្ថានភាព ពាណិជ្ជកម្ម ជាអាទិភាពជាមួយកម្ពុជានៅដដែល។ មន្ដ្រីកម្ពុជា បានធ្វើដំណើរទៅទីក្រុង ប្រ៊ុចសែល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក៏ប៉ុន្ដែរហូតមកដល់ថ្ងៃទី១១ ខែកក្កដានេះ រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ណាមួយជុំវិញដំណើរ ទៅជួបសហភាពអឺរ៉ុបនៅឡើយទេ។ តែយ៉ាងណា មន្ដ្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ដ បានបង្ហាញក្ដីរំពឹងថា សហភាពអឺរ៉ុប នឹងស្ដាប់នូវអ្វីដែលជាការពិតរបស់កម្ពុជា ហើយនឹងនៅតែបន្ដការផ្ដល់ការអនុគ្រោះពន្ធសម្រាប់កម្ពុជាជាបន្ដទៀត។
កម្ពុជា បានចំណេញប្រាក់ពន្ធ ពីការនាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប ជាង ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបែកធ្លាយ ជាសាធារណៈ កាលពី ថ្មីៗនេះ។ កម្ពុជា បានទទួលគម្រោងអនុគ្រោះពន្ធ នាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms)៕