(ភ្នំពេញ)៖ អគ្គនាយកសង្រ្គោះបន្ទាន់ និងសុវត្តិភាពការងារនៃប្រទេសចិន ចូលជួបពិភក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពសុខភាព និងសុវត្តិភាពការងារដែលអនុវត្តនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ កក្កដា ២០១៨។
លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ឱ្យដឹងថា ភាគីចិន កំពុងតែស្វែងយល់បន្ថែមយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តស្តង់ដាការងារនៅកម្ពុជា។ ជាងនេះ ចិន ចង់ស្វែងយល់ជាមុនសិនថា សុខភាព សុវត្តិភាពការងារនៅកម្ពុជាមានដល់កម្រិតណាហើយ មុននឹងបញ្ជូនអ្នកវិនិយោគចិនបន្តមកវិនិយោគនៅកម្ពុជា។
យ៉ាងណាមិញ ភាគីប្រទេសចិនបង្ហាញពីជំហរក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកទាំងនេះដល់កម្ពុជាទៀតផង។
លោកឡេង តុង បន្ថែមទៀតថា ចិនទាមទារឱ្យកម្ពុជាមានការលើកកម្ពស់លើបញ្ហាទាំងនេះឱ្យបានខ្លាំង ព្រោះបច្ចុប្បន្ន អ្នកវិនិយោគចិនភាគច្រើន វិនិយោគទៅលើវិស័យសំណង់ ដូច្នេះ កម្ពុជា ត្រូវតែធានាលើសុវត្តិភាព អ្នកវិនិយោគ និយោជក និងនិយោជិតរបស់ចិន។
គួររំលឹកផងដែរថា កាលពីកន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទោះបីជាអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាយ៉ាងណាក៏ដោយ កម្ពុជាអាចរៀនរស់ជាមួយប្រទេសមហាអំណាចផ្សេងទៀតដូចជា ចិន ជប៉ុន និងរុស្ស៊ីជាដើម។
យ៉ាងណាមិញ ទំហំវិនិយោគរបស់ចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ប៊ីលានដុល្លារអាមេរិក ឬស្មើ ២៧ភាគរយ នៃវិនិយោគបរទេសសរុប ដែលចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិក៕