ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតមកដល់ថ្ងៃនេះ ថៃចាប់បញ្ជូនពលករខ្មែរប្រមាណ ១ ពាន់នាក់ត្រឡប់មកវិញ ក្រោយពីផុតរលុតសុពលភាពផ្តល់ឯកសារស្របច្បាប់ដើម្បីបន្តធ្វើការនឹងស្នាក់នៅ។
ពលករខ្មែរឆ្លងដែនទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។រូបភាព៖ ក្រសួងការងារ
ក្នុងរយៈពេល១០ថ្ងៃនេះ តម្រួតអន្តោប្រវេសន៍ថៃចាប់ពលករខ្មែរប្រហែល ១ ពាន់នាក់ដែលធ្វើការនិងស្នាក់នៅដោយខុសច្បាប់ បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ អាជ្ញាធរថៃ ប្រកាសបិទបញ្ចប់ផ្តល់ឯកសារស្របច្បាប់ដល់ពលករបរទេសទាំងអស់ ក្នុងនោះក៏មានពលករខ្មែរផងដែរ។
លោក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ឲ្យដឹងថា កម្លាំងតម្រួតថៃចាប់ពលករខ្មែររស់នៅដោយខុសច្បាប់ប្រមាណ ១០០ នាក់ក្នុងមួយថ្ងៃៗ បញ្ជូនមកកម្ពុជា ប៉ុន្តែលោកថា ចាប់តាំងពីការបិទបញ្ចប់ផ្តល់ឯកសារស្របច្បាប់ដល់ពលករខុសច្បាប់ពុំទាន់មានការចាប់បញ្ជូនពលករខ្មែរយ៉ាងគំហុកដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។
លោក ស៊ឹម សំអាត៖ «មានពលករខ្មែរជាធម្មតា អចិន្រ្តៃយ៍ហើយ មួយថ្ងៃ ៥០ នាក់ ៧០ នាក់ ៨០ នាក់ ធម្មតា អចិន្រ្តៃយ៍ តំាងពីមិនមានឱសានវាទរបស់អាជ្ញាធរថៃក៏មានអញ្ចឹកដែរអាហ្នឹងជាធម្មតាទេ។ ពលករខ្មែរដែលខុសច្បាប់ ជួនសាក់នៅ ទិដ្ឋា ឬមិនមានលិខិតឆ្លងដែនត្រូវបានគេចាប់បញ្ជូនមក ដោយឡែកបញ្ជូនដោយគំហុគថាមិនមានទេ។»
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយនៅថ្ងៃទី ១៨ មិថុនា ឲ្យដឹងថា កម្ពុជា-ថៃ រួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរកំពុងស្នាក់នៅនិងបម្រើ ការងារនៅថៃមានចំនួន ១លាន ៧ ម៉ឺននាក់។
ក្នុងចំណោមនោះ អាជ្ញាធរថៃបាន បញ្ជាក់ថាអត្តសញ្ញាណថ្មីដល់ពលករខ្មែរ ដែលមាន ប័ណ្ណពណ៌ស៊ីជម្ពូ ឬប័ណ្ណមិនមែនសញ្ជាតិថៃ ដើម្បីស្នើសុំជាពលករស្របច្បាប់មានចំនួន ៤២ ម៉ឺននាក់ និងផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរក្រោមកិច្ចព្រមព្រៀងមានចំនួន ៦៥ ម៉ឺន នាក់។ ប៉ុន្តែពលករខ្មែរប្រមាណ ១ម៉ឺននាក់ ពុំទាន់ទទួលបានភាពស្របច្បាប់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃ ច័ន្ទម្សិលមិញ ឲ្យដឹងថា រាជរដ្ឋាភិបាលជួយសង្គ្រោះស្ត្រីខ្មែរចំនួន ១៦ នាក់ ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះស្ត្រីខ្មែរចំនួន ១១ នាក់ ត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយប្តីជនជាតិចិនដោយខុសច្បាប់ ហើយស្ត្រីខ្មែរ ៣ នាក់ ជាអនីតិជន មានអាយុពី ១៣ ដល់ ១៦ ឆ្នាំ ត្រូវបានគេជួញដូរទៅប្រទេសថៃដែលត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បើយោងតាមច្បាប់ថ្មីថៃដែលទើបអនុម័តដើម្បីការពារពលករគេចផុតពីការជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ពិសេសពលករលើទូកនេសាទ។ ច្បាប់ថ្មីថៃតម្រូវឲ្យនយោជិក និងនយោជកចុះកិច្ចសន្យាក្នុងការផ្ទេរប្រាក់តាមធនាគារ។
តាមច្បាប់ថ្មីរបស់ប្រទេសថៃ ពលករអន្តោប្រវេសន៍ ខកខានមិនបានធ្វើបែបបទស្នាក់នៅត្រូវ ពិន័យជាប្រាក់ពី ៥.០០០ បាត ទៅ ៥០.០០០ បាត។ សម្រាប់កម្មករ និយោជិត ត្រូវពិន័យជាប្រាក់ចាប់ពី ១ ម៉ឺនបាត ទៅ ១ សែនបាត។ បទល្មើសដែលកើតឡើងច្រំដែលៗរបស់និយោជកត្រូវពិន័យប្រាក់ ២ សែនបាត ក្នុងមួយករណី ហើយផ្តន្ទាទោសពន្ធាគារ ជិត ១ឆ្នាំ។ បន្ថែមពីនេះក្រុមហ៊ុនត្រូវហាមមិនឲ្យជ្រើសរើសពលករបរទេសរយៈពេល៣ឆ្នាំ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងការបទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិបង្ហាញថាយ៉ាងតិចពលករខ្មែរជិត១ពាន់នាក់ត្រូវបាននិរទេសពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕