ខេត្តពោធិ៍សាត់៖ក្មេងស្រី អាយុ ១១ឆ្នាំម្នាក់ បានអួលបាយកក រហូតដល់ស្លាប់ កាលពីវេលាម៉ោង ២និង១៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ។
កុមារីនេះ មានឈ្មោះ ឌីន ធីតា ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ មុនពេលកើតហេតុ កុមារី ឌីន ធីតា បានដួសបាយកកមួយចានយកមកហូប នៅក្រោមដើមផ្កាមុខផ្ទះ ខណៈពេលកំពុងហូបស្រាប់តែអួលបាយ ភ្លាមៗកុមារីនេះ ក៏រត់ទៅឲ្យម្តាយមីងជួយរឹតខ្នង។
ក្រុមគ្រួសារឃើញលក្ខណៈមិនប្រក្រតីក៏បញ្ជូនទៅមណ្ឌលសុខភាពស្វាយស ពេលទៅដល់មណ្ឌលសុខភាព គ្រូពេទ្យបានបញ្ជាក់ថា នាងបានដាច់ខ្យល់ស្លាប់ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ឯក ឯម រុន បានឲ្យដឹងថា តាមការពិនិត្យនៅកន្លែងកើតហេតុគឺ ក្មេងស្រីឈ្មោះ ឌីន ធីតា ពិតជាបានស្លាប់ដោយករណីអួលបាយ នៅ ពិតប្រាកដមែន៕