en     km
en     km

តើពិភពលោកសំឡឹងមើលការបោះឆ្នោតនៅហ្សិមបាវ៉េដោយរបៀបណាបន្ទាប់ពីអត់លោកមូហ្គាបេ?

Share

ជិតបួនទសវត្សហើយដែលប្រជាជនហ្សិមបាវ៉េមិនអោយតម្លៃច្រើនទៅលើការបោះឆ្នោតរបស់ខ្លួននោះទេ ដោយសាររជ្ជកាលនោះ ជារបស់បុរសតែម្នាក់គត់ គឺអតីតប្រធានាធិបតី រ៉ូបឺតមូហ្គាបេ(Robert Mugabe )។ បុរសនេះត្រូវបានទាញទំម្លាក់ពីអំណាច ដោយសាររដ្ឋប្រហារ យោធានៅខែវិច្ឆិកាឆ្នាំ២០១៧។ ការបញ្ចប់អំណាចរបស់លោកមូហ្គាបេ ចំពេលលោក មានអាយុ៩២ឆ្នាំ បន្ទាប់ពីបានដឹកនាំហ្សិមបាវ៉េអស់ រយៈ៣៧ឆ្នាំ។ ការបោះឆ្នោតថ្ងៃទី៣០កក្កដា ឆ្នាំ២០១៨នេះ ទំនងជា ការបើកទំព័រថ្មីយ៉ាងពិតប្រាកដ នៃ ប្រទេសអាហ្វិកខាងត្បូងមួយនេះព្រោះតែអវត្តមាន លោកមូហ្គាបេនៅលើសន្លឹកឆ្នោត។ ​

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល !

 

គណបក្សនិងបេក្ខជន ជាច្រើនកំពុងសំឡឹងទៅរកជ័យជម្នះ ស្របពេលប្រជាជនហ្សិមបាវ៉េ ដែលមានសិទ្ធិបោះឆ្នោតជិតប្រាំមួយលាននាក់ សប្បាយរីករាយនឹងការបោះឆ្នោតមួយដែល អាចគិតទុកជាមុនថានឹងប្រកបដោយ ភាពសេរី ត្រឹមត្រូវ និងតម្លាភាពជាងការបោះឆ្នោត នៅក្រោមប្រព័ន្ធមួយ ស្ថិតនៅក្រោមការត្រួតត្រារបស់ លោកមូហ្គាបេ។

ការបោះឆ្នោត កាលពីឆ្នាំ២០០៣-២០០៨-និង២០១៣ គេបានរកឃើញឈ្មោះ ខ្មោចជាងមួយលាននាក់ ដែលក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសនេះ ត្រូវបានចោទថាបានរៀបចំហើយស្រេចដើម្បី បង្រ្គប់អោយ បក្ស Zanu-PFរបស់លោកមូហ្គាបេ។តែសម្រាប់ការបោះឆ្នោតខាងមុខនេះ គឺគ្មានទៀតទេឈ្មោះខ្មោច។ នេះបើតាម លោកប្រធានាធិបតី អ៊ីមមឺសុន ម៉ាប់ណាកាវ៉ា (Emmerson Mnangagwa )ដែលជាមេដឹកនាំលើកបន្ដុំដោយពួកយោធា។ លោក​ ម៉ាប់ណាកាវ៉ា បានថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្មីៗនេះថា លោកមិនចូលខ្លួនពាក់ព័ន្ធ ឬនៅពីក្រោយក្រុមប្រឹក្សាបោះឆ្នោត ឡើយ។ លោកស្បថថា លោកជា មនុស្ស គិតពីតម្លៃ របស់អ្នកដទៃ ហើយ បើលោកចាញ់ឆ្នោតគឺជារឿងធម្មតា ។

អ្នកសង្កេតការណ៍បោះឆ្នោត

មេដឹកនាំស្តីទីនៃចលនាប្រជាធិបតេយ្យ (MDC) លោក ណិលសុន ចានីសា (Nelson Chamisa) បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សនៅក្នុងទីក្រុងហារ៉ាប្រទេសហ្សិមបាវ៉េ ថ្ងៃទី ១៩  ខែកុម្ភៈឆ្នាំ ២០១៨ ។

បណ្ដាញផ្សាយព័ត៌មាន Bloomberg បានចុះផ្សាយថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលភាគច្រើន មកពីសហភាពអឺរ៉ុប អាមេរិក កាណាដា អាល្លឺម៉ង់ សុទ្ធតែសន្យាបញ្ជូនអ្នកសង្កេតការណ៍ដើម្បី ឃ្លាំមើលការបោះឆ្នោត ប្រធានាធិបតី របស់ប្រទេសហ្សិមបាវ៉េ ដែលពួកគេ បានបង្ហាញទស្សនៈថា ការបោះឆ្នោតលើកនេះ ពិតជាខុសនឹងការបោះឆ្នោត ក្រោមការគ្រប់គ្រងរបស់លោកមូហ្គាបេ។

សហភាពអឺរ៉ុប ដាក់អ្នកសង្កេតការណ៍ ១៤០ នាក់  វិទ្យាសា្ថនសាធារណរដ្ឋ IRI និង វិទ្យាស្ថានប្រជាធិបតេយ្យ NDI របស់អាមេរិក ៣០នាក់ ។ ចំណែក សហព័ន្ធអាហ្វ្រិក ដាក់អ្នកសង្កេតការណ៍ ៥៤នាក់ ។ ដោយឡែកអង់គ្លេស អតីតអាណានិគម របស់ប្រទេសនេះ ក៏សន្យា ដាក់អ្នកសង្កេតការណ៍ផងដែរ។ ដោយឡែកប្រទេសចិន ដែល ធ្លាប់មានឥទ្ធិពលលើ លោកមូហ្គាបេ ហាក់មិនចាប់អារម្មណ៍នឹងការបោះឆ្នោតនេះទេ។

លោក ម៉ាប់ណាកាវ៉ា បានប្រកាសស្វាគមន៍គ្រប់សមាសភាព អ្នកសង្កេតការណ៍ទាំងអស់ អោយតែចង់មកកាន់ប្រទេសហ្សិមបាវ៉េ។ លោកសន្យាថា ការបោះឆ្នោត មិនមានហិង្សានយោបាយកើតឡើង ហើយការបោះឆ្នោតនេះនឹងនាំអោយ ហ្សិមបាវ៉េជារដ្ឋថ្មីមួយមានទំនុកចិត្តពីអ្នកវិនិយោគទុន។

នៅក្នុងការបោះឆ្នោត ច្រើនអាណត្តិកន្លងមក  អ្នកសង្កេតការណ៍អន្តរជាតិ ច្រើនតែមកពី ប្រទេស ជាមិត្តរបស់លោកមូហ្គាបេ ដូចជាប្រទេស ក្នុងទ្វីបអាហ្វ្រិកជាដើម។ គ្រប់អាណត្តិនៃការបោះឆ្នោត សុទ្ធតែមានហិង្សាកើតឡើង។ នៅក្នុងការបោះឆ្នោត ឆ្នាំ២០០៨ មនុស្សស្លាប់ ជិត២០០នាក់ ដែលពួកគេ ស្លាប់ដោយសារការបង្រ្កាបយ៉ាងខ្លាំងពី កងទ័ព និងប៉ូលីសបង្រ្កាបកុប្ប

កម្ម។

ឱកាសរបស់គណបក្សប្រឆាំង

គណបក្ស ប្រឆាំងតែមួយគត់របស់ប្រទេសនេះ គឺចលនា ដើម្បីការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ The Movement for Democratic Change(MDC)  ដែលជាក្រុមប្រមូលផ្ដុំក្រុមអ្នកប្រជាធិបតេយ្យ បានកំពុងក្លាយជា កម្លាំងចិត្តដ៏ធំរបស់អ្នកបោះឆ្នោត ដែលចង់សាកល្បង អោយបក្សនេះ ដឹកនាំប្រទេស។ បក្សនេះ បានបង្កើតឡើង នៅឆ្នាំ១៩៩៩ តែគ្មានឱកាស ដឹកនាំប្រទេសម្ដងណាឡើយ។ ក្រោមរបប របស់លោក មូហ្គាបេ បក្សនេះបានត្រឹមចូលក្នុងរដ្ឋាភិបាលចម្រុះជាមួយ ក្រុមរណសិរ្យ ជាតិរួបរួម អាហ្វ្រិកហ្សិមបាបវ៉េបក្ស Zanu-PF នៅឆ្នាំ២០១៣ ក្រោមកិច្ចព្រមព្រៀងនយោបាយ ដែលខណៈនោះ MDC សឹងតែឈ្នះឆ្នោតទៅហើយ។ តែក្រោយមកត្រូវបានលោកមូហ្គាបេ កំចាត់ចេញពី រដ្ឋាភិបាល។

មេដឹកនាំ MDC Nelson Chamisaទទូច​ថា ការបោះឆ្នោតត្រូវតែធ្វើឡើងដោយភាពសេរីនិងយុត្តិធម៌ បើទោះជាមានការធានា ពីលោក ប្រធានាធិបតី ម៉ាប់ណាកាវ៉ាក៏ដោយ។

ការបោះឆ្នោត ប្រធានាធិបតីដែលអវត្តមាន លោកមូហ្គាបេ នៅពេលនេះ គឺមានប៉ូលនយោបាយ២ ប៉ុណ្ណោះ គឺប​ក្សកាន់អំណាច Zanu-PF និង ក្រុមប្រជាធិបតេយ្យ MDC ។ បេក្ខជនប្រកួតគ្នា ស្លាប់រស់ គឺមានតែ រវាងលោក Nelson Chamisa អាយុ៤០ឆ្នាំ និង លោក Mnangagwa​ អាយុ ៧៥ឆ្នាំ ដែលឡើងជំនួសលោក មូហ្គាបេ។ ចំណែកឯបេក្ខជន ២១ រូបទៀត ទំនងមិនស្ថិតក្នុងបេះដូងអ្នកបោះឆ្នោតជំនាន់ថ្មីនេះទេ។ ការបោះឆ្នោត លើកនេះ មានសន្តិភាព ផ្លូវចិត្តច្រើនសម្រាប់អ្នកបោះឆ្នោត ។តែ ហិង្សាអាចនឹងកើតតិចតួច ដែលបណ្ដាលមកពី ការចំអកឡកឡឺយ ដាក់គ្នា បន្សល់ទុកពីអតីតកាលរបស់លោកមូហ្គាបេ។

ការបោះឆ្នោតនេះគឺជាឱកាសវាយបំបែកការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ

ប្រទេស ហ្សិមបាវ៉េ ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរសម្នាក់ជិត៤០ឆ្នាំ ពុំមានការអោយ តំលៃទៅលើសេរីភាព និងសិទ្ធិមនុស្ស ច្រើនឡើយ។ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានហៅ ការបោះឆ្នោត ថ្ងៃទី៣០កក្កដា ដែល ប្រធានាធិបតីថ្មី សន្យាថា ប្រព្រឹត្តទៅដោយតម្លាភាព គឺគ្មានការកេង បន្លំ អាចជា ដំណើរឆ្ពោះទៅរក ការកសាងភូមិគ្រឹះមួយ ដោយ ចាត់ទុក សិទ្ធិមនុស្ស ជាធំ។ Amnesty International យល់ថា សន្លឹកឆ្នោត ដែលគ្មានរូបលោក មូហ្គាបេ គឺជាលើកដំបូងនៃប្រទេសក្រីក្រមួយនេះ ដែលធ្លាប់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

សម្រាប់Amnesty International  ក៏បានបញ្ជូនអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ទៅឃ្លាំមើល ស្ថានការណ៍សិទ្ធិមនុស្ស នៅមុននិងថ្ងៃបោះឆ្នោតនេះដែរ។ អង្គការនេះ សង្ឃឺមថា បេក្ខជនទាំងអស់ នឹងលែងភ័យខ្លាច ចំពោះការចេញឃោសនា រកសំឡេងឆ្នោតទៀតឡើយ គឺមិនដូចសម័យរបស់មូហ្គាបេនោះទេ។

តាមAmnesty International ហ្សិមបាវ៉េ ធ្លាប់ រងនូវហិង្សា សង្គមនិងនយោបាយ ចាប់តាំងពីបានឯករាជ្យពីអាណានិគមអង់គ្លេស នៅឆ្នាំ១៩៨០ មកគឺមនុស្សស្លាប់ ប្រហែលជាពីរម៉ឺននាក់។

ការបោះឆ្នោត ចុងខែកក្កដា ខាងមុខនេះ គឺជាការជ្រើសរើស តំណាង របស់ប្រជាជន គឺប្រធានាធិបតី សមាជិកសភា និង ក្រុមប្រឹក្សាមូលដ្ឋាន។ គេអាចនិយាយបានថា មិនថាឡើយ លោក មូហ្គាបេ អាយុ៩៣ឆ្នាំ ត្រូវបានកំចាត់ពីឆាកនយោបាយ សូម្បីតែភរិយារបស់លោក គឺលោកស្រី Grace Mugabe អាយុ៥៣ ក៏ត្រូវ ផាត់ចេញពីសង្វៀនប្រកួតដែរ ទោះជាលោកស្រីមានមហិច្ឆតា ចង់ ជំនួសប្ដីរបស់លោកស្រីក៏ដោយ៕

 

Share

ព័ត៌មានទាក់ទង

Image