ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បង្ហាញគំនិតសុទ្ធិដ្ឋិនិយមថា កម្ពុជានឹងប្រែក្លាយទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១០ កក្កដា ម្សិលមិញ។
ជូនសេចក្ដីរាយការណ៍ ដោយ លោក សោម លាភ !
តាមប្រភពដដែលនេះ ទីស្ដីការនៃក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៨ បានរៀងចំនូវគោលនយោបាយដំឡូងមី។ ឯកសារគោលនយោបាយនេះ មានចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចបំពេញតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។
លោក រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ថ្លែងថា គោលនយោបាយដំឡូងមីនេះ នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករ និងជាផលិតផលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។
គួររំលឹកថា កាលពីឆ្នាំ២០១៧ កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងទី៤ នៅក្នុងតំបន់ ហើយគិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន។ ដំណាំដំឡូងមី ជាផលិតផលអទិភាពមួយ ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មនៃការនាំចេញ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបង្កើនការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសចិនឱ្យបានច្រើន។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ មានជម្ងឺដ៏កាចសាហាវមួយ ឈ្មោះថា ម៉ូស្សាអ៊ីក បានចូលមកកម្ពុជា ហើយកើតមាននៅលើដំណាំដំឡូងមី ។
គិតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មិនទាន់ មានថ្នាំណាអាចទប់ស្កាត់បាននឹងជំងឺនេះបាននូវឡើយទេ។ វត្តមានជម្ងឺនេះ អាចធ្វើឱ្យប៉ះពាល់ដល់ផលិតផលដំឡូងមីកម្ពុជា រហូតដល់ទៅពី ៤០ទៅ ៦០ភាគរយនៃផលិតកម្មដំឡូងមីសរុប។ ជាងនេះទៀត ក៏មានបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់កសិករផងដែរ។ បញ្ហាប្រឈមទាំងនោះ គឺបណ្ដាលមកពីឈ្មួញកណ្ដាលបង្កើតតម្លៃលើផលិតផលដំឡូងមីតាមចិត្តដែលមិនមានមូលដ្ឋានច្បាស់លាស់។ មិនតែប៉ុណ្ណោះ កន្លងមក រាល់ការនាំចេញផលិតផលដំឡូងមីពីកម្ពុជាទៅទីផ្សារបរទេស ភាគច្រើនជាផលិតផលមិនទាន់សម្រច មានន័យថា ជាការនាំចេញវត្ថុធាតុដើមដែលមិនទាន់កែច្នៃ៕