អ្នកស្លាប់បានកើនឡើង ១២៦នាក់ ខណៈរាប់សិបនាក់ទៀត ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន ហើយជាង ២លាននាក់ទៀតរងគ្រោះដោយសារភ្លៀងដ៏ជោគជាំនៅភាគខាងលិចប្រទេសជប៉ុនដែលផ្ទុះឡើងកាលពីថ្ងៃសៅរទី៧កក្កដា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន BBC Newsដែលចុះផ្សាយនៅថ្ងៃអង្គារ ទី១០ កក្កដានេះ។
BBC News បានរាយការណ៍ថា អាជ្ញាធរប្រទេសជប៉ុនបានចេញបញ្ជាឲ្យពលរដ្ឋជាង ៤លាននាក់ ចេញពីតំបន់មួយចំនួននៅទីក្រុងឃ្យូតូ ខណៈទីក្រុងបុរាណមួយនេះរងភ្លៀងធ្លាក់ជោគជាំចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដែលបង្កឲ្យបាក់ដី និងទឹកជំនន់លិចផ្ទះសម្បែង ហើយហូរកួចយករថយន្តរាប់ម៉ឺនគ្រឿង។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្ដីប្រកាសព្រមានអំពីជំនន់ទឹកភ្លៀង និងការរអិលបាក់ដីដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននៅក្នុងរយៈពេល ៥០ឆ្នាំមកនេះ។
ចាប់តាំងពីរដូវភ្លៀងចាប់ធ្លាក់ យ៉ាងតិចទីក្រុង ចំនួន៩៣ នៅប្រទេសជប៉ុនបានជន់លិច ។
នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់បើធៀបនឹងឆ្នាំកន្លងមក។ លោកបានសម្រេចលុបចោលការធ្វើដំណើរទៅបរទេស ដោយសារតែ ហេតុការណ៍នេះ។ កាលពីខែ សីហា ឆ្នាំ២០១៤ ជំនន់ទឹកភ្លៀងដ៏អាក្រក់ដូចនេះដែរ បានកើតឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសម្លាប់មនុស្ស ៧៧នាក់ បង្កឲ្យបាក់ដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន យ៉ាងច្រើន៕