ភ្នំពេញ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានច្រានចោលចំពោះការចោទថាអង្គការនេះអុកឡុកការបោះឆ្នោតនិងបង្កចលាចលនៅក្រោយការបោះឆ្នោតដែលភ្ជាប់អង្គការនេះនឹងពាក្យចចាមអារ៉ាមថាទឹកខ្មៅជ្រលក់បង្កឱ្យមនុស្សស្លាប់។
ក្រោយពីបណ្តាញព័ត៌មានសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយថាសកម្មភាពអង្គការខុមហ្វ្រែលបង្កចលាចលដល់ដំណើរការបោះឆ្នោតដែលភ្ជាប់ទៅនឹងគ្រោះថ្នាក់នៃទឹកខ្មៅជ្រលក់ម្រាមដៃអ្នកបោះ ឆ្នោត គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)បដិសេធព័ត៌មាននេះដោយ អះអាងថាខ្លួនមិនបានអនុវត្តសកម្មភាពដូចការចោទប្រកាន់ទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គកាខុមហ្វ្រែល។
សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា សកម្មភាពរបស់អង្គការកំពុងខិតខំអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីបុព្វហេតុនៃការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ប៉ុណ្ណោះ។
លោក កន សាវាង្ស អ្នកសម្រប់សម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ថា អង្គការខុម ហ្វ្រែល ច្រានចោលដូចនេះ ដើម្បីទប់ទល់នឹងព័ត៌មានចចាមអារ៉ាមដែលផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ះពាល់ដល់អង្គការរបស់លោក។
លោក កន សាវាង្ស៖«ព័ត៌មានខ្លះទៀតបានឈាន់ទៅដល់ថាដាក់អ្នកសង្កេតការណ៍ស្ម័គ្រនិងទៅសម្រាប់អុកឡុក ឬទឹកខ្មៅនិងស្លាប់ថាជាការឧបាយកលរបស់ខុមហ្វ្រែល ដោយសារយើងលឺលេចលឺមានព័ត៌មានអស់ហ្នឹងបានយើងចេញសេចក្តីប្រកាសព័ត៌មានឱ្យហើយ ដើម្បីច្រានចោលកុំមានការលេចលឺ។»
ករណីទឹកខ្មៅសម្រាប់ការបោះឆ្នោតនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកម្មវិធី
សម្ភោធស្ពានអាកាសផ្សារដីហុយ នៅថ្ងៃទី ២ ក្កកដាថា នឹងមិនអត់ឱនចំពោះអ្នកបំផុសបំផុសព័ត៌មានមិនពិតនៅលើបណ្តាញសង្គមពីទឹកខ្មៅជ្រលក់ដៃអ្នកបោះឆ្នោតអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេល២៤ម៉ោង។
ស្របពេលនេះដែរ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ចាត់ទុកអ្នកឃោសនាលើបណ្តាញសង្គមមួយចំនួនដែលបានលើកឡើងអំពីទឹកខ្មៅជ្រលក់ដៃថា មានជាតិពុលនឹងបង្កឱ្យមនុស្សស្លាប់ក្នុងរយៈពេល១ថ្ងៃគឺជាការប្រមាណអាយុជីវិតប្រជាពលរដ្ឋ និងបំផ្លាញកិត្តិយស គ.ជ.ប។ គ.ជ.ប ទាមទារឱ្យការអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ និងទាមទារឱ្យអ្នកបំប៉ោងព័ត៌មានមិនពិតបង្ហាញភស្តុតាង។
តែបែបនេះក្ដី សម្រាប់អង្គការខុមហ្វ្រែល យល់ឃើញថា ការចោទនេះ គឺជាការគំរាមកំហែង បំភិតបំភ័យចំពោះសិទ្ធិចូលរួមសកម្មភាពស្ម័គ្រចិត្ត។ អង្គការខុមហ្វ្រែលសង្ឃឹមថា ការគំរាមកំហែងនឹងមិនកើតមានឡើងដល់កម្រិតដែលអង្គការនេះសម្រេចចិត្តដកសកម្មភាពឃ្លាំមើលរបស់ប្រជាពលរដ្ឋស្ម័គ្រចិត្តទេ។
ស្របពេលនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ប្រកាលប្រាប់ដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតថា ការដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តនិងសិទ្ធិមនុស្សមួយចំនួន ធ្វើឡើង អង្គការខុមហ្វ្រែលជារឿងខុសច្បាប់ ព្រោះអង្គការនេះមិនបានដាក់ពាក្យសុំដាក់អ្នកអង្កេតការណ៍នៅគ.ជ.បនោះទេ៕